ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី។ ក្នុងពេលនេះ ភាគច្រើនអ្នកកំពុងផ្លាស់ប្តូរការងារ និងអាជីវកម្មទៅរកទិសដៅត្រឹមត្រូវ។ លោកអ្នកមានលទ្ធភាពបំពេញការងារដោយជោគជ័យគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្នងនោះសូមកុំបោះចោលចំណេះដឹង និងបទពិសោធន៍របស់មិត្តរួមការងារ ឬដៃគូប្រជែងរបស់អ្នក។ សូមប្រុងប្រៀប ហើយបើកឳកាសឲ្យខ្លួនឯងដើម្បីស្វែងរកចំណេះដឹងវិជ្ជាជីវៈ និងបទពិសោធន៍។ ក្រៅពីនេះសូមលោកអ្នកមានចិត្តសណ្តោយប្រណីចំពោះមនុស្សចាស់ដែលនៅក្បែរខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ ទន្ទឹមនឹងនោះពាក្យសំដី និងមតិយោបល់របស់អ្នកអាចទទួលបានការគាំទ្រណាស់ ហើយអ្នកក៏អាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។ ដោយឡែក អាស្រ័យដោយលោកអ្នកអាចនឹងខ្សត់ខ្សោយពេលវេលាបន្តិច ដូច្នេះសូមជ្រើសរើសការងារអាទិភាព ហើយព្យាយាមបំពេញឲ្យបានរួសរាន់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះច្រើនពេក ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ចំពោះការធ្វើទំនាក់ទំនងតូចធំគឺអាចទៅរួច ប៉ុន្តែការជឿជាក់សូមឲ្យមានកំរិត។ ក្រៅពីនេះហាមដាច់ចខាតចំពោះជំហានដែលគ្មានផែនការ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានឥទ្ធិពលយ៉ាងខ្លាំងដល់អាជីពរបស់អ្នក។ ក្នុងនោះដែរ ដើម្បីបញ្ចៀសពីបញ្ហាមួយចំនួន សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានការណ៍ និងគួរតែធ្វើទំនាក់ទំនងបន្ថែមជាមួយថ្នាក់លើ​។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមកុំខ្ជះខ្ជាយពេលវេលាទៅនិយាយ ឬធ្វើកិច្ចការដែលឥតប្រយោជន៍ ពីព្រោះលោកអ្នកមិនសូវមានពេលវេលាបំពេញការងារឲ្យបានចប់ចុងចប់ដើមដោយងាយស្រួលទេ។ ក្រៅពីនេះមានបញ្ហាខ្លះដែលមិនទាន់អាចកំណត់ទំហំនៅឡើយ ដូច្នេះការរស់នៅដោយប្រុងប្រយ័ត្នជាការល្អប្រសើរបំផុត។ ក្រៅពីនេះសូមគិតគូរពីការបង្កើនកំរិតវិជ្ជាជីវៈ​ ការតុបតែងខ្លួនប្រាណ និងការផ្សព្វផ្សាយពាណិជ្ជកម្មចំពោះផលិតផលបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសសំខាន់ៗទាំងនេះ។ ចំពោះលោកអ្នកមានមានក្តីប៉ងប្រាថ្នាបង្កើតការងារ ឬផ្លាស់ប្តូរស្ថានភាពការងារ ដំណើរការថ្ងៃនេះនឹងទទួលបានផលច្រើន។ ប៉ុន្តែសូមចងចាំថា លោកអ្នកអាចនឹងពិបាកក្នុងការពឹងពាក់អាស្រ័យមនុស្សដែលនៅក្បែរខ្លាំងណាស់ បើយកល្អគួរបំពេញការងារដោយខ្លួនឯង។ ក្នុងនោះដែរ សូមមានការអត់ធ្មត់ ហើយជៀសវាងការដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ ពីព្រោះលោកអ្នកមិនអាចអាចមានលទ្ធភាពពេញលេញនៅឡើយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការបង្កើតមុខរបរការងារ ការបណ្តាក់ធុន ហើយចំពោះលោកអ្នកដែលមិនពេញចិត្តនឹងកន្លែងការងារបច្ចុប្បន្នអាចផ្លាសប្តូរបាន។ បញ្ហាសំខាន់ដែលអាចបង្អាក់ដំណើររីកចម្រើននៃការងារថ្ងៃនេះទាក់ទងនឹងមន្ទិលសង្ស័យ ដូច្នេះសូមលោកអ្នកវែកញែក និងវាយតម្លៃចំពោះពត៌មានដែលអ្នកទទួលបាន។ ក្រៅពីនេះ ការចេញដំណើរឆ្ងាយសូមត្រៀមរាល់ឯកសារសំខាន់​ ពីព្រោះមានស្ថានភាពខ្លះអាចនឹងប្រែប្រួលលឿន ហើយក៏ត្រូវការការសម្រេចចិត្តភ្លាមៗផងដែរ។ ដោយឡែក ចូរចៀសវាងមនុស្សសំដីផ្អែម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្វីៗក្នុងពេលនេះដំណើរទៅដោយរលូន ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកច្រើនពេកនោះទេ។ ​បើទោះបីជាវាអាចប៉ះពាល់តិចតួចក្តី អ្វីៗក៏អាចប្រែប្រួលទៅជាល្អប្រសើរក្នុងពេលឆាប់ៗ។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិត និងគ្រប់គ្រង ដូច្នេះលោកអ្នកអាចប្រើប្រាស់បញ្ញដើម្បីទទួលបានការទំនាក់ទំនងរឹងមាំជាមួយមនុស្សនៅជុំវិញខ្លួន។ ប៉ុន្តែសញ្ញាណនៃជម្លោះ ការមិនយល់ចិត្តថ្លើម ឬគំនិតខ្លាចរអាមានឥទ្ធិពលណាស់ ដូច្នេះការគ្រប់គ្រងពាក្យសំដី និងកាយវិការជាចំណុចសំខាន់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីស្វែងរកការងារថ្មី ការបណ្តាក់ទុន ឬចរចាការងារតូចធំនោះទេ។ បើទោះបីជការងារហាក់មិនទាន់អាចទទួលបានផលតាមការប៉ងប្រាថ្នា អ្នកក៏អាចមានលទ្ធភាពគ្រប់គ្រងអាជីពបានល្អ ហើយប្រសិនបើអ្នកអាចគ្រប់គ្រងបានល្អ នោះដំណឹងរីករាយក៏អាចនឹងកើតឡើងក្នុងអណាគតដ៏ខ្លីខាងមុខដែរ។ ដោយឡែក ការវាតតម្លៃហាក់មិនសូវបានល្អទេ ដូច្នេះការសំងំស្ងៀម ស្តាប់ច្រើនជាងនិយាយ និងការយោគយល គឺអាចផ្តល់នូវជំហានយ៉ាងវិជ្ជមាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើអ្នកអាចធ្វើបាន។ អ្វីៗអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន និងអាចរកច្រកចេញពីបញ្ហាទាំងនោះផងដែរ។ ចំពោះអាជីវករ សូមគ្រប់គ្រងលំហូរផលិតផល ផ្សព្វផ្សាយពាណិជ្ជកម្ម និងកែប្រែសោភណ្ឌភាពជានិច្ច។ លោកអ្នកកំពុងស្ថិតក្នុងស្ថានភាពពាក់កណ្តាលទីរវាងភាពជោគជ័យធំ និងបញ្ហា ដូច្នេះការចាយវាយបោះទុន សូមពិចារណា។ ទន្ទឹមនឹងនោះ សូមកុំភ្លេចខ្លួន ដោយជឿជាក់លើគេជ្រុលពេក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញឡើយ។ លោកអ្នកគួរចេញទៅក្រៅដើម្បីប្រឈមជីវិតជាមួយស្ថានភាពជាច្រើន ពីព្រោះទីនោះក៏ជាប្រភពនៃឳកាសប្រមូលទ្រព្យ និងភាពជោគជ័យដែរ។​ ដោយឡែក លោកអ្នកដែលប្រកបការងាររដ្ឋ និងឯកជនអាចនឹងទទួលបានអំណោយផលលើការតាំងបង្ហាញគម្រោង ដាក់ចេញផែនការអនុវត្តការងារឲ្យសម្រេចផលបានល្អ។ ឧបស័គ្គធំបំផុតក្នុងពេលនេះ គឺការបាត់បង់ជំនឿចិត្ត ព្រោះការភ្ជាប់ខ្លួនជាមួយនឹងបញ្ហាអតីត។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពការងាររបស់អ្នកមានដំណើរការល្អប្រសើរ។ មនុស្សជាច្រើនដែលនៅជុំវិញអ្នកមានចិត្តសណ្តោសប្រណី និងជួយយកអាសារណាស់ ដូច្នេះមិនមានបញ្ហាណាមួយគួរឲ្យព្រួយបារម្ភនោះទេ។ ហេតុផលចំបងសម្រាប់លោកអ្នក គឺការខំប្រឹងប្រែងធ្វើការងារ បញ្ចប់ និងដោះស្រាយបញ្ហាកន្លងមកដែលនៅសេសសល់ទើបជាការល្អប្រសើរ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការកសាង ដូច្នេះប្រសិនបើអ្នកមានបំណងបង្កើតមុខរបរថ្មី កសាងផ្ទះសម្បែងនោះនឹងកើតលាភសំណាង និងភោគទ្រព្យល្អប្រសើរពេកក្តាត់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងពេលនេះសូមរក្សាស្ថានភាពការងាររបស់អ្នកឲ្យនៅធម្មតាសិន។ ភាពចម្រើនលូតលាស់ និងប្រតិបត្តិការងាយស្រួល គឺអាចសម្រេចទៅបាន ប៉ុន្តែក៏ត្រូវការពេលវេលា និងកំលាងកាយចិត្តច្រើនផងដែរ។ ប៉ុន្តែប្រសិនបើអ្នកអាចផ្អាកការសម្រេចចិត្ត ឬការផ្លាស់ប្តូរស្ថានភាពការងារបានគួរតែផ្អាកសិន ពីព្រោះប្រសិនបើគ្មានបញ្ហាក្តី ក៏ទិន្នផលមិនទាន់ល្អប្រសើរណាស់ណានោះទេ។ ចំណុចសំខាន់ដែលត្រូវជៀសវាងក្នុងពេលនេះ គឺភាពឆេវឆាវ រឹងទន្ទឹង មិនការមិនយោគយល់។ អ្នកគួររក្សាភាពស្ងៀមស្ងាត់ ហើយច្រានចោលរាល់មតិរិះគន់ឈ្នានីសទាំងឡាយ។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ រោង រកា ចរ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាង មុខតំណែង និងឳកាសការងារជាច្រើន ព្រមទាំងភាពរីករាយនឹងកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner