តើចិនមានប្រវត្តិបែបណាក្នុងការកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅស្រុកវិញ?

ការ​កោះហៅ​ឯកអគ្គរដ្ឋ/រាជទូត​ត្រលប់​ទៅ​ស្រុក​វិញ​ ជា​ប្រធាន​បទ​មួយ​នៃ​ការ​ពិភាក្សា​នៅ​លើ​ទំព័រ​កាសែត​ ឬ សារព័ត៌មាន​នានា។ ប្រសិន​បើ​ប្រទេស​មួយ ហៅ​ទូត​របស់​គេ​ទៅ​វិញ មនុស្ស​ជា​ច្រើន​អាច​នឹង​យល់​ថា ប្រទេស​នោះ​អាច​នឹង​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ​ហើយ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ Olivia McCaffrey កាល​ពី​ឆ្នាំ២០១៧ ការ​កោះហៅ​ទូត​ទៅ​ស្រុក​វិញ​អាច​ចូល​ក្នុង​សណ្ឋាន​ចំនួន ៣៖ (១) បញ្ជូន​ជា​សារ​នយោបាយ​ទៅ​កាន់​ប្រទេស​ម្ចាស់​ផ្ទះ អម​ជាមួយ​នឹង​ទណ្ឌកម្ម​នានា​ដូច​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច (២) បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ណា​មួយ តែ​មិន​ដាក់​ទណ្ឌកម្ម​ទៅ​ប្រទេស​ម្ចាស់​ផ្ទះ​ឡើយ និង​ (៣) កោះ​ហៅ​ត្រលប់​ទៅ​វិញ ដោយ​រឿង​ផ្ទៃ​ក្នុង​នានា​ដូច​ជា ផ្លាស់​ប្ដូរ​ទូត ឬ ដាក់​ចេញ​ពី​គោលដៅ​ថ្មី ឬ ក៏​អាច​មាន​ករណី​ទូត​មាន​បញ្ហា​អសកម្ម ឬ ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ។

សម្រាប់​ករណី​ប្រទេស​ចិន​វិញ មហាអំណាច​អាស៊ី​បូព៌ា​មួយ​នេះ​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ទៅ​ស្រុក​វិញ ភាគ​ច្រើន​ដោយសារ​តែ​ប្រទេស​ម្ចាស់​ផ្ទះ​បង្ហាញ​គោលជំហរ ឬ សកម្មភាព​ណា​មួយ​ទោរ​ទៅ​កាន់​ដែនដី​កោះ​តៃវ៉ាន់។ ក្រៅ​ពី​នេះ​ ចិន​ក៏​មាន​ប្រវត្តិ​កោះ​ហៅ​ទូត​របស់​ខ្លួន​ ក្រោម​ហេតុផល​រឿង​ក្នុង​ស្រុក​មួយ​ចំនួន ហើយ​ក៏​ធ្លាប់​បញ្ហា​ដោយ​ផ្ទាល់​ក្នុង​កម្រិត​ណា​មួយ​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ។

ពាក់ព័ន្ធ​រឿង​កោះ​តៃវ៉ាន់ ចិន​តែងតែ​ចាត់​ទុក​កោះ​នេះ​ជា​ដែនដី​របស់​ខ្លួន ហើយ​ប្រកាស​ម្ដង​ហើយ​ ម្ដង​ទៀត​ថា ប្រសិន​បើ​ប្រទេស​ណា​បង្ហាញ​គោលជំហរ​គាំទ្រ «តៃវ៉ាន់​ឯករាជ្យ» ចិន​នឹង​សងសឹក​ទៅ​វិញ​ជា​មិន​ខាន។ ជាក់ស្ដែង​ដូច​ជា​កាល​ពី​ឆ្នាំ១៩៩២ នៅ​ពេល​ដែល​ប្រទេស​ឡាតវី (អឺរ៉ុប​ខាង​កើត) ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​តៃវ៉ាន់​ជា​ផ្លូវការ ចិន​ដីគោក​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ទៅ​ស្រុក​ភ្លាមៗ។

