តើអ្វីទៅជា «វិបត្តិជំងឺផ្សិតខ្មៅ» នៅឥណ្ឌា?

ប្រទេស​ឥណ្ឌា បាន​រក​​ករណី​«ជំងឺ​ផ្សិត​ខ្មៅ» (black fungus) ជាង ៤៥.០០០ ករណីក្នុងរយៈពេល ២ ខែចុង​ក្រោយ​នេះ​។​នេះ​បើ​តាម​ឱ្យ​ដឹងពី រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាគឺ លោក Bharati Pravin Pawar ដោយក្នុង​នោះ​មនុស្ស​ជាង​ ៤.២០០ នាក់ បាន​ស្លាប់ដោយសារជំងឺផ្សិតខ្មៅ ឬ mucormycosis នេះ​។

ករណីឆ្ល​ងនេះ​ ពីមុន​ត្រូវបានគេចាត់ទុកថា​ជាករណី​កម្រ​ ប៉ុន្តែ​ទើប​ផ្ទុះឡើ​ង​ក្នុងកំឡុង​ពេល​រីក​រាល​ដាលជំងឺកូវីដ១៩នេះ​ ពោល​លើ​អ្នក​ជំងឺ​ ដែល​ជាសះស្បើយពី​កូវីដ​១៩​​​។ វា​គឺ​ជា​ជំងឺ​កាចសាហាវ កើតមក​ពី​ក្រុម​ផ្សិត​ ដែល​បណ្តាល​ឱ្យ​មាន​ពង​បែក ហើម និង​ដំបៅ​ផងដែរ​។

គ្រូពេទ្យ ត្រូវ​បង្ខំ​ចិត្ត​វះកាត់​ ភ្នែក ច្រមុះ និងថ្គា​ម ចេញ​​ពីអ្នកជំងឺ ដែល​ឆ្លងមេរោគនេះរួច ដើម្បីរារាំងកុំឱ្យរីក​ រាល​ដាល​ដល់ខួ​រក្បាល ហើយ​មាន​អត្រាមរណភាព​​ខ្ពស់ជា​ង​ ៥០ ភាគរយ។ ហើយ​បើ​យោង​តាម​ទិន្នន័យ​របស់​​រដ្ឋា​ភិបាល​ ​​រដ្ឋ​ភាគខាងលិចនៃ​រដ្ឋ Maharashtra បានរក​ឃើញ​ករណីផ្សិត​ខ្មៅ​នេះ​ចំនួន ៩.៣៤៨ ករណី​ ដែល​ជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេស​។

ជំងឺ​ផ្សិតខ្មៅនេះទៀតសោត បាន​ក្លាយ​ទៅ​ជា​ទី​ ២ ​របស់ឥណ្ឌា​ បន្ទាប់​ពី​វិបត្តិកូវីដ​១៩ ។ ឆ្នាំមុន កម្រិត​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​កម្រ​​ណាស់​នៅឥណ្ឌា ទោះបី​ជាករណីក្នុង​ប្រទេស​នេះ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​អភិវឌ្ឍន៍​ជាង​ ៨០ ដង​ក៏ដោយ។

ជំងឺ​នេះ​បណ្តាល​មក​ពីពពួក​ផ្សិត​ mucormycetes ជាប្រភេទនៃផ្សិត​ ដែល​មនុស្ស​ប៉ះ​ពាល់​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ ដែល​ប្រព័ន្ធភាពស៊ាំរបស់​បុគ្គល​នោះ​ ត្រូវ​បាន​ចុះខ្សោយដោយសារជំងឺកូវីដ ហើយ​បុគ្គលនោះ​នឹង​ប្រឈម​នឹង​ការ​ឆ្លងមេរោគនេះ​។ ប្រសិនបើ អ្នកជំងឺ​មិន​បាន​យក​ទៅ​ព្យា​បាល​ទាន់ពេលវេលានោះទេ ជំងឺ​នេះ​ អាចបណ្តាល​ឱ្យ​ខូច​មុខមាត់ បាត់បង់ចក្ខុវិស័យ និង​ស្លាប់​ (អត្រាមរណភាពច្រើន​ជាង ៥០%)​។

យោងតាមវេជ្ជបណ្ឌិតនានា បានអោយដឹងថា មានកត្តាជាច្រើន​នៅ​ពីក្រោយ​ការកើនឡើង​នៃករណី​ជំងឺ​ផ្សិត​ខ្មៅ​នេះ​។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល​មកពី​ក្រុមការងារ Tasid របស់ប្រទេសឥណ្ឌា និងវិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រឥណ្ឌា បាន​និយាយថាការប្រើប្រាស់ថ្នាំ steroids ច្រើនពេកក្នុងការព្យាបាលកូវីដ១៩ បានលុ​បបំបាត់ប្រព័​ន្ធភាពស៊ាំរបស់អ្នកជំងឺ និ​ងធ្វើ​ឱ្យពួកគេងាយប្រឈមនឹង​ការវាយលុក​នៃ​មេរោគ​ផ្សិត​នេះ​។

នៅប្រទេសឥណ្ឌា ថ្នាំ steroids អាច​ត្រូវបា​នចេញវេជ្ជបញ្ជាដល់​អ្នក​ជំងឺកូវីដ ដែល​មានកម្រិត​​មធ្យម​ និងធ្ងន់ធ្ងរ​ប៉ុណ្ណោះ ទោះបីជាគោលការណ៍ណែនាំចុងក្រោយបង្អស់ ដែលត្រូ​វ​បានចេញ​ផ្សាយ​ក្នុង​ខែ​ ឧសភា បាន​ណែនាំឱ្យ​ប្រើប្រាស់​ថ្នាំនេះ​ ដោយ​ «ការវិនិច្ឆ័យត្រឹមត្រូវ» ដើម្បីការពារ​ និងកុំ​ឱ្យ​ប្រឈម​នឹង​ការ​ឆ្លង​នៃ​ផ្សិត​ mucormycosis ក៏ដោយ។

វេជ្ជបណ្ឌិតខ្លះ ក៏មានការសង្ស័យថា កង្វះអុកស៊ីសែនកម្រិត​​វេជ្ជសាស្ត្រ​ ក៏អាច​ដើរតួយ៉ាងសំខាន់​ដែរ ដោយ​លើក​ហេតុផលថា​ កម្រិ​តអុកស៊ីសែនទាប​ និង​យូរ អា​ចធ្វើឱ្យ​អ្នកជំងឺងាយ​នឹង​ឆ្លងមេរោគ​នេះ​។

យ៉ាងណាមិញ ចំនួនករណី​ជំងឺ​ផ្សិតខ្មៅ (black fungus) ​នៅ​ឥណ្ឌា​បច្ចុប្បន្ន​ មានចំនួនខ្ពស់ជាង​កំឡុងពេល​​ប្រទេស​នេះ​ប្រឈម​នឹងរលក​ទី​ ១ កាលពី​ពេលថ្មីនេះ​ ហើយ​វា​អាច​បណ្តាលមកពីការរីករាលដាល​យ៉ាង​ឆាប់​រហ័ស​​នៃវ៉ារ្យ៉ង់​ Delta​ ក្នុង​រលក​ក្រោយ​នេះ​។

គួរបញ្ជាក់ផងដែរថា ជំងឺទឹ​ក​នោមផ្អែម​ (កម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់) ជាលក្ខខណ្ឌ​ដ៏ល្អ​ឥត​ខ្ចោះ​សម្រាប់​ផ្សិតទាំង​នេះ​រស់​នៅ​​។ នៅក្នុងប្រទេសឥណ្ឌា មនុស្សយ៉ាងហោច​ ៧៧ លាននាក់​ មាន​ជំងឺ​ទឹ​ក​នោម​ផ្អែម​ (គិតត្រឹមឆ្នាំ ២០១៩ ស្ថិត​ក្នុង​លំដាប់ទី ២ បន្ទាប់​ពីប្រទេសចិន ដែលមានចំនួន ១១៦ លាននាក់)។ នេះ​បើ​យោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដែល​ពន្យល់​ពី​មូលហេតុ​ ដែល​ករណី​ជំងឺ​ផ្សិតខ្មៅនៅ​ឥណ្ឌាកើន​ឡើង​ខ្ពស់។

បើ​យោងតាមក្រសួងសុខាភិបាលដដែល​បាន​ឱ្យដឹងថា ករណីជាច្រើនបានកើតឡើង​នៅក្នុ​ង​ប្រទេស​ឥណ្ឌា​ ហើយ​ករណី​មួយចំនួន តូ​ចត្រូវបានគេរកឃើញនៅប្រទេស​ផ្សេងទៀត រួមមាន នេប៉ាល់ អាហ្វហ្គានីស្ថាន អេហ្ស៊ីប និង​អូម៉ង់ផងដែរ​។

អង្គការសុខភាពពិភពលោក(WHO) បាន និយាយថា ចំនួន​ករណីជំងឺ​ទឹកនោមផ្អែម​ កំពុង​តែ​កើនឡើង​យ៉ាង​លឿននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ជា​ជាង​ប្រទេស ដែលមាន​ប្រាក់​ចំណូល​​ខ្ពស់។ គួបផ្សំនឹងការកើនឡើងនៃករណីកូវីដផងនោះ  វេជ្ជបណ្ឌិតនានា បាន​ព្យាករណ៍ថា​ ជំងឺ​ផ្សិត​ខ្មៅ​នេះ​ នឹ​ងក្លាយជារឿងធម្មតានៅទូទាំងពិ​ភពលោក។

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner