គម្រោងបង្កើតអណ្ដូងរ៉ែលីចូម ត្រូវបរាជ័យដោយសារតែការជំទាស់ពីក្នុងស្រុក

គម្រោង​បង្កើត​អណ្ដូង​រ៉ែ​ដ៏​ធំ​បំផុត​មួយ​នៅ​អឺរ៉ុប​ក្បែរ​ទីក្រុង​បេតិកភ័ណ្ឌ​ពិភព​លោក​ Cáceres ​របស់​វិនិយោគគិន​បរទេស​នៅ​ប្រទេស​អេស្ប៉ាញ​ ធ្វើ​ឱ្យ​មាន​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ពី​សំណាក់​ប្រជនជន​ក្នុង​ស្រុក​។​ បញ្ហា​នេះ​បាន​គូស​បញ្ជាក់​ពី​រឿង​ប្រឈម​ចំពោះ​ផែនការ​របស់​ប្រទេស​ក្នុង​ការ​ប្រើ​មូលនិធិ​សហភាព​អឺរ៉ុប​​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​​ទាញ​យក​លីចូម​ ដែល​ជា​ធាតុ​​សំខាន់​​​សម្រាប់​ផ្តល់​ថាមពល​ដល់​រថយន្ត​អគ្គិសនី​ និង​​ផ្ទុក​ថាមពល​ទ្រង់​ទ្រាយ​ធំ​។​

​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ជំនាន់​ថ្មី​នេះ​ គឺ​ជា​អាទិភាព​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​នៅ​ពេល​ដែលក្រុ​ម​ហ៊ុន​ផលិត​រថយន្ត​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា​ពី​ក្រុម​ហ៊ុន​ផលិត​នៅ​ប្រទេស​ចិន​ និង​កន្លែង​ផ្សេង​ទៀត​ ស្រប​ពេល​​ដែល​​ប្រទេស​ចិន​ក៏ជា​​អ្នក​គ្រប់​គ្រង​​លីចូម​មួយ​ភាគ​ធំនៅ​​ទូទាំង​ពិភព​លោក​ផង​ដែរ​។​

លោក​ David Valls ​អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន​ Infinity Lithium ​ដែល​ជា​ក្រុម​​ចុះ​បញ្ជី​នៅ​អូស្ត្រាលី​មាន​គម្រោង​ចង់​អភិវឌ្ឍ​អណ្តូង​រ៉ែ​នេះ​និយាយ​ថា​៖​ «​​ថ្ម​លីចូម​មិន​គ្រាន់​តែ​ត្រូវ​ការ​រយៈ​ពេល​ ១០ ​ឆ្នាំ​ខាង​មុខ​ទៀត​ទេ​។​ វា​គឺ​ជា​អ្វី​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​វិនិយោគ​ដ៏​ធំ​ដោយ​វិស័យ​រថយន្ត​ ​ដែល​នឹង​ចាំបា​ច់​សម្រាប់​រយៈ​ពេល​ពី​ ៣០ ​ទៅ​ ៤០ ​ឆ្នាំ​ខាង​មុខ​ជា​អប្បបរមា​»​។​

​​ប៉ុន្តែ​មហិច្ឆតា​ដើម្បី​ធានា​បាន​នូវ​ធន​ធាន​ដែល​មាន​សារៈ​សំខាន់​សម្រាប់​ថាមពល​ស្អាត​ ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ហើយ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ អាជ្ញាធរ​អង្គការ​សហប្រជាជាតិ​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ដោយ​ផ្ញើ​លិខិត​មួយ​ទៅ​ក្រុម​ប្រឹក្សា​ក្រុង​អំពី​​ផល​វិបាក​ដែល​អាច​កើត​មាន​​ប្រសិន​បើ​គម្រោង​ទាញ​យក​លីចូម​ត្រូវ​បាន​អនុម័ត​។​

នៅទី​ក្រុង​Cáceres ​លោក ​JoséRamón Bello ​ប្រធាន​ផ្នែក​រៀប​ចំ​ផែនការ​ទីក្រុង​ ​ប្តេជ្ញា​ចិត្ត​ថា​ផែន​ការ​របស់​ក្រុម​ហ៊ុន​ Infinity ​នឹង​មិន​ដើរ​ទៅ​មុខ​ទៀត​ទេ​។​ លោក​និយាយ​ថា​ គម្រោង​បាន​លុប​ចោល​ហើយ​ ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ ២២​ នាក់​ក្នុង​ចំណោម​ ២៥ ​នាក់​របស់​ក្រុង​​ជំទាស់​នឹង​ផែន​ការ​នេះ​ ហើយ​ច្បាប់​មូលដ្ឋាន​ក៏​មិន​រាប់​បញ្ចូល​អណ្តូង​រ៉ែ​នៅ​លើ​ទីតាំង​នោះ​ដែរ​។​

លោក​ Bello ​បន្ត​ថា​៖​ «​ជា​ជាង​បង្កើត​អណ្តូង​រ៉ែ​ដែល​​បង្ក​ការ​គំរាម​កំហែង​ដល់​បេតិកភណ្ឌ​របស់​យើង​ យើង​បាន​ជ្រើស​រើស​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​រស់​ឡើង​វិញ​ ហើយ​ផ្តោត​លើ​ឧស្សាហកម្ម​ស្អាត​និង​និរន្តរ​ភាព​»​។​ លោក​បន្ថែម​ថា​៖ ​«​យើង​មិន​ប្រឆាំង​នឹង​ការ​ទាញ​យក​លីចូម​ទេ​ តែ​យើង​ប្រឆាំង​នឹង​ទីតាំង​របស់​គម្រោង​អណ្តូង​រ៉ែ​​​»​។​

ក្រុម​អ្នក​ប្រឆាំង​នឹង​គម្រោង​អណ្ដូង​រ៉ែ​មាន​ជ័យ​ជម្នះ​ ដោយ​ក្រុម​ហ៊ុន​បាត់​បង់​លិខិត​អនុញ្ញាត​ស្រាវ​ជ្រាវ​ និង​ត្រូវ​ប្រឈម​មុខ​រយៈ​ពេល​យូរ​ក្នុង​ការ​តតាំង​នៅ​តុលាការ​។​ ប៉ុន្តែ​កន្លែង​ផ្សេង​ទៀត​នៅ​​ជុំវិញ​តំបន់​ស្វយ័ត​ Extremadura ​គូស​បង្ហាញ​ពី​ភាព​មិន​ស្មើរ​គ្នា​រវាង​បរិស្ថាន​ និង​សេដ្ឋកិច្ច​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ថាមពល​ស្អាត​។​

រដ្ឋា​ភិបាល​របស់​ Extremadura ​និយាយ​ថា​ រ៉ែ​លីចូម​អាច​ផ្លាស់​ប្តូរ​ជោគ​វាសនា​របស់​តំបន់​ ដែល​សព្វ​ថ្ងៃ​​ដើរ​​ក្រោយ​តំបន់​ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​​​។  តំបន់​នេះ​សង្ឃឹម​ថា​ ជំនួយ​ពី​មូល​និធិស្តារ​ឡើង​វិញ​ចំនួន​ ៨០០ ​ប៊ីលាន​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​នឹង​ជួយ​មិន​ត្រឹម​តែ​នាំ​យក​រ៉ែ​លីចូម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​បង្កើត​ចង្កោម​ឧស្សាហកម្ម​ទំនើប​ទៀត​ផង​។

​​លោក​ស្រី ​Olga García ​មន្ត្រី​បរិស្ថាន​កំពូល​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​និយាយ​ថា​៖​ «​​អឺរ៉ុប​ដីគោក​មិន​សូវ​មាន​លីចូម​ ហើយ​នេះ​គឺ​ជា​គុណ​សម្បត្តិ​ប្រកួត​ប្រជែង​សម្រាប់​តំបន់​ Extremadura​។ ​ដោយ​សារ​យើង​មាន​វត្ថុធាតុ​ដើម​ វា​សម​ហេតុ​ផល​ដែល​មាន​ខ្សែ​ចង្វាក់​តម្លៃ​ផង​ដែរ​»​។​

​លោក​ស្រី​ និង​មន្រ្តី​ផ្សេង​ទៀត​នៅ​តំបន់​ Extremadura ​កំពុង​គាំទ្រ​គម្រោង​ថា​ប្រសិន​បើ​មាន​​មហិច្ឆតា​ជាង​អ្វី​ដែល​​​ស្នើ​ធ្វើនៅ​​ក្រុង​ Cáceres​ ​។​ វា​នឹង​ត្រូវ​​អម​ដោយ​ហេដ្ឋារចនា​សម្ព័ន្ធ​ឧស្សាហកម្ម​ថ្មី​នៅ​ទូទាំង​តំបន់​​ រួម​មាន​រោងចក្រ​ផលិត​ថ្ម​ពិល​ និង​រោង​ចក្រ​កាតូត​ ដោយ​ត្រូវ​ការ​ការ​វិនិយោគ​ជាង​ ១ ​ប៊ីលាន​អឺរ៉ូ​ រួម​ទាំង​ ៨៥ ​លាន​អឺរ៉ូ​សម្រាប់​អណ្តូង​រ៉ែ​ និង​ ២០០​ លាន​អឺរ៉ូ​​សម្រាប់​បរិក្ខារ​ពាក់​ព័ន្ធ​ដើម្បី​ដំណើរ​ការ​លីចូម​។​

