គណៈប្រតិភូអាមេរិកទស្សនកិច្ចនៅហៃទី ក្រោយប្រទេសនេះស្នើសុំជំនួយទ័ពបន្ទាន់ពីប្រធានាធិបតីរបស់ខ្លួនត្រូវបានគេធ្វើឃាត

ព័រអូប្រាំង​៖ ​​ប្រធានាធិបតី​អាមេរិក​លោក​ Joe ​Biden ​បាន​បញ្ជូន​​មន្រ្តីគណៈ​ប្រតិភូរបស់​​ខ្លួន​​ទៅ​ប្រទេស​​ហៃទី​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ១១ ​កក្កដា ​បន្ទាប់​ពី​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ​ បាន​ស្នើ​សុំ​ជំនួយ​សន្តិសុខ​ និងការ​ស៊ើប​អង្កេត​​ពី​សហរដ្ឋ​អាមេរិក​​រួម​មាន​ទាំង​កង​កម្លាំង​យោធា​ ក្រោយ​​​​ប្រធានា​ធិបតីលោក​ ​Jovenel ​Moïse ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​សប្ដាហ៍​មុន​។​

​យោង​តាម​មន្រ្តី​របស់​ហៃទី​ គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​​ដែល​រួម​មាន​មន្រ្តី​មក​ពី​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​សេតវិមាន​ ក្រសួង​ការ​បរទេស​ នាយកដ្ឋាន​យុត្តិធម៌​ និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ បាន​ជួប​ជាមួយ​នឹង​អ្នក​នយោបាយ​ប្រចាំ​ប្រទេស​សំខាន់​ៗ​ចំនួន​ ៣​ ​រូប​ដែល​កំពុង​ពុះពារ​គ្រប់គ្រង​រដ្ឋាភិបាល​ហៃទី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ​Miami ​Herald ​។​

កាល​ពី​​ថ្ងៃ​​សៅរ៍​ ទី​១០​ កក្កដា​ ​រដ្ឋាភិបាល​​​បណ្តោះ​​​អាសន្ន​​​​​ហៃទី​ បាន​ផ្ញើរ​លិខិតចំនួន​​ពីរ​ច្បាប់​ ​មួយ​ទៅ​សហរដ្ឋ​​អាមេរិក​​ និង​មួយទៀត​​ទៅ​​អង្គការ​​សហ​​​ប្រជា​ជាតិ​ ស្នើ​​សុំ​​ជំនួយ​ដាក់​​ពង្រាយ​​កង​​ទ័ព ​​ដើម្បី​​ការពារ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​សំខាន់​ៗ​​ ខណៈ​​ដែល​​ខ្លួន​​ព្យាយាម​​ធ្វើ​​ឱ្យ​​ប្រទេស​​មាន​​ស្ថេរភាព​​ និង​​ត្រៀម​​រៀប​​ចំ​​​ការ​​បោះឆ្នោត​​ ដោយ​ហេតុ​ថា​​កម្លាំង​​ប៉ូលីស​​ក្នុង​​តំបន់​​ខ្សោយ​​ និង​​ខ្វះ​​ធន​​ធាន​​។​

​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​អាមេរិក​បាន​និយាយ​ថា​ ក្រុម​គណៈ​ប្រតិភូ​នឹង​ធ្វើ​សេចក្តី​សង្ខេប​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​នៅ​ពេល​វិល​ត្រឡប់​ទៅ​​ក្រុង​វ៉ាស៊ីនតោន​វិញ​ ខណៈ​ដែល​សេត​វិមាន​បាន​និយាយ​ថា​ ខ្លួន​នឹង​ពិចារណា​ពី​របៀប​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ជុំវិញ​ការ​ពង្រាយ​កង​ទ័ព​លើ​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​មួយ​នេះ​។

​​សេត​វិមាន​ក៏​បាន​​បញ្ជូន​មន្ត្រី ​FBI​ និង​មន្រ្តី​សន្តិសុខ​មាតុភូមិ​កាល​ពី​សប្ដាហ៍​មុន​ ​ឱ្យ​ជួយ​ស៊ើប​អង្កេត​​ការ​វាយ​ប្រហារ​ដោយ​ទាហាន​ស៊ី​ឈ្នួល​បរទេស​ចំនួន​ ២៨ ​នាក់​​ ដែល​សម្លាប់​ប្រធានាធិបតី​អាយុ​ ៥៣​ លោក​ Moïse​ នៅ​នឹង​ផ្ទះ​ និង​ធ្វើ​ឱ្យ​ភរិយា​​លោក​ស្រី ​Martine​ Moïse​ រង​របួស​រហូត​​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​សហរដ្ឋ​អាមេរិក​។​    

បច្ចុប្បន្ន ​រដ្ឋបាល​លោក ​Biden​ កំពុង​ធ្វើ​ការ​ជាមួយ​លោក ​Claude ​Joseph​ ជា​នាយក​រដ្ឋ​មន្រ្តី​ស្តីទី​។​​ យ៉ាង​ណា​មិញ​លោក​ Ariel​ Henry ​ដែល​ត្រូវ​បាន​លោក​ Moïse​ តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្តី​​មុន​ពេល​​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ កំពុង​អះអាង​ថា​លោក​គឺ​ជា​ប្រមុខ​រដ្ឋាភិបាល​។​ ក្រៅ​ពី​នេះ​ផ្សេង​ទៀត​ ប្រធាន​ព្រឹទ្ធ​សភា​បច្ចុប្បន្ន​ ​លោក ​Joseph ​Lambert​ ដែល​ធ្លាប់​និយាយ​ថា​ខ្លួន​មិន​​ចាប់​​អារម្មណ៍​​នឹង​​​អំណាច​នោះ​ ឥឡូវ​នេះ​ក៏​ជា​អ្នក​នយោបាយ​ដែល​កំពុង​ស៊ក​​ខ្លួន​ចូល​នៅ​ក្នុង​បញ្ហា​នយោបាយ​ផ្កាប់​ចាក់​របស់​ហៃទី​ដែរ​។​

​​លោក​ Lambert​ ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ដទៃ​ទៀត​ ប៉ុន្តែ​សេចក្តី​ប្រកាស​ស្បថ​ចូល​កាន់​តំណែង​​នេះ​ត្រូវ​បាន​បញ្ឈប់​ទៅ​វិញ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​

​មុន​ពេល​ជួប​ជាមួយ​ប្រតិភូ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ Lambert​ បាននិយាយ​ថា អាណត្តិ​របស់​លោក​ Joseph ​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អតីត​ប្រធានាធិបតី​កាល​ពី​ខែ​មេសា ​គួរ​តែ​ផុត​កំណត់​ហើយ​។​ ​  លោក​និយាយ​ថា​៖ ​«​ប្រសិន​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​អាណត្តិ ​៣០​ ថ្ងៃ​របស់​លោក​ Joseph​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី​ស្តី​ទី​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ​»​។​

​លោក ​Joseph ​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​លោក​ស្វាគមន៍​ការ​មក​ដល់​នៃ​គណៈ​ប្រតិភូ​ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​បំផុត​ គឺ​ចម្លើយ ​និង​អនាគត​របស់​ហៃទី​។​ លោក​និយាយ​ថា​៖​ ​«​ការ​បោះឆ្នោត​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ដំណើរ​ការ​របស់​ស្ថាប័ន​ប្រទេស​ហៃទី​»​។​

សូម​បញ្ជាក់​ថា​ ការ​​បោះ​ឆ្នោត​​ជ្រើស​​តាំង​​សមាជិក​​សភា​​ហៃទី​​គួ​រ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​នៅ​​ក្នុង​​ខែ​​តុលា​​ឆ្នាំ​ ​២០១៩ ​​ប៉ុន្តែ​​​ជម្លោះ​​នានា​​បាន​​ពន្យា​ពេល​​ការ​​ជ្រើស​​តាំង​​នេះ​ ​​ដោយ​​​ឱ្យ​លោក ​Moïse ​បន្ត​កាន់​ដំណែង​ទៀត​តាម​រយៈ​ក្រឹត្យ​ បង្ក​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​។​ កាល​​​ពី​​ខែ​​កុម្ភៈ​​ប្រធានាធិបតី​រូប​នេះ ​បាន​​និយាយ​​ថា​​ ការ​​​ប៉ុន​​ប៉ង​​សម្លាប់​​ ​និង​​ផ្តួល​​រំលំ​​រដ្ឋា​ភិបាល​​របស់​​លោក​​​​​គឺ​​ជា​​រឿង​​ខក​​ជើង​​។​

មក​​ទល់​​នឹង​​ពេល​​នេះ​​ គេ​​មិន​ដឹង​ថា​អ្នក​ណា​ជា​មេក្លោង​ក្រោយ​ការ​វាយ​ប្រហារ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​នោះ​​ទេ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អ្នក​ដែល​ធ្វើ​ផែនការ​វាយប្រហារ​​ទំនង​ជា​មាន​ទំនាក់ទំនង​ជាមួយ​ឧក្រិដ្ឋជន​ដែល​បាន​រីកដុះ​ដាល​នៅ​ចំពេល​មាន​អំពើ​ពុក​រលួយ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​។

យ៉ាង​ណា​មិញ ប៉ូលីស​ប្រទេស​ហៃទី​បាន​និយាយ​ថា​កាល​ពី​ថ្ងៃអាទិត្យ​​ថា​ ខ្លួន​បាន​ឃាត់​ខ្លួន​វេជ្ជ​បណ្ឌិត​ម្នាក់​ឈ្មោះ ​Christian ​Emmanuel​ Sanon​ ដែល​ជា​ជន​សង្ស័យ​សំខាន់​ពាក់ព័ន្ធ​នឹង​ករណី​គៀងគរ​ធ្វើ​ការ​វាយ​ប្រហារ​នេះ​។​

ប្រភព៖ miamiherald, BBC, AP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner