កម្មករចំការម្រេចជាង១០០នាក់ឆ្លងកូវីដ១៩ នៅមណ្ឌលគិរី (Video Inside)
អាជ្ញាធរខេត្តមណ្ឌលគិរី បានបង្ខំចិត្តសម្រេចបិទខ្ទប់ក្រុមហ៊ុនចម្ការម្រេចរបស់ជនជាតិកូរ៉េនាថ្ងៃ២១កញ្ញានេះ ខណៈការឆ្លងកម្មករក្នុងក្រុមហ៊ុនវែលបាយអូរនោះ មានចំនួនជាង១០០នាក់ទៅហើយ។
សេចក្តីរាយការណ៍ពីខេត្តបានបញ្ជាក់ថាថ្ងៃអង្គារនេះថា កម្មករនៃក្រុមហ៊ុនដាំម្រេចឈ្មោះ វែលបាយអូ ដែល គ្រប់គ្រងដោយជនជាតិកូរ៉េ និងមានទីតាំងក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា មានករណី ផ្ទុះឆ្លងកូវីដ ១៩លើកម្មករចាប់តាំងពីថ្ងៃទី១៧កញ្ញានោះមក។ ការផ្ទុះថ្ងៃដំបូងនោះ បានឆ្លងលើកម្មករខ្មែរចំនួន១០នាក់ បន្ទាប់ពីការធ្វើតេស្តយកសំណាកពីមនុស្សចំនួន៥៩នាក់។
កម្មករក្នុងក្រុមហ៊ុនដាំម្រេចនោះ ត្រូវគេរាយការណ៍ ថាមានកម្មករច្រើនរហូតដល់ជាង៥០០នាក់។ ប៉ុន្តែកម្មករដែលបានយកសំណាក មានចំនួនប្រមាណ៣៦៤ នាក់ ទេ, ចំណែកអ្នកដទៃទៀត មិនបានយកសំណាកនោះឡើយ។ ការអូសបន្លាយនិងមិនសហការជាមួយមន្ត្រីជំ នាញក្នុងការផ្តល់សំណាកនោះហើយ ត្រូវគេបន្ទោសថាជាករណីធ្វើឲ្យកម្មករបានឆ្លងរាលដាលកូវីដ១៩ ដែល គិតមកទល់នឹងថ្ងៃទី២១កញ្ញានេះ មានចំនួនជាង១០០នាក់៕