លោក Ignacio Baños ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Lithium Iberia ​ដែល​ជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​រ៉ែ​នៅ​ស្រុក​ Cañaveral​ ប្រមាណ​ជា​ ៤០​ គីឡូម៉ែត្រ​ពី​ក្រុង​ Cáceres​ ​និយាយ​ថា​៖​ «​ក្រុម​ហ៊ុន​មក​ពី​ទូទាំង​ទ្វីប​អឺរ៉ុប​មាន​ទំនាក់​ទំនង​ជាមួយ​យើង​ ដោយ​ពួក​គេ​ដឹង​ថា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​របស់​សហភាព​អឺរ៉ុប​ គឺ​ការ​ទទួល​បាន​ការ​គ្រប់​គ្រង​វត្ថុ​ធាតុ​ដើម​​​»​។​

​​​យ៉ាង​ណា​មិញ​ លោក​ស្រី ​Yolanda Ruiz ​ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អណ្តូង​រ៉ែ​​ចង្អុល​បង្ហាញ​ថា​ វា​នឹង​ស្ថិត​នៅ​ចន្លោះ​តំបន់​អភិរក្ស​បក្សី​​​ពីរ​ និង​ក្បែរ​ព្រៃ​បុរាណ​។​ លោក​ស្រី​​និយាយថា៖ «យើង​រក្សា​ធម្មជាតិ​ទាំង​អស់​នេះ​​​ពី​ព្រោះ​​រដ្ឋា​ភិបាល​​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ប្រវត្តិសាស្រ្ត​ក្នុង​តំបន់ ​Extremadura»។

​អ្នក​គ្រប់​គ្រង​អណ្តូង​រ៉ែ​សង្ឃឹម​ថា​ ខ្លួន​នឹង​ឈ្នះ​ការ​អនុម័ត​សម្រាប់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ក្រោយ​ ហើយ​ចាប់​ផ្តើម​ផលិត​នៅ​ចុង​ឆ្នាំ​ ២០២៣ ​។ ក្រុម​ហ៊ុន​ Seat ​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​អេស្ប៉ាញ ​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ Volkswagen ​ចង់​ចាប់​ផ្តើម​ផលិត​រថយន្ត​អេឡិចត្រូនិក​ដែល​មាន​តំលៃ​ថោក​នៅ​ឆ្នាំ​ ២០២៥ ​ដោយ​សង្ឃឹម​ថា​នឹង​អាច​ជំនួស​រថយន្ត​ប្រើ​សាំង​ និង​ម៉ាស៊ូត​។​

​លោក​ Mario ​Celdrán ​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Phi4tech ​ដែល​ជា​ក្រុម​ហ៊ុន​គ្រោង​នឹង​សាង​សង់​រោងចក្រ​ផលិត​ថ្ម​ពិល​ និង​រោងចក្រ​កាតូត​ និយាយ​ថា​ ក្រុម​របស់​លោក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​តម្រូវ​ការ​ពី​អ្នក​ផលិត​ថាមពល​កកើត​ឡើង​វិញ​ និង​មជ្ឈមណ្ឌល​ទិន្ន​ន័យ​។​

យ៉ាងណា​មិញ​ លោក​ Celdrán ដែល​សង្ឃឹម​លើ​ហិរញ្ញប្បទាន​រហូត​ដល់​១/៥​​មក​ពី​រដ្ឋ​និយាយ​ថា​៖​ «​វា​ប្រាកដ​ណាស់​ថា​បើ​គ្មាន​ការ​គាំទ្រ​ពី​មូល​និធិ​អឺរ៉ុប​គម្រោង​នេះ​នឹង​មិន​មាន​មហិច្ឆតា​ខ្លាំង​ទេ​។​ អ្នក​ត្រូវ​តែ​ជឿ​ថា​​លីចូម​ដ៏​ច្រើន​ទាំង​នេះ​ នឹង​ពង្រឹង​តំបន់​ ប៉ុន្តែ​វា​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​»​។​

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner