តៃវ៉ាន់បង្ហាញពីគោលជំហរគាំទ្រ អាណិតអាសូរជនភៀសខ្លួននយោបាយហុងកុង តែមិនមានគោលនយោបាយច្បាស់លាស់
រដ្ឋាភិបាលដែនដីកោះតៃវ៉ាន់ជាគោលការណ៍តែងតែបង្ហាញពីគោលជំហរក្នុងការគាំទ្រជនភៀសខ្លួននយោបាយហុងកុង ដែលប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរហុងកុង បន្ទាប់ពីព្រឹត្តិការណ៍មហាបាតុកម្មប្រឆាំងនឹងការអនុម័តច្បាប់បត្យាប័នអ្នកទោសពីហុងកុងទៅកាន់ចិនដីគោក កាលពីខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
មហាបាតុកម្មដែលអូសបន្លាយជាច្រើនសប្ដាហ៍នៅពេលនោះ ក៏បង្កជាការឆ្លើយតបយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរហុងកុង ហើយជាពិសេសទៅទៀតនោះគឺ រដ្ឋាភិបាលរដ្ឋធានីប៉េកាំងតែម្ដង ដែលបានអនុម័តច្បាប់សន្តិសុខជាតិហុងកុងកាលពីខែមិថុនា ឆ្នាំ២០២០។ ច្បាប់នេះនឹងអនុវត្តទៅលើបុគ្គលរូបណា ដែលអាជ្ញាធរគិតថានឹងប៉ះពាល់ដល់សន្តិសុខជាតិរបស់ដែនដីហុងកុង ក្រោមរូបភាពណាក៏ដោយ។
ព្រឹត្តិការណ៍ដែលកើតឡើងនៅដែនដីហុងកុង ក៏ធ្វើឱ្យមានការខ្វាយខ្វល់ និងយកចិត្តទុកដាក់ទៅដល់អ្នកនៅកោះតៃវ៉ាន់ ដែលនៅឆ្លងសមុទ្រចម្ងាយប្រមាណ ៧១១គីឡូម៉ែត្រ។
ទិដ្ឋភាពបាតុកម្មនៅហុងកុងជាប្រធានបទដ៏សំខាន់មួយក្នុងយុទ្ធនាការនៃការបោះឆ្នោតឆ្នាំ២០២០ របស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលដឹកនាំដោយលោកស្រី Tsai Ing-wen។ លោកស្រី Tsai បានឈ្នះឆ្នោតធ្វើជាប្រធានាធិបតីមួយអាណត្តិហើយកាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ លោកស្រីបានបន្តឈ្នះឆ្នោតតទៅទៀត។
យ៉ាងណាមិញ មានអ្នករស់នៅក្នុងដែនដីតៃវ៉ាន់ខ្លះដូចជាអ្នកនាង Nancy Tao Chen Ying ក៏បានចូលរួមដោយផ្ទាល់នៅក្នុងបាតុកម្មហុងកុងកាលពីឆ្នាំ២០១៩។ រឿងរ៉ាវរបស់អ្នកនាង ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី The New York Times កាលពីខែដើមខែសីហានេះ។
តាមរយៈការចុះផ្សាយរបស់ The New York Times អ្នកនាងសុខចិត្តជិះយន្តហោះទៅចូលរួមបាតុកម្មទាំងនោះ ហើយថែមទាំងជួយសម្របសម្រួលឱ្យសកម្មជនហុងកុង ដែលនិរទេសខ្លួនមកស្នាក់នៅដែនដីតៃវ៉ាន់ ដោយចូលមកដីតៃវ៉ាន់តាមរយៈជើងយន្តហោះ អំឡុងពេលដំបូងៗតាមរយៈទិដ្ឋាការ (វីសា) ទេសចរណ៍ និងក្រោយៗមកទៀតគេចខ្លួនតាមរយៈទូក ដោយមិនមានលិខិតបញ្ជាក់អត្តសញ្ញាណអ្វីនោះឡើយ។
ជាមួយនឹងការកើនឡើងនូវលំហូរអ្នកនិរទេសខ្លួនពីហុងកុង មកកាន់កោះតៃវ៉ាន់ រដ្ឋាភិបាលនៃកោះនេះបានបង្កើតការិយាល័យពិសេសមួយ សម្រាប់ជួយសម្របសម្រួលក្នុងការផ្ដល់ប័ណ្ណស្នាក់នៅ និងប័ណ្ណជ្រកកោនបណ្ដោះអាសន្នមុននឹងទៅប្រទេសទី៣ (អាចជាសហរដ្ឋអាមេរិក ឬ ចក្រភពអង់គ្លេស) ព្រមទាំងតម្រូវការចាំបាច់មួយចំនួន ដល់អ្នកដែលភៀសខ្លួនទាំងអស់នោះ តាមរយៈករណីដោយឡែកៗពីគ្នា។
តាមរយៈការស្ទង់មតិមួយ ដោយព្រឹត្តិបត្រព័ត៌មាន Foreign Policy កាលពីឆ្នាំ២០២០ ប្រជាជនហុងកុងភាគច្រើនចាត់ទុក កោះតៃវ៉ាន់ជាជម្រើសទី១ ក្នុងការគេចចេញពីដែនដីហុងកុង។
ចំណែកឯប្រជាជនតៃវ៉ាន់វិញ ភាគច្រើនក៏គាំទ្រឱ្យអ្នកហុងកុងស្នាក់នៅក្នុងដែនដីរបស់ខ្លួនផងដែរ។ នេះបើតាមការស្ទង់មតិដោយប្រភពខាងលើ នៅក្នុងខែឧសភានេះ។
របាយការណ៍នៃការស្ទង់មតិខាងលើនេះបានពន្យល់ថា ហេតុផលចម្បងដែលនៅពីក្រោយការគាំទ្រជននិរទេសហុងកុងឱ្យមកនៅតៃវ៉ាន់ ដោយសារតែប្រជាជនតៃវ៉ាន់បង្ហាញពី «ក្ដីអាណិតអាសូរ» ចំពោះការតស៊ូរបស់អ្នកហុងកុងទល់នឹងរដ្ឋាភិបាលរដ្ឋធានីប៉េកាំង។ «ពួកគេឃើញថា របបគ្រប់គ្រងបែបផែន ‘ប្រទេសតែមួយ ប្រព័ន្ធពីរ’ ត្រូវបានដួលរលំទៅហើយ ខណៈបែបផែនត្រូវបានចិនជារឿយៗដាក់សំណើទៅកាន់តៃវ៉ាន់ ក្នុងការរួមបញ្ចូលប្រទេសតែមួយ»។ នេះបើតាមការចុះផ្សាយរបស់ Foreign Policy។
អ្នកនាង Nancy បានប្រាប់សារព័ត៌មាន The New York Times ស្រដៀងគ្នានឹងការស្រាវជ្រាវខាងលើនេះថា «សម្រាប់ខ្ញុំ ការពារលទ្ធិប្រជាធិបតេយ្យនៅហុងកុងគឺដូចគ្នានឹងការការពារលទ្ធិប្រជាធិបតេយ្យនៅប្រទេសខ្ញុំដូចគ្នា។ ខ្ញុំមិនអាចឈរអោបដៃមើលលើអ្វីដែលកំពុងកើតឡើងនោះទេ»។
ទោះបីជាអាជ្ញាធរកោះតៃវ៉ាន់បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការជួយទំនុកបម្រុងដល់ជននិរទេសមកពីហុងកុង អ្នកជំនាញ និងអ្នកអង្កេតការណ៍ក្នុងរឿងនេះនៅតែយល់ថា គោលនយោបាយរបស់លោកស្រីប្រធានាធិបតី Tsai ហាក់បីដូចជាមិនតម្លាភាព និងមិនទាន់គ្រប់គ្រាន់គ្រប់ជ្រុងជ្រោយ។
លោក Lev Nachman អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៃសាកលវិទ្យាល័យ Harvard ប្រាប់សារព័ត៌មាន Financial Times ថា «អ្នកមានៗមកហុងកុងអាចចូលតៃវ៉ាន់បានយ៉ាងស្រួល តែអ្នកដែលរងគ្រោះជាងគេគឺ បាតុករ ភាគច្រើនជាសិស្សសាលាក្មេងៗប៉ុណ្ណោះ»។ លោក Nachman ក៏ជាអ្នកដឹកនាំក្នុងការរៀបចំការស្ទង់មតិរបស់ Foreign Policy ផងដែរ។
ខណៈក្នុងច្បាប់ស្ដីពីទំនាក់ទំនងរវាងហុងកុង និងម៉ាកាវរបស់កោះតៃវ៉ាន់ សន្យាថាដោះស្រាយដល់អ្នកនិរទេសនយោបាយតាមរយៈ «ករណីដោយឡែកៗពីគ្នា» លោកស្រី Wang Si នាយកផ្នែកច្បាប់ នៃសមាគមសិទ្ធិមនុស្សតៃវ៉ាន់ លើកឡើងថា ប្រព័ន្ធដំណោះស្រាយនេះមិនមែនជាដំណោះស្រាយរយៈពេលវែង សម្រាប់ប្រជាជនហុងកុង ដែលស្វែងរកសិទ្ធិជ្រកកោននោះទេ។ លោកស្រីក៏ជំរុញឱ្យខាងរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ច្បាស់លាស់ណាមួយ ដើម្បីឱ្យប្រជាជនហុងកុងទាំងនោះធ្វើតាម។ នេះបើតាមការលើកឡើងរបស់លោកស្រីប្រាប់សារព័ត៌មានតៃវ៉ាន់ Central News។
រដ្ឋាភិបាលតៃវ៉ាន់ជារឿយៗបានលើកឡើងថា គោលនយោបាយសម្រាប់អ្នកហុងកុង ដែលខ្លួនបានដាក់ចេញកន្លងមកមានភាពគ្រប់គ្រាន់ហើយ។ ប្រភពមួយចំនួនចុះផ្សាយថា ប្រសិនបើរដ្ឋាភិបាលបើកចំហជាងនេះ ខ្លាចមានក្ដីព្រួយបារម្ភថា ខាងចិនប៉េកាំងបង្កប់ចារកម្មនៅក្នុងជនភៀសខ្លួនមកតៃវ៉ាន់។
បង្ហាញទិន្នន័យ ៥ ខែដំបូងនៃឆ្នាំ២០២១ តៃវ៉ាន់បានអនុញ្ញាតឱ្យអ្នកហុងកុងស្នាក់នៅជាបណ្ដោះអាសន្នចំនួន ៤ពាន់នាក់ ខណៈឆ្នាំ២០២០ មួយឆ្នាំពេញ ខាងតៃវ៉ាន់បានផ្ដល់ប័ណ្ណស្នាក់នៅចំនួន ១០ ៨១៣ ទៅកាន់អ្នកហុងកុង។
អាជ្ញាធររដ្ឋធានីប៉េកាំងតែងតែរិះគន់គោលនយោបាយរបស់គណបក្ស DPP ដែលជាគណបក្សកាន់អំណាចនៅតៃវ៉ាន់ថា មានទំនោរបំបែកទឹកដី។ ខាងចិនដីគោកក៏បញ្ជាក់ជាច្រើនដងដែរថា ចិន និងតៃវ៉ាន់ ជាប្រទេសតែមួយ ហើយប្រឆាំងដាច់ខាតចំពោះគំនិត «តៃវ៉ាន់ឯករាជ្យ»៕

ប្រភព៖ FP