ក្រុមគ្រួសារជនរងគ្រោះដោយការវាយប្រហារដោយដ្រូនស.រ.អនៅកាប៊ុល ទាមទារឱ្យមានការស៊ើបអង្កេត
មួយថ្ងៃបន្ទាប់ពីយោធាសហរដ្ឋអាមេរិកសារភាពថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីខែមុន ពិតជាសម្លាប់សមាជិកក្រុមគ្រួសារចំនួន១០ នាក់រួមទាំងកុមារ ចំនួន៧នាក់ដែលមិនមែនជាក្រុមសកម្មប្រយុទ្ធគោលដៅ ក្រុមគ្រួសារជនរងគ្រោះនិយាយថា៖ «ការសុំទោសរបស់ក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រាន់ទេ»។
លោក Aimal Ahmadi ដែលមានកូនស្រីអាយុ៣ ឆ្នាំម្នាក់ឈ្មោះ Malika ស្លាប់ក្នុងការវាយប្រហារនេះ លើកឡើងពីថ្ងៃសៅរ៍ថា ក្រុមគ្រួសារទាមទារឱ្យក្រុងវ៉ាស៊ីនតោនស៊ើបអង្កេតថាអ្នកណាជាអ្នកបាញ់ដ្រូននៅក្នុងការវាយប្រហារនៅក្រុងកាប៊ុល។
លោកនិយាយថា៖ «ខ្ញុំបាត់បង់សមាជិក ១០ នាក់ក្នុងក្រុមគ្រួសារ។ បងប្រុសខ្ញុំ និងកូនបួននាក់របស់គាត់ក៏ស្លាប់ កូនស្រីតូច ក្មួយប្រុស និងក្មួយស្រីខ្ញុំក៏ស្លាប់។ ខ្ញុំចង់បានយុត្តិធម៌ពីសហរដ្ឋអាមេរិក និងអង្គការដទៃទៀត។ ពួកយើងជាមនុស្សស្លូតត្រង់ យើងមិនបានធ្វើអ្វីខុសទេ»។
អ្នកយកសារព័ត៌មានអាល់ហ្សាចារ៉ា ដែលចុះទៅដល់កន្លែងរងការវាយប្រហារដោយផ្ទាល់និយាយថា៖ «សមាជិកគ្រួសារ(ជនរងគ្រោះ)ប្រាប់យើងថា ពួកគេកំពុងស្វែងរកសំណងពីអាមេរិក។ ពួកគេចង់បានយុត្តិធម៌សម្រាប់សមាជិកគ្រួសាររបស់ពួកគេ ហើយប្រសិនបើអាច អ្នកនៅក្នុងរង្វង់គ្រួសារចង់ចាកចេញពីអាហ្វហ្គានីស្ថាន»។
លោក Ahmadi និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា អាមេរិកគួរតែដាក់ទណ្ឌកម្មបុគ្គលិកយោធាដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ លោកនិយាយថា៖ «វាមិនគ្រប់គ្រាន់ទេ បើគ្រាន់តែនិយាយសុំទោស។ អាមេរិកគួរតែស្រាវជ្រាវរកអ្នកដែលប្រព្រឹត្ត»។
សារព័ត៌មានរាយការណ៍ភ្លាមៗបន្ទាប់ពីការវាយប្រហារថា អ្នកបើកបររថយន្តឈ្មោះ Zemerai Ahmadi ដែលជាបងរបស់លោក Ahmadi គឺជាគោលដៅ និងជាបុគ្គលិកធ្វើការយូរឆ្នាំនៅអង្គការមនុស្សធម៌អាមេរិក។ មីស៊ីលបាញ់ចំពេលរថយន្តដែលមន្ទីរបញ្ចកោណអះអាងថាមានផ្ទុកសារធាតុផ្ទុះរបស់លោក កំពុងបើកចូលផ្ទះគ្រួសារ ហើយក្មេងៗរត់ទៅទទួល។
កាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍ម៉ារីនអាមេរិកលោក ហ្វ្រេង ម៉ាកខេនហ្សី (Frank McKenzie) ប្រធានបញ្ជាការកណ្តាលអាមេរិក ហៅការវាយប្រហារនេះថាជា «កំហុសដ៏សោកសង្រេង» ក្រោយពីបដិសេធអស់ជាច្រើនសប្តាហ៍រួចមក ដោយនិយាយថា ជនស៊ីវិលស្លូតត្រង់ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ មិនមែនជាអ្នកប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម Khorasan ISKP (ISIS-K) ដូចដែលយើងអះអាងតាំងពីដំបូងនោះឡើង»។
លោកលើកឡើងថា៖ «ខ្ញុំគិតយ៉ាងច្បាស់ថា ការវាយប្រហារនេះបានបញ្ចៀសការគំរាមកំហែងដល់កងកម្លាំងរបស់យើងនៅព្រលានយន្តហោះ ក្រោយការវាយប្រហារថ្មីៗ។ ផ្ទុយទៅវិញ វាជាកំហុសមួយ ហើយខ្ញុំសូមអភ័យទោសដោយស្មោះ»។ លោកបន្ថែមថា សហរដ្ឋអាមេរិកកំពុងពិចារណាធ្វើការទូទាត់សំណងដល់គ្រួសារជនរងគ្រោះ។
ឧត្តមសេនីយ៍ដដែលបន្តថា ការសម្រេចចិត្តវាយប្រហាររថយន្ត Toyota Corolla ធ្វើឡើងបន្ទាប់ពីតាមដានអស់រយៈពេលប្រហែល ៨ ម៉ោង ដោយមានជំនឿយ៉ាងមោះមុតថាឡាននេះដឹកគ្រឿងផ្ទុះ ដែលវាបង្កការគំរាមកំហែងដល់កងកម្លាំងអាមេរិកនៅឯព្រលានយន្តហោះក្រុងកាប៊ុល។
