របាយការណ៍ចារកម្មអាមេរិក៖ តាលីបង់អាចដណ្ដើមយក រដ្ឋធានីអាហ្វហ្គានីស្ថានក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ

ក្រុម​ឧទ្ទាម​តាលីបង់​អាច​ធ្វើ​ការ​ឡោមព័ទ្ធ​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​ ៣០​ ថ្ងៃ​ខាង​មុខ ហើយ​អាច​ដណ្ដើម​យក​ការ​ត្រួតត្រា​ទាំងស្រុង​នៅ​ក្នុង​រយៈ​ពេល​ ៩០​ថ្ងៃ​ខាង​មុខ​ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិក​មួយ​រូប​ដោយ​ផ្អែក​លើ​របាយការណ៍​ចារកម្ម​។

ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ មន្ត្រី​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​ កាល​ពី​ថ្ងៃ​ពុធ​នេះ​​ថា ​ការ​វាយ​តម្លៃ​ថ្មី​អំពី​រយៈ​ពេល​ដែល​ទីក្រុង​កាប៊ុល​អាច​ឈរ​បាន គឺ​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​ការ​វាយ​លុក​យ៉ាង​ឆាប់​រហ័ស​របស់​តាលីបង់ នៅ​ពេល​ដែល​កង​កម្លាំង​បរទេស​ដឹកនាំ​ដោយ​អាមេរិក​ធ្វើ​ការ​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។

ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​នេះ​ «មិនមែន​ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ទេ» ដោយសារ​កង​កម្លាំង​យោធា​អាហ្វហ្គានីស្ថាន​នៅ​អាច​បញ្ឈប់​សំទុះ​ការ​វាយ​លុក​របស់​ក្រុម​តាលីបង់​បាន​ ដោយ​ធ្វើ​ការ​តតាំង​បន្ថែម​ទៀត​។

លោក​ Waheed Omer ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Ashraf Ghani បាន​ច្រាន​ចោល​ការ​ព្យាករណ៍​នេះ ដោយ​និយាយ​ថា​៖ «វា​ជា​ពេលវេលា​ពិបាក​សម្រាប់​យើង​ ប៉ុន្តែ​យើង​ដឹង​ថា​យើង​នឹង​ឈ្នះ​»​។

លោក​ Omer និយាយ​ថា​៖ «ពួកគេ​បាន​ដណ្ដើម​ការ​គ្រប់គ្រង​ទឹកដី​ខ្លះ​ ប៉ុន្តែ​វា​មិន​មែន​អំពី​ទឹក​ដី​ទេ​ វា​គឺ​អំពី​ប្រជាជន​។ ប្រជាជន​មិន​ចង់​បាន​ពួកគេ​ទេ ហើយ​ពួកគេ​នឹង​ដឹង​ថា​ពួកគេ​ពិត​ជា​មាន​កំហុស​ក្នុង​ការ​វាយ​ប្រហារ​ប្រជាជន​របស់​យើង​»​។

កាល​ពី​ថ្ងៃ​អង្គារ​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​មួយ​រូប​បាន​និយាយ​ថា​ក្រុម​តាលីបង់​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​បាន​កាន់​កាប់​ ៦៥ ភាគរយ​នៃ​ផ្ទៃ​ដី​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​បាន​កាន់​កាប់​ទី​រួម​ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន​៩ ហើយ​កំពុង​ធ្វើ​ការ​ឡើង​ឡោមព័ទ្ធ​ទី​រួម​ខេត្ត​ចំនួន​ ១១ ផ្សេង​ទៀត​។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ជន​ស៊ីវិល​ជាង​ ១០០០ ត្រូវ​បាន​សម្លាប់​ដោយ​ការ​ប្រយុទ្ធ​គ្នា​។

គណៈកម្មាធិការ​នៃ​កាកបាទ​ក្រហម​អន្តរជាតិ​ (ICRC) បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​តាម​ចិញ្ចើម​ផ្លូវ​ដ៏​ខ្លាំង​ក្លា​គឺ​កំពុង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Kandahar ដែល​ទីក្រុង​ធំ​បំផុត​ទី ២ របស់​អាហ្វហ្គានីស្ថាន​។ ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ខ្លាំង​ក៏​បាន​កើត​ឡើង​នៅ​ទីក្រុង​ Ghazni ផង​ដែរ​ បន្ទាប់​ក្រុម​តាលីបង់​ចំណុច​កណ្ដាល​នៃ​ទីក្រុង​នេះ​។

គ្រប់​ច្រក​ចេញ​ចូល​រដ្ឋធានី​កាប៊ុល​ ដែល​ស្ថិត​ជ្រលង​ឡោមព័ទ្ធ​ដោយ​ភ្នំ​ បាន​កក​ស្ទះ​សឹង​ទាំង​អស់​ដោយសារ​ការ​ហូរ​ចូល​នៃ​ជន​ភៀស​ខ្លួន​ពី​តំបន់​នានា​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។ អ្នក​វិភាគ​សន្តិសុខ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​លំហូរ​ជនភៀសខ្លួន​ដោយ​សារ​គេ​មិន​ដឹង​ថា​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​មាន​សមាជិក​ក្រុម​តាលីបង់​ដែរ​ ឬ​ទេ​។

ដើម្បី​ប្រមូល​ផ្ដុំ​កង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Ashraf Ghaniបាន​ហោះ​ទៅ​ទីក្រុង Mazar-i-Sharif ភាគ​ខាង​ជើង​ប្រទេស​ ដែល​ជា​តំបន់​ប្រឆាំង​ក្រុម​តាលីបង់​។ លោកGhani បាន​ជួប​ជាមួយ​មេដឹកនាំ​កង​ជីវពល​ជនជាតិ​អ៊ូបេគីស្ថាន ​Abdul Rashid Dostum និង​​មេដឹកនាំ​កង​ជីវពល​ជនជាតិ​តាហ្ស៊ីគីស្ថាន​លោក ​Atta Mohammad Noor ដើម្បី​ពិភាក្សា​ការ​ប្រមូល​ផ្ដុំ​កង​កម្លាំង​ជនជាតិ​ភាគ​តិច​ទាំង​នេះ​មក​ពង្រឹង​កង​ទ័ព​រដ្ឋាភិបាល​ ក៏​ដូចជា​ការ​ការពារ​ទីក្រុង​ខាង​លើ​ផង​ដែរ​។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​លោក Ghani បាន​ព្យាយាម​កាត់​បន្ថយ​អំណាច​របស់​មេដឹកនាំ​កងជីវពល​ទាំង​នេះ​ ដើម្បី​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​លោក​បាន​ងាក​ទៅ​រក​ពួក​គេ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ជួប​វិបត្តិ​ដ៏​ធំ​។ កាល​ពី​ដើម​សប្ដាហ៍​លោក​ Ghani បាន​យល់ព្រម​ធ្វើ​ការ​បំពាក់​អាវុធ​ជូន​ក្រុម​ជីវពល​ទាំង​នេះ​ ដើម្បី​ជួយ​ទប់​ស្កាត់​ការ​វាយ​លុក​របស់​តាលីបង់​។ ទីក្រុង​ Mazar-i-Sharif មាន​ទីតាំង​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ូបេគីស្ថាន និង​តាហ្ស៊ីគីស្ថាន​ និង​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​សម្រាប់​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ទាំង​ពីរ​នេះ​។ ​បើ​សិន​ទី​ក្រុង​នេះ​ដួល​រលំ​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​បាត់​បង់​ការ​គ្រប់​គ្រង​តំបន់​ភាគ​ខាង​ជើង​ ហើយ​អាច​ធ្វើ​ឱ្យ​មាន​ការ​បាក់​ទឹក​ចិត្ត​ក្នុង​ចំណោម​កង​កម្លាំង​រដ្ឋាភិបាល​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner