មេដឹកនាំហេសបូឡា៖ក្រុមលោកអាចបង្កើនការឆ្លើយតបចំពោះអ៊ីស្រាអែល បន្ទាប់ពីមានការបាញ់បោះទៅវិញទៅមក
កាលពីថ្ងៃសៅរ៍ ទី៧ សីហា មេដឹកនាំក្រុមឧទ្ទាមលីបង់ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ គឺរូបលោក Hassan Nasrallah បាននិយាយថាក្រុមរបស់បានជ្រើសរើសធ្វើការឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើដីវាល ប៉ុន្តែអាចបង្កើនសកម្មភាពរបស់ខ្លួននៅពេលអនាគត។
កាលពីថ្ងៃសុក្រសប្ដាហ៌មុន ក្រុមហេសបូឡាបានធ្វើការបាញ់គ្រាប់រ៉ុកកែតទៅកាន់កងកម្លាំងយោធាអ៊ីស្រាអែល ធ្វើឱ្យអ៊ីស្រាអែលធ្វើការវាយប្រហារឆ្លើយតបនៅលើដែនដីប្រទេសលីបង់វិញ។ ភាគីទាំងសងខាងបានធ្វើការវាយប្រហារទៅលើដីវាល ដែលជាសញ្ញាមួយថាពួកគេមិនចង់បង្កើនការបាញ់បោរទេ។ គ្មានការប៉ះទង្គិចណាមួយត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ទេ ហើយរហូតមកដល់ពេលនេះក៏គ្មានការរាយការណ៍អំពីការស្លាប់ និងរបួសផងដែរ។
នៅក្នុងការថ្លែងសុន្ទរកថាគម្រប់ខួបការបញ្ចប់សង្គ្រាមឆ្នាំ ២០០៦ ជាមួយអ៊ីស្រាអែល លោក Nasrallah និយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅសប្ដាហ៍មុនគឺជា «ការវិវឌ្ឍដ៏គ្រោះថ្នាក់» ដែលមិនធ្លាប់ឃើញក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ហើយក្រុមលោកនឹងឆ្លើយតបដោយ «វិធីសមស្រប និងសមាមាត្រ»។
លោក Nasrallah និយាយថា៖ «កាលពីម្សិលមិញ យើងបានជ្រើសរើសដីវាលនៅក្នុងតំបន់កសិដ្ឋាន Shebaa ដើម្បីផ្ញើសារ និងចាត់វិធានការ ហើយក្រោយមកយើងអាចបង្កើនមួយជំហានទៀត»។
ការបាញ់បោរទៅវិញទៅមកនៅសប្ដាហ៍មុនបានចាប់ផ្ដើមដោយសារការវាយប្រហារមួយចេញពីដែនដីប្រទេសលីបង់នៅលើដែនដីអ៊ីស្រាអែលកាលពីថ្ងៃពុធ ប៉ុន្តែគ្មានក្រុមណាប្រកាសទទួលខុសត្រូវ។ ជាការឆ្លើយតបអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំទៅកាន់ដែនដីលីបង់។
ភាពតានតឹងនៅក្នុងតំបន់នេះកំពុងមានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមានការចោទប្រកាន់ដោយអ៊ីស្រាអែល និងប្រទេសលោកខាងលិចថាអ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿង ធ្វើឱ្យនាវិកពីរនាក់ស្លាប់។ អ៊ីរ៉ង់បានប្រកាសបដិសេធការពាក់ព័ន្ធនឹងការវាយប្រហារនេះ៕

ប្រភព៖ Reuters