សមត្ថកិច្ចក្របួចបាននាងៗជើងឆើត២នាក់ដែលលួចភ្ញៀវពីផ្សារធម្មជាតិ24
ភ្នំពេញ៖ វិបត្តិសម្រាប់អ្នកលក់អនឡាញបច្ចុប្បន្នគឺការលួចភ្ញៀវតាមរយៈការយកលេខទូរស័ព្ទដែលភ្ញៀវទម្លាក់នៅលើការ Live ហើយទាក់ទងយកទំនិញខ្លួនឯងទៅជូនភ្ញៀវរហូតធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស និងបង្កើតឲ្យមានការយល់ខុសនិងលេចភាពចម្រូងចម្រាសរវាងអ្នកលក់ និងអ្នកទិញថែមទៀតផង។ ទីបំផុតនាងៗជើងឆើតពីររូបត្រូវបានសមត្ថិកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរភ្លាមទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 ដែលគេស្គាល់ថាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាពល្បីឈ្មោះនោះ។
ការចាប់ខ្លួននារីទាំងពីរនាក់នេះគេដឹងថាត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់អាជីវកម្មផ្សារធម្មជាតិ24ផ្ទាល់។ សមត្ថកិច្ចមន្ត្រីជំនាញបានឃាត់ខ្លួននារីពីរនាក់ខាងលើ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះនៅលំនៅដ្ឋានពួកគេនាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នារីទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកលេខទូរស័ព្ទដែលអតិថិជនបានទម្លាក់បញ្ជាទិញផលិតផលលើការLive របស់ផ្សារធម្មជាតិ24 ហើយទាក់ទងយកទំនិញរបស់ខ្លួនឯងទៅឲ្យអតិថិជន និងទទួលយកប្រាក់ពីអតិថិជន។ ក្រោយប្រមូលបានភស្តុតាងសមត្ថកិច្ចជំនាញបានធ្វើការចុះចាប់នារីទាំង២រូបខាងលើដល់លំដ្ឋាននិងបានបញ្ចូនមកសាកសួរនៅប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសាកសួរ។នារីដែលត្រូវបានចាប់ឃាត់ខ្លួនទី១ឈ្មោះ គសគ មានមុខរបរជាអ្នកលក់អនឡាញ និងទី២ជាភេទទី៣ជាអ្នកដឹកជញ្ជូន។
ប្រភពបង្ហើបថា ក្រុមជើងឆើតទាំងពីរខាងលើមានPage គណនីយហ្វេសប៊ុកលក់ខ្លួនឯងផងនិងគណនីក្លែងក្លាយមួយចំនួនទៀតដើម្បីទំនាក់ទំនងទៅកាន់ភ្ញៀវ។ ទោះជាមានល្បិចស្មោកគ្រោកទាំងនេះត្រូវបានអស់លក្ខណ៍ហើយ។ មិនទាន់មានការបញ្ជាក់អំពីទំហំទឹកប្រាក់ដែលម្ចាស់អាជីវកម្មខាងលើបានខាតបង់នៅឡើយទេ ក៏មិនមានការបញ្ជាក់ លម្អិតអំពីល្បិចឆបោកនេះពីមន្ត្រីសមត្ថកិច្ចនៅឡើយទេ ប៉ុន្តែបើយោងតាមការទម្លាយពីប្រភពដែលអាចទុកចិត្តបានបានលើកឡើងថា ជនខិលខូចទាំង២បានយកលេខទូរស័ព្ទ និងទីតាំងពីការLiveលក់ផលិតផលកសិផលរបស់ផ្សារធម្មជាតិ24 ដើម្បីទាក់ទងទៅអតិថិជននោះ និងបានដឹកប្រភេទទំនិញដែលភ្ញៀវបញ្ជាទិញយកទៅឲ្យប៉ុន្តែដោយសារទំនិញគ្មានគុណភាពព្រើតែផ្លែឈើដែលបានបុគ្គលខាងលើយកទៅឲ្យភ្ញៀវគឺជាទំនិញគ្មានគុណភាពទើបភ្ញៀវចាប់ចង់ប្តូររហូតលេចធ្លាយដំណឹងមកដល់ម្ចាស់អាជីវកម្មផ្ទាល់រហូតទទួលបានការសហការពីអតិថិជនកំណត់មុខសញ្ញា និងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងចាប់ផ្តើមបានភ្លាមៗ។
ទោះជាយ៉ាងណករណីស្រដៀងគ្នានេះធ្លាប់បានកើតមានឡើងជាហូរហែរសម្រាប់អ្នកលក់អនឡាញនានាដែលត្រូវបានជនខិលខូចលួចបន្លំយកអតិថិជន រហូតរហូតធ្វើឲ្យម្ចាស់អាជីវកម្មពិតប្រាកដបាត់បង់កិត្តិយស បាត់បង់ទំនុកចិត្តពីអតិថិជន និងខាតបង់ចំណូលរាប់ពាន់រហូតរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃក៏មាន។
ទោះជាយ៉ាងណាដោយសារតែមានការយោគយល់អធ្យាស្រ័យ ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានត្រឹមធ្វើការព្រមានឲ្យបញ្ចប់សកម្មភាពទាំងនេះ និងដោយទឹកចិត្តសណ្តោសប្រណីដោយគ្រាន់តែជាការឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពដូចនេះបន្តទៀត។ គួរបញ្ជាក់ដែរថា ផ្សារធម្មជាតិ24គឺជាផ្សារមានឈ្មោះល្បីលើការលក់ចំណីអាហារ និងផលិតផលកសិផលធម្មជាតិ សុវត្ថិភាព។
ទោះជាយ៉ាងណានេះគឺជាករណីនៃចំណាត់ការព្រមានទាំងស្ងប់ស្ងាត់លើកដំបូងរបស់ម្ចាស់អាជីវកម្មតែប៉ុណ្ណោះដែលជាសារព្រមានទៅដល់ជនខិតខូចមួយចំនួនទៀតដើម្បីបញ្ចប់សកម្មភាពបោកប្រាស់ និងអំពើទុច្ចរិតងាកមកប្រកបរបស់សុច្ចរិតត្រឹមត្រូវ មុនពេលខ្លួនត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ និងផ្តន្ទាទោសតាមផ្លូវច្បាប់នោះ៕ ដោយ៖ គ្រី សម្បត្តិ