ចិនត្រៀមបង្កើនសម្ពាធលើកោះតៃវ៉ាន់ លើការផ្លាស់ប្ដូរឈ្មោះការិយាល័យការទូត
ក្រុមអ្នកវិភាគគិតថាក្រុងប៉េកាំងទំនងជានឹងបង្កើនសកម្មភាពយោធារបស់ខ្លួនដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់ និងចាត់វិធានការការទូតប្រឆាំងសហរដ្ឋអាមេរិក ប្រសិនបើអាមេរិកយល់ព្រមផ្លាស់ប្ដូរឈ្មោះការិយាល័យការទូតរបស់កោះនេះប្រចាំក្រុងវ៉ាស៊ីនតោន ប៉ុន្តែវិធានការនេះទំនងជានឹងមានកំណត់។
មានការរាយការណ៍ថារដ្ឋបាលប្រធានាធិបតីអាមេរិកលោកចូ បៃដិនគឺកំពុងពិចារណាសំណើរបស់កោះតៃវ៉ាន់ឱ្យផ្លាស់ប្ដូរឈ្មោះទីស្នាក់ការបេសកកម្មការទូតរបស់ខ្លួនពី «ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ» (TECRO) ឱ្យទៅជា «ការិយាល័យតំណាងតៃវ៉ាន់» ដែលអាចក្រុងប៉េកាំងចាត់ទុក្ខថាជាការប្រមាថប្រសិនបើអាមេរិកបំពេញសំណើនេះ។
ចិនបានធ្វើការតវ៉ាទៅកាន់អាមេរិក ហើយជំរុញឱ្យមានការគោរពគោលការណ៍ចិនតែមួយ ដែលកំណត់ឱ្យរដ្ឋបរទេសជ្រើសរើសរវាងទីក្រុងប៉េកាំង និងតៃប៉ិដើម្បីបង្កើតចំណងការទូតផ្លូវការ ដោយមិនអនុញ្ញាតឱ្យមានការទទួលស្គាល់ទ្វេដងឡើយ។
គោលការណ៍ចិនតែមួយ គឺជាលទ្ធផលផ្ទាល់នៃសង្គ្រាមស៊ីវិលចិន ដែលបញ្ចប់នៅឆ្នាំ ១៩៤៩ ដោយបក្សកុម្មុយនិស្តចូលកាន់អំណាចនៅចិនដីគោក ហើយរដ្ឋាភិបាលសាធារណរដ្ឋភៀសខ្លួនទៅកោះតៃវ៉ាន់។ កាលពីឆ្នាំ ១៩៧៩ អាមេរិកបានផ្លាស់ការទទួលស្គាល់ផ្លូវការមករដ្ឋាភិបាលទីក្រុងប៉េកាំង ហើយកាត់ផ្ដាច់ទំនាក់ទំនងផ្លូវការជាមួយរដ្ឋាភិបាលក្រុងតៃប៉ិ។ ប៉ុន្តែអាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការដ៏ជិតស្និតជាមួយនឹងកោះតៃវ៉ាន់ តាមរយៈការិយាល័យ TECRO ហើយបានបន្តការផ្គត់ផ្គង់អាវុធទំនើបៗរហូតមកដល់សព្វថ្ងៃ។
លោកយូ កាង អតីតវរសេនីយ៍ឯកកងទ័ពរំដោះប្រជាជនចិន បានប្រាប់សារព័ត៌មាន The South China Morning Post ថាក្រុងប៉េកាំងនៅមានជំហររក្សាសិទ្ធប្រើប្រាស់កម្លាំងដើម្បីនាំកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងវិញ ដូច្នេះសម្ពាធយោធាលើកោះនេះនឹងកើនឡើង។
លោក យូ និយាយថា៖ «ប្រាកដណាស់យើងនឹងមិនលើកលែងឱ្យតៃវ៉ាន់ពីការដាក់ទណ្ឌកម្មទេប្រសិនបើពួកគេផ្លាស់ប្តូរឈ្មោះបេសកកម្មពីព្រោះកងកម្លាំងឯករាជ្យតៃវ៉ាន់បានផ្តួចផ្តើមវាតាមរយៈការបញ្ចុះបញ្ចូលនិងការផ្សព្វផ្សាយយ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការនិងសម្របសម្រួលបរិយាកាសប្រឆាំងចិននៅវ៉ាស៊ីនតោន»។
កាលពីថ្ងៃសុក្រ ទី១៧ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថាយន្តហោះយោធាចិនដីគោកចំនួន ១០ គ្រឿងបានហោះចូលដែនការពារអាកាសរបស់កោះ។ តៃវ៉ាន់ ដែលនៅថ្ងៃដដែលបានបញ្ចប់ការធ្វើសមយុទ្ធប្រចាំឆ្នាំ បាននិយាយថាយន្តហោះយោធាចិនយ៉ាងហោចណាស់ ២៥ គ្រឿងបានហោះចូលតំបន់សមយុទ្ធចាប់តាំងពីការចាប់ផ្ដើម។
វិធានការបន្ថែមទៀតដែលចិនដីគោកអាចអនុវត្ត រួមមានការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញកោះនោះ និងការបង្កើនចំនួន និងភាពញឹកញាប់នៃបេសកកម្មកងទ័ពអាកាសឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ដោយអាចហោះចូលកាន់តែជ្រៅក្នុងដែនអាកាសតៃវ៉ាន់។
ប៉ុន្តែលោក យូ និយាយថា៖ «យើមិនទំនងនឹងចូលទៅដែនអាកាសទេពីព្រោះគោលដៅរបស់យើងគឺដាក់ពួកគេក្រោមសម្ពាធផ្លូវចិត្ត មិនមែនដើម្បីចាប់ផ្ដើមសង្គ្រាមឥឡូវនេះទេ»។
ប្រសិនបើអាមេរិកអាមេរិកយល់ព្រមនឹងសំណើប្ដូរឈ្មោះរបស់តៃវ៉ាន់ ចិនក៏អាចចាត់វិធានការការទូតប្រឆាំងនឹងអាមេរិកដោយការព្យួរកិច្ចសហប្រតិបត្តិការលើបញ្ហានានា ដូចជាលើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងក្រុមតាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។
យើងអាចមើលទៅការដកឯកអគ្គរដ្ឋទូតចិនចេញពីប្រទេសលីទុយអានីកាលពីខែមុន បន្ទាប់ប្រទេសនេះបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកស្ថានទូតនៅក្នុងទឹកដីរបស់ខ្លួនដោយប្រើឈ្មោះតៃវ៉ាន់។ ប៉ុន្តែអ្នកវិភាគមួយចំនួនគិតថាចិននឹងមិនដកឯកអគ្គរដ្ឋទូតចេញពីអាមេរិកទេ ដោយសារមេដឹកនាំចិនមិនចង់ធ្វើឱ្យខូចខាតទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលសមាជទី២០នៃបក្សកុម្មុយនិស្តចិនកាន់តែខិតជិត៕

ប្រភព៖ SCMP