អាជីវកម្មរ៉ែមាសខេត្តមណ្ឌលគិរីចម្រាញ់មាសបាន៥២២គីឡូក្រាមហើយ (Video Inside)
អាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ក្នុងខេត្តមណ្ឌលគិរីបាន ចម្រាញ់មាសប្រមាណ៥២២គីឡូក្រាមហើយក្រោយដាក់ឲ្យដំណើរការប្រមាណ៣ខែមកនេះ។កម្ពុជាបានប្រ កាសដាក់ដំណើរអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មកាលពីថ្ងៃទី២១មិថុនាឆ្នាំ២០២១ នៅតំបន់អូរខ្វាវ ក្នុង ខេត្តមណ្ឌលគិរី។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក អ៊ឹង ឌីប៊ូឡា បានថ្លែងថា«គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាជីវកម្មចម្រាញ់រ៉ែមាស បានចំនួន៤៦ដុំ ដែលស្មើនឹងប្រមាណ៥២២គីឡូក្រាម»។ សេចក្តីរាយការណ៍បានបន្ត ថាមាសបាននាំចេញទៅបន្សុទ្ធក្នុងប្រទេសអូស្ត្រាលី មានចំនួន២៤៧គីឡូក្រាមហើយក្នុងការនាំចេញចំនួន៧ ជើង។ តម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិ ត្រូវគេរាយការណ៍ថា មានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។
អគ្គនាយកដ្ឋាន ធនធានរ៉ែ បានថ្លែងថាតម្លៃមាសនៅថ្ងៃទី២៥ ខែកញ្ញា គឺក្នុងមួយគីឡូក្រាម៥ម៉ឺន៤ពាន់៤៥៩.០៦ដុល្លារ។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មានផែនការអាចផលិតមាសបានប្រមាណ៣តោន ក្នុងមួយ ឆ្នាំៗ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស នេះ នឹងផ្តល់ផលប្រយោជន៍នូវ
ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ ថវិកា ទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិ បាល បញ្ជាក់ថានឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