នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ លីបង់ទទួលខុសត្រូវចំពោះការវាយប្រហាររ៉ុកកែត មិនគិតថាបាញ់ដោយហេសបូឡាឬទេ
កាលពីថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយថារដ្ឋាភិបាលប្រទេសលីបង់ត្រូវទទួលខុសត្រូវចំពោះការបាញ់រ៉ុកកែតចូលដែនដីអ៊ីស្រាអែល បើទោះបីជាក្រុមឧទ្ទាមហេសបូឡាជាអ្នកបាញ់ក៏ដោយ។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលលោក Bennett បាននិយាយថា៖ «ប្រទេសលីបង់ និងកងទ័ពលីបង់ត្រូវទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅខាងក្រោយផ្ទះរបស់ខ្លួន»។
ការលើកឡើងរបស់លោក Bennett បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតមួយរវាងអ៊ីស្រាអែល និងហេសបូឡាក្នុងរយៈពេលជាច្រើនឆ្នាំ។ កាលពីសប្ដាហ៍មុនក្រុមគេមិនស្គាល់មួយបានធ្វើការបាញ់រ៉ុកកែតពីដែនដីប្រទេសលីបង់ទៅកាន់ដែនដីប្រទេសអ៊ីស្រាអែល ធ្វើឱ្យអ៊ីស្រាអែលឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។ ឆ្លើយតបនឹងសកម្មភាពរបស់អ៊ីស្រាអែល ក្រុមហេសបូឡាបានបើកការបាញ់រ៉ុកកែតទៅកាន់អ៊ីស្រាអែលវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានធ្វើការអំពាវនាវឱ្យ «គ្រប់ភាគីអនុវត្តការអត់ធ្មត់បំផុត» ដោយនិយាយថាវាមានសារៈសំខាន់សម្រាប់គ្រប់ភាគី « ដើម្បីចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងនាំឱ្យមានការគណនាខុស»។
ប្រទេសលីបង់កំពុងជួបវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នរបស់ខ្លួន ដោយធនាគារពិភពលោកបានពិពណ៌នាថាស្ថិតក្នុងចំណោមអាក្រក់បំផុតដែលពិភពលោកមិនធ្លាប់ឃើញតាំងពីពាក់កណ្ដាលសតវត្សទី១៩៕





ប្រភព៖ AP News