ភាពតានតឹងរវាងចិន និងអាមេរិកបន្តកើតមាន អំឡុងទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីអាមេរិកទៅកាន់ប្រទេសចិន

ភាព​តាន​តឹង​រវាង​ចិន និង​សហរដ្ឋអាមេរិក​នៅ​បន្ត​កើត​មាន​ក្នុង​ អំឡុង​ពេល​ដែល​លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ធានជីន (Tianjin) ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី២៥-២៦ ខែ​កក្កដា​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​អាទិត្យ​លោកស្រី Sherman បាន​ចូល​ជួប​ជាមួយ​ លោក Xie Feng អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ទទួល​បន្ទុក​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​។ សារព័ត៌មាន Reuters បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ទាំង​ពីរ​ប្រព្រឹត្ត​រយៈពេល​រហូត​ដល់​ទៅ​ ៤ម៉ោង។ នៅ​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​បន្ទាប់ លោកស្រី​អនុរដ្ឋមន្ត្រី​បាន​ជួប​ជាមួយ​នឹង​លោក Wang Yi ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន។

ក្នុង​ជំនួប​ទាំង​ពីរ​នេះ មិន​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន ឬ សេចក្ដី​ថ្លែងការណ៍​រួម​ណា​មួយ​ ដែល​ស​បញ្ជាក់​អំពី​ចំណុច​ព្រមព្រៀង​គ្នា​ណា​មួយ​នោះ​ទេ ហើយ​ភាគី​អាមេរិក និង​ភាគី​ចិន​បាន​ធ្វើ​សន្និសីទ​កាសែត​ដាច​ដោយ​ឡែក​ពី​គ្នា​។ ទោះ​ជា​មាន​ការ​ចុះ​ផ្សាយ​ផ្សេងៗ​គ្នា​យ៉ាង​ណា​ក្ដី ទាំង​ចិន និង​អាមេរិក​បាន​រំលេច​ឱ្យ​ឃើញ​ថា ជំនួប​រវាង​ភាគី​ទាំង​ពីរ​មាន​លក្ខណៈ​ត្រង់​ៗ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភាគី​ទាំង​ពីរ​នៅ​តែ​ឱ្យ​តម្លៃ​លើ​ការ​ពិភាក្សា និង​ការ​ទាក់ទង​គ្នា​។

ក្រោយ​ពី​បញ្ចប់​ជំនួប​រវាង​លោក Xie Feng និង​លោកស្រី Sherman កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រសួង​ការបរទេស​ចិន​បាន​ចេញ​សេចក្ដី​សង្ខេប​ព័ត៌មាន​ចំនួន ៦​អត្ថបទ​ផ្សេង​គ្នា​ភ្លាមៗ​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​អត្ថបទ​ទាំង​ ៦នោះ ​ឆ្លុះ​បញ្ចាំង​អំពី​ការ​លើកឡើង​របស់​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​ប្រាប់​ទៅ​កាន់​អាមេរិក។

ការ​លើកឡើង​របស់​លោក Xie ច្រើន​តែ​បង្ហាញ​ពី​រឿង​មិន​សប្បាយ​ចិត្ត​របស់​ចិន ចំពោះ​សកម្មភាព​អាមេរិក។ ក្នុង​នោះ​ដែរ លោក Xie បាន​លើកឡើង​ថា «ទំនាក់ទំនង​ចិន-សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​សភាព​ទាល់ច្រក​ ដោយសារ​តែ​មូលហេតុ​ចម្បង​បំផុត​នោះ​គឺ ប្រជាជន​អាមេរិក​ចាត់​ទុក​ចិន​ជា “សត្រូវ​ស្រមើស្រមៃ”»។ ក្រៅ​ពី​ការ​វាយប្រហារ​ជា​ពាក្យ​សម្ដី​ទៅ​កាន់​អាមេរិក ​អនុ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ដាក់​បញ្ជី​នៃ​ការ​ទាម​ទារ​ទៅ​កាន់​លោកស្រី​អនុ​រដ្ឋមន្ត្រី​អាមេរិក​ចំនួន ២ផ្សេង​គ្នា​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Xinhua។

បញ្ជី​ទី​មួយ​គឺ បញ្ជី​នៃ​ទង្វើ​អាក្រក់​របស់​អាមេរិក ដែល​ត្រូវ​តែ​បញ្ឈប់​។ ក្នុង​បញ្ជី​នេះ​ចិន ជំរុញ​ឱ្យ​អាមេរិក​ទម្លាក់​ចោល​ដោយ​ឥត​លក្ខខណ្ឌ​នូវ​ការ​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​ទិដ្ឋាការ (Visa) អាមេរិក​ទៅ​ឱ្យ​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន ទម្លាក់​ចោល​នូវ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ថ្នាក់ដឹកនាំ​ មន្ត្រី និង​អង្គភាព/ស្ថាប័ន​ចិន​នានា ក៏​ដូច​ជា​លុប​ចោល​នូវ​ការ​រឹតត្បិត​ការ​ផ្ដល់​ទិដ្ឋាការ​ទៅ​ឱ្យ​និស្សិត​របស់​ចិន។

បន្ថែម​ពី​លើ​នេះ​ទៀត ចិន​ក៏​ជំរុញ​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សហគ្រាស​របស់​ចិន និង​ស្ថាប័ន​របស់​ចិន​ដូច​ជា វិទ្យាស្ថាន​ខុងជឺ ព្រម​ទាំង​ទីភ្នាក់ងារ​សារព័ត៌មាន​នានា​របស់​ចិន។ នៅ​ក្នុង​ករណី​នេះ ចិន​ក៏​ស្នើ​ឱ្យ​អាមេរិក​បញ្ឈប់​នូវ​ការ​យាយី​ទៅ​លើ​លោកស្រី Meng Wanzhou នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់ Huawei ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កាណាដា។

បញ្ជី​ទី​ពីរ​គឺ បញ្ជី​ដែល​ចិន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន ដែល​មាន​ដូច​ជា បញ្ហា​ដែល​អាមេរិក​បដិសេធ​សំណើ​ស្នើ​សុំ​វីសា​របស់​និស្សិត​ចិន បញ្ហា​ដែល​បេសកកម្ម​ការ​ទូត និង​កុងស៊ុល​ចិន​ទទួល​រង​ការ​យាយី​ពី​មនុស្ស​មួយ​ចំនួន​នៅ​អាមេរិក បញ្ហា​រើស​អើង​ជាតិ​សាសន៍​អាស៊ី​ និង​រឿង​ដែល​ពលរដ្ឋ​ចិន​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​នៅ​សហរដ្ឋអាមេរិក​ជា​ដើម។

លុះ​ដល់​ពេល​ជំនួប​រវាង​លោក Wang Yi និង​លោកស្រី Sherman ជំនួប​ហាក់​បី​ដូច​ជា​នៅ​តានតឹង​ដដែល ប៉ុន្តែ​ភាព​តានតឹង​នៅ​ក្រោម​ប្រធាន​បទ​ផ្សេង។ នៅ​ក្នុង​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ការ​បរទេស​ចិន ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ហាក់​ដូច​ជា​ពិភាក្សា​អំពី​រឿង​សំខាន់​ៗ​នៃ​ស្ថានភាព​ទូទៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

ជាមួយ​គ្នា​នោះ​ លោក Wang Yi ក៏​បាន​ដាក់​ចេញ​នូវ​ការ​ទាមទារ​ចំនួន ៣ របស់​ចិន​ទៅ​កាន់​លោកស្រី Sherman ដែល​ក្នុង​នោះ​មាន​ដូច​ជា (១) សហរដ្ឋអាមេរិក​ដាច់​ខាត​មិន​ត្រូវ​ប៉ុនប៉ង​ក្នុង​ការ​សកម្មភាព​ណា​មួយ​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​បែប​សង្គមនិយម​របស់​ចិន (២) សហរដ្ឋអាមេរិក​មិន​ត្រូវ​ប៉ុនប៉ង​ក្នុង​ការ​បង្អាក់​ការ​អភិវឌ្ឍ​របស់​ចិន​ឡើយ និង​ (៣) សហរដ្ឋអាមេរិក​មិន​ត្រូវ​រំលោភ​បំពាន​អធិបតេយ្យ​ភាព​របស់​ចិន ឬ ធ្វើ​សកម្មភាព​ណា​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​របស់​ចិន​ឡើយ។

ខុស​ប្លែក​ពី​ចិន សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​មាន​លក្ខណៈ​ខ្លី ដោយ​សរុប​ទាំង​អស់​មាន​តែ ៣កថាខណ្ឌ​ប៉ុណ្ណោះ។ ប្រភព​អាមេរិក​បាន​ឱ្យ​ដឹង​ថា លោកស្រី​ Sherman បាន​លើក​យក​​សកម្មភាព​របស់​ចិន ដែល​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​មាន​ក្ដី​ព្រួយ​បារម្ភ។ សកម្មភាព​ទាំង​នោះ​រួម​មាន​បញ្ហា​សិទ្ធិមនុស្ស​នានា​នៅ​តំបន់​ស៊ីនជាំង ទីបេ និង​ហុងកុង ព្រម​ទាំង​សកម្មភាព​របស់​ចិន​នៅ​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូច​ជា​សកម្មភាព​របស់​ចិន​នៅ​តំបន់​តៃវ៉ាន់ សមុទ្រ​ចិន​ខាង​កើត និង​សមុទ្រ​ចិន​ខាង​ត្បូង។ រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ដំណាក់​កាល​ទី​ពីរ​អំពី ប្រភព​នៃ​ជំងឺ​កូវីដ១៩ ក៏​ត្រូវ​បាន​លោកស្រី​អនុរដ្ឋមន្ត្រី​លើក​យក​មក​និយាយ​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​អធិបតេយ្យភាព​កោះ​តៃវ៉ាន់ សារព័ត៌មាន​ចិន Xinhua បាន​ចុះ​ផ្សាយ​ថា លោកស្រី Sherman បាន​បញ្ជាក់​ពី​គោលជំហរ​របស់​សហរដ្ឋអាមេរិក​ថា អាមេរិក​គាំទ្រ​ «គោលនយោបាយ​ចិន​តែ​មួយ» និង​មិន​គាំទ្រ​ទេ​នូវ​គំនិត «តៃវ៉ាន់​ឯករាជ្យ»ទេ​។ ប៉ុន្តែ​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​អាមេរិក មិន​មាន​ចុះ​រឿង​នេះ​នោះ​ទេ។

និយាយ​តាម​ទូរស័ព្ទ​ប្រាប់​សារព័ត៌មាន New York Times លោកស្រី​ Sherman បាន​និយាយ​ថា «យើង​និយាយ​ត្រង់​ៗ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ រឿង​ដែល​មិន​មាន​ជំហរ​ខុស​គ្នា។ ចំពោះ​រឿង​ដែល​មាន​ប្រយោជន៍​រួម យើង​មាន​ការ​ពិភាក្សា​ប្រកប​ដោយ​ស៊ីជម្រៅ ហើយ​ក៏​ចែក​រំលែក​នូវ​គំនិត​មួយ​ចំនួន​ផង​ដែរ»។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ឱ្យ​ដឹង​ថា លោកស្រី​អនុរដ្ឋមន្ត្រី​ក៏​បាន​និយាយ​អំពី​ការងារ​មួយ​ចំនួន ដែល​អាមេរិក និង​ចិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន ដោយ​ក្នុង​នោះ​មាន​ដូច​ជា វិបត្តិ​អាកាសធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ការ​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​អាវុធ ព្រម​ទាំង​បញ្ហា​តំបន់​នានា​ដូច​ជា បញ្ហា​កូរ៉េ​ខាង​ជើង បញ្ហា​អ៊ីរ៉ង់ បញ្ហា​អាហ្វហ្គានីស្ថាន និង​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner