ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ (Video Inside)
ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងមួយសប្ដាហ៍ទៅមុខទៀតនេះ ខណៈពេលដែលកម្ពុជា ទទួល ឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយមរវាងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១០ ខែសីហា, បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ជាពិសេសបណ្តា ខេត្តនៅភាគពាយ័ព្យនិងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃ ទៀតអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ, រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។
ដោយឡែក តំបន់មាត់សមុទ្រ នោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ តាមការព្យាករណ៍ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ នឹងមានរវាងពី៣០ ទៅ៣៤ អង្សាសេ។ ក្រសួងធនធានទឹក បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នចំពោះបាតុ ភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