យ៉ាងណាមិញ លោក Ahmadi នៅតែឆ្ងល់ថា ហេតុអ្វីបានផ្ទះរបស់លោកក្លាយជាកន្លែងដែលគេយល់ច្រឡំមានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ិស្លាម Khorasan។ លោកនិយាយថា៖ «សមត្ថភាពដ្រូនរបស់អាមេរិក អាចមើលឃើញពីគ្រប់ទិសទី។ គេអាចមើលឃើញថាមាន ក្មេងតូចៗនៅក្បែររថយន្ត និងនៅក្នុងរថយន្ត។ អ្នកណាប្រព្រឹត្តវាគួរតែទទួលទោស ព្រោះវាមិនត្រូវទាល់តែសោះ»។
ការវាយប្រហារដោយដ្រូននេះ កើតឡើងក្រោយពីក្រុមសកម្មប្រយុទ្ធ ISKP ដែលគូប្រជែងតាលីបង់ បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់ និងបុគ្គលិកយោធាអាមេរិក ១៣ នាក់នៅក្បែរអាកាសយានដ្ឋានកាប៊ុល។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយហៅការវាយប្រហារនេះថាជាកំហុសដ៏អាក្រក់មួយ។ សមាជិកសភាដូចជាលោកស្រី Betty McCollum ក៏អំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើបញ្ហានេះផងដែរ។
ប្រធានស៊ើបការណ៍សម្ងាត់លោក Adam Schiff ដែលជាសមាជិកនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ានិយាយនៅថ្ងៃសុក្រនេះថា លោកនឹងស៊ើបអង្កេត «ភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍ជាសាធារណៈ» ដែលមន្ទីរបញ្ចកោណចេញការពារការវាយប្រហារនេះ។
លោក Ahmadi ទទូចថា ការសុំទោសជាផ្លូវការនឹងមិននាំយកសមាជិកគ្រួសាររបស់លោកមកវិញទេ ហើយលោកមានការខកចិត្តដែលវាត្រូវចំណាយពេលជាច្រើនសប្តាហ៍ដើម្បីអង្វរសុំឱ្យក្រុងវ៉ាស៊ីនតោនយ៉ាងហោចណាស់ទាក់ទងទៅគ្រួសាររបស់លោក។
លោក Brian Castner ទីប្រឹក្សាវិបត្តិជាន់ខ្ពស់នៃកម្មវិធីឆ្លើយតបវិបត្តិរបស់អង្គការលើកលែងទោសអន្តរជាតិនិយាយថា៖ «ឥឡូវនេះ សហរដ្ឋអាមេរិកត្រូវតែប្តេជ្ញាធ្វើការស៊ើបអង្កេតពេញលេញ តម្លាភាព និងមិនលំអៀងចំពោះហេតុការណ៍នេះ។ ជនណាដែលសង្ស័យថាទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ គួរតែត្រូវបានកាត់ទោសនៅក្នុងសវនាការដោយយុត្តិធម៌។ អ្នកនៅមានជីវិត និងក្រុមគ្រួសារជនរងគ្រោះគួរតែត្រូវបានគេជូនដំណឹងអំពីវឌ្ឍភាពនៃការស៊ើបអង្កេត និងទទួលបានសំណងពេញលេញ»។
លោកបន្តថា៖ «វាគួរកត់សំគាល់ថា យោធាអាមេរិកគ្រាន់តែបង្ខំចិត្តសារភាពចំពោះបរាជ័យរបស់ខ្លួននៅក្នុងការវាយប្រហារនេះ ដោយសារតែបច្ចុប្បន្នមានការត្រួតពិនិត្យជាសកលលើបញ្ហានៅអាហ្វហ្កានីស្ថាន។ ការវាយប្រហារស្រដៀងគ្នាជាច្រើននៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងសូម៉ាលី កើតឡើងដោយគ្មានការយកចិត្តទុកដាក់ ហើយសហរដ្ឋអាមេរិកនៅតែបន្តបដិសេធការទទួលខុសត្រូវ ខណៈដែលគ្រួសារជនរងគ្រោះរស់ក្នុងភាពឈឺចាប់»។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យប្រោន ចេញផ្សាយកាលខែមេសា មានជនស៊ីវិលអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានជាង ៧១ ០០០ នាក់ បានស្លាប់ដោយផ្ទាល់ពីសង្គ្រាមដែលផ្តើមឡើងដោយសហរដ្ឋអាមេរិកបន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ហើយអ្នកស្លាប់ និងរបួស កើនឡើងយ៉ាងខ្លាំងបន្ទាប់ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ បន្ធូរបន្ថយច្បាប់នៃការធ្វើសកម្មភាពក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ ២០១៧។

ប្រភព៖ Aljazeera