ខេត្តបាត់ដំបង បន្តបិទផ្សារដើម្បីទប់ទល់ការឆ្លងកូវីដ១៩ (Video Inside)
ផ្សារចំនួន៥៩ផ្សារ នៅក្នុងខេត្តបាត់ដំបង បានបន្តផ្អាកការលក់ជាបណ្តោះរយៈពេល ៧ថ្ងៃថែមទៀត ដើម្បីការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។
ខេត្តបាត់ដំបង គិតរហូតមកទល់នឹងពេលនេះ មានអ្នក បានឆ្លងនឹងវីរុសបំប្លែងថ្មី Delta យ៉ាងហោច ចំនួន ១២ករណីហើយ ។ រដ្ឋបាលខេត្តបាត់ដំបងមុននេះ បានចាត់ វិធានការរដ្ឋបាលផ្អាកការធ្វើអាជីវកម្មលក់ដូរក្នុងផ្សារចំនួន ៤៩ រយៈពេល ១៤ថ្ងៃ រួចម្តងហើយ ដែលការបិទនឹង ត្រូវអស់សុពលភាពនៅថ្ងៃទី១៤ ខែសីហា ២០២១ ។ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៅតែមិនទាន់ស្ងប់ជា ពិសេសការទើបរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោច១២ករណីបន្ថែមទៀតនោះ, រដ្ឋបាលខេត្តនៅថ្ងៃនេះ បានសម្រេចបន្តបិទផ្សារទាំង ៤៩ដដែលនោះ និងបូកបន្ថែមផ្សារចំនួន ១០ផ្សេងទៀត ដែលសរុបទាំងអស់ បាន កើនឡើងដល់ ៥៩ផ្សារ ក្នុងរយៈពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២១ សីហា។
រដ្ឋបាលខេត្តបានសរសេរថា «ការបិទក្នុងរយៈពេល ៧ ថ្ងៃ បន្ថែមទៀតនេះ គឺដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ» ។ ផ្សារដែលត្រូវបានផ្អាកទាំង ៥៩នោះ មានទី តាំងនៅក្នុងក្រុងស្រុក ចំនួន ៩ ក្នុងខេត្តបាត់ដំបង រួមមាន ក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកថ្មគោល ស្រុកមោង ឬស្សី ស្រុកកំរៀង ស្រុកឯកភ្នំ ស្រុកភ្នំព្រឹក ស្រុកបវេល និងស្រុកបាណន់ ៕