មាន​ច្រើន​ករណី​ទៀត​ ប្រទេស​ម្ចាស់​ផ្ទះ​មិន​បាន​ប្រកាស​ទទួល​ស្គាល់​តៃវ៉ាន់​ទេ​ជា​ផ្លូវការ​នោះ​ទេ តែ​មាន​ទំនាក់ទំនង​ហាក់​ស្និទ្ធ​ខ្លាំង​ជាមួយ​កោះ​មួយ​នេះ ក៏​រដ្ឋធានី​ប៉េកាំង​ដក​ទូត​របស់​ខ្លួន​មក​ស្រុក​វិញ​ដែរ។ ជា​ឧទាហរណ៍​គឺ​នៅ​ខែ​សីហា ឆ្នាំ២០២១​ថ្មីៗ​នេះ​តែ​ម្ដង នៅ​ពេល​ដែល​ប្រទេស​លីទុយអានី អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង​ ដោយ​ប្រើ​ពាក្យ «តៃវ៉ាន់» ខាង​ប៉េកាំង​ក៏​ដក​ទូត​ទៅ​វិញ​ភ្លាម។ ករណី​មួយ​ទៀត​គឺ​នៅ​ឆ្នាំ១៩៨១ គឺ​នៅ​ពេល​ដែល​រាជាណាចក្រ​ហុល្លង់​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ហុល្លង់​លក់​នាវា​មុជទឹក​ទៅ​ឱ្យ​តៃវ៉ាន់។ ក្រៅ​ពី​នេះ​ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ធ្វើ​ដំណើរ​មក​អាមេរិក​ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្ទាល់​កាល​ពី​ឆ្នាំ១៩៩៥ ចិន​ក៏​តប​ទៅ​វិញ ដោយ​ដក​ទូត​របស់​ខ្លួន​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រៅ​ពី​រឿង​តៃវ៉ាន់ ចិន​ក៏​ធ្លាប់​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ក្រោម​ហេតុផល​នយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន​ផង​ដែរ។ ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ស្រុក​ ដែល​ត្រូវ​បាន​គេ​ដឹង​ច្រើន​នោះ​គឺ បដិវត្តន៍​វប្បធម៌​ ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ៅ សេទុង អំឡុង​ទសវត្ស​ឆ្នាំ១៩៦០ ដល់​ឆ្នាំ១៩៧០ និង​ការ​បង្ក្រាប​ចលនា​តវ៉ា​ប្រជាធិបតេយ្យ​នៅ​វិមាន​ធានអានមិន ក្នុង​ជំនាន់​លោក​តេង ស៊ាវភីង កាល​ពី​ឆ្នាំ១៩៨៩។

អំឡុង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​ទាំង​ពីរ​នេះ រដ្ឋធានី​ប៉េកាំង​កោះហៅ​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ស្ថានទូត ឬ ស្ថានបេសកកម្ម​ទាំង​អស់​ជុំ​វិញ​ពិភពលោក​ត្រលប់​មក​ស្រុក​ចិន​វិញ ដើម្បី​បណ្ដុះបណ្ដាល​គោលជំហរ​របស់​រដ្ឋាភិបាល​ និង​ដាក់​ទិស​ដៅ​របស់​ខ្លួន​សារ​ជាថ្មី។ អំឡុង​ព្រឹត្តិការណ៍​បដិវត្តន៍​វប្បធម៌​ កៅអី​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​ខ្លះ​ទំនេរ​ឡើង​ជិត​ ១០ឆ្នាំ។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត មាន​ករណី​ពិសេស​ចំនួន ២ទៀត ដែល​ចិន​កោះហៅ​ទូត​របស់​ខ្លួន​ទៅ​វិញ។ ករណី​ទី​មួយ​គឺ​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី និង​មួយ​ទៀត​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា។

កាល​ពី​ឆ្នាំ១៩៦៥ ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌូនេស៊ី​តឹងតែង​យ៉ាង​ខ្លាំង ដោយ​នៅ​ពេល​នោះ​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស៊ូកាណូ ដែល​ជា​បិតា​ឯករាជ្យ​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រោយ​ពី​លោក​ស៊ូកាណូ ត្រូវ​បាន​ទម្លាក់​ដោយ​យោធា​ដឹកនាំ​ដោយ​ស៊ូហាតូ ខាង​ស៊ូហាតូ​ក៏​ចោទ​ចិន​ថា​នៅ​ពី​ក្រោយ​ចលនា​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូនេស៊ី។ នៅ​ពេល​នោះ​ដែរ ក៏​មាន​ចលនា​ប្រឆាំង​ជនជាតិ​ចិន រហូត​ដល់​មាន​ការ​សម្លាប់​រង្គាល​អស់​មនុស្ស​ជា​ច្រើន​នាក់ ជាពិសេស​គឺ​អ្នក​មាន​ដើម​កំណើត​ចិន។

ទន្ទឹម​នឹង​សភាព​ដូច្នេះ រដ្ឋាភិបាល​ប៉េកាំង​ក៏​កោះហៅ​ទូត​របស់​ខ្លួន​ទៅ​វិញ​នៅ​ឆ្នាំ១៩៦៦ ហើយ​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ១៩៦៧។ ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ឡើង​វិញ​នៅ​ឆ្នាំ១៩៩០។

ចំពោះ​ករណី​មីយ៉ាន់ម៉ា​វិញ​គឺ​កើត​ឡើង​អំឡុង​ឆ្នាំ១៩៩០ ដែល​ជា​ឆ្នាំ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ដំបូង​នៅ​ស្រុក​នេះ។ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​នៅ​ពេល​នោះ។ ខាង​ចិន​ក៏​សរសេរ​សំបុត្រ​អបអរ​ លោកស្រី​ស៊ូជី ដែរ តែ​ក្រោយ​មក​ខាង​យោធា​ក៏​ប្រកាស​បដិសេធ​លទ្ធផល​ឆ្នោត។ ចិន​បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​នឹង​រឿង​នេះ ក៏​ដក​ទូត​របស់​ខ្លួន​ចេញ​រយៈពេល​មួយ​ឆ្នាំ។ ដោយ​សង្កេត​ឃើញ​ យោធា​ក្ដោប​អំណាច​ពេញ​ដៃ ចិន​ក៏​បញ្ជូន​ទូត​ទៅ​វិញ​នៅ​ឆ្នាំ១៩៩១៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner