កូវីដ-១៩នៅសហរដ្ឋអាមេរិក កើនឡើងទ្វេដងនៅ ៣សប្ដាហ៍ចុងក្រោយ
ករណីកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងជាថ្មីម្តងទៀតក្រោយធ្លាក់ចុះអស់ជាច្រើនខែមក ដោយចំនួនករណីវិជ្ជមានថ្មីក្នុងមួយថ្ងៃបានកើនឡើងទ្វេដងក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Association Press ការកើនឡើងនេះគឺដោយសារតែការឆ្លងយ៉ាងរហ័សរបស់វ៉ារ្យ៉ង់ដែលតា អត្រាវ៉ាក់សាំងទាប និងការប្រមូលផ្ដុំគ្នាកាលពីថ្ងៃបុណ្យឯករាជ្យជាតិ ៤ កក្កដា។
យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ករណីវិជ្ជមានកើនជាមធ្យមប្រហែល ២៣ ៦០០ ករណីក្នុងមួយថ្ងៃកាលពីថ្ងៃចន្ទ ឡើងពី ១១ ៣០០ ករណីនៅថ្ងៃទី ២៣ ខែមិថុនា ហើយមានតែរដ្ឋ Maine និងរដ្ឋ South Dakota ប៉ុណ្ណេះដែលករណីឆ្លងហក់ឡើងនៅពីសប្ដាហ៍ចុងក្រោយ។
មកទល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុបជាង ៣៤,៨ លានករណី ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៦,២៣ សែនករណី ដែលជាតួរលេខខ្ពស់ជាងគេបំផុតទីមួយរបស់ពិភពលោក។
ជាមួយគ្នានេះដែរ ទិន្នន័យរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានបង្ហាញថា ៥៥,៦ ភាគរយនៃប្រជាជនអាមេរិកាំងសរុបបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ខណៈជាង ៤៨ ភាគរយបានទទួលវ៉ាក់សាំងពេញលេញ។
យ៉ាងណាមិញ អត្រាវ៉ាក់សាំងនៃក្រុមមនុស្សវ័យក្មេងនៅតែទាប បើទោះបីជារដ្ឋបាលលោកបៃដិនទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងជនជាតិអាមេរិកាំងដែលមានវ័យចំណាស់ក៏ដោយ ខណៈដែលលោកប្រធានាធិបតី ចូ បៃដិន កំពុងខ្នះខ្នែងបង្កើតយុទ្ធនាការផ្សេងៗដើម្បីជំរុញឱ្យយុវជនទទួលវ៉ាក់សាំង។



ប្រភព៖ AP