អាមេរិកនឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅអាហ្វហ្គានីស្ថាន ដើម្បីបញ្ឈប់ក្រុមតាលីបង់

សហរដ្ឋ​អាមេរិក​​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 ​និង​យន្តហោះ​បាញ់​គ្រាប់​ AC-130​ Spectre ​​ពី​មូល​ដ្ឋាន​អាកាស​នៅ​កាតា​ទៅ​​អាហ្វហ្គានីស្ថាន​ដើម្បី​បញ្ឈប់​ក្រុម​ឧទ្ទាម​តាលីបង់​ ដែល​កំពុង​​ពុះពារ​គ្រប់​គ្រង​ក្រុង​សំខាន់​ៗ​បី​រួម​មាន​ក្រុង​ Kandahar​,  Herat ​ និង​ Lashkar Gah ​។

​​ការ​ផ្លាស់​ប្តូរ​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​កាន់​តែ​អាក្រក់​ទៅ​ៗ​ ខណៈ​ក្រុម​តាលីបង់​ចេះ​តែ​បន្ត​កាន់​កាប់​​ទឹក​ដី​នៅ​ទូទាំង​ប្រទេស​ ក្រោយ​កង​កម្លាំង​អន្តរជាតិ​ដឹក​នាំ​ដោយ​អាមេរិក​ចាប់​ផ្ដើម​ដក​ថយ​កាល​ពី​ដើម​ខែ​ឧសភា​។ ​មន្ទីរបញ្ចកោណ​ប៉ាន់​ស្មាន​ថា​ បច្ចុប្បន្ន​ក្រុម​នេះ​បាន​គ្រប់​គ្រងពាក់​កណ្តាល​នៃ​​ស្រុក​ចំនួន​​ ៤១៩ ​របស់​អាហ្វហ្គានីស្ថាន​។​

​យន្ដហោះ​ប៊ូអ៊ីង​ B-52 ​Stratofortress​ គឺ​ជា​យន្តហោះទម្លាក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​ មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់​បែក​បាន​រហូត​ដល់​ ៣២ ​តោន​។​ ​យន្តហោះ​ប្រភេទ​នេះ​ ត្រូវ​បាន​ប្រើ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​សង្គ្រាម​ត្រជាក់​ និង​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផ្តួល​រំលំ​ក្រុម​តាលីបង់​ពី​អំណាច​នៅ​ចុង​ឆ្នាំ​ ២០០១​។​

​អ្នក​វិភាគ​ផ្នែក​សន្តិសុខ​លោក​ Mohammad ​Hassan ​បាន​ប្រាប់​សារព័ត៌មាន​អារ៉ាប់​ថា​៖​ «​វា​កាន់​តែ​អាក្រក់​ទៅ​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»​។ ​លោក​បន្ត​ថា​៖​ «​ការ​លុប​ចោល​ជើង​ហោះ​ហើរ​ទៅ​កាន់​ក្រុង​ Herat ​និង​ការ​ពិត​ដែល​ថា​អាមេរិក​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ B-52 ​មិន​មែន​ជា​សញ្ញា​ល្អ​នោះ​ទេ​។​ វា​នឹង​បង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ក្នុង​ចំណោម​មនុស្ស​ទូទៅ​ និង​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានការណ៍​»​។​

​​ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ និង​បាញ់​គ្រប់​របស់​អាមេរិក​ចុង​ក្រោយ​នេះ​ ​បង្ហាញ​ថា​ កង​កម្លាំង​អាហ្វហ្កានីស្ថាន​​នៅ​តែ​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​របស់​អាមេរិក​ បើ​ទោះ​បី​រដ្ឋាភិបាល​ធ្លាប់​និយាយ​ថា​ ខ្លួន​អាច​គ្រប់​គ្រង​ប្រទេស​មិន​ឱ្យ​ក្រុម​បះបោរ​ងើប​រួច​ក្ដី​។​

យ៉ាង​ណាមិ​ញ​ ជម្លោះ ​និង​ការ​ប្រយុទ្ធ​គ្នា​ បាន​ធ្វើ​ឱ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​ជាង​ ៤ ​ម៉ឺន​គ្រួសារ​ត្រូវ​ផ្លាស់​ទី​លំនៅ​ រាប់​ចាប់​តាំង​ពី​ខែ​ឧសភា​មក​។​​ នេះ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។​

ប្រភព៖ Business Insider

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner