វ៉ាង យី៖ ក្រៅតែជាផ្នែកមួយរបស់ប្រទេសចិន តៃវ៉ាន់មិនមានសិទ្ធិអ្វីនៅក្នុងច្បាប់អន្តរជាតិនោះទេ
ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងកាលពីថ្ងៃសុក្រថា តៃវ៉ាន់មិនមានសិទ្ធិអ្វីមួយនៅក្នុងច្បាប់អន្តរជាតិឡើយ ព្រោះខ្លូននៅតែជាផ្នែកមួយរបស់ប្រទេសចិន។
ថ្លែងពីទីក្រុងរ៉ូម អំឡុងពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន ២០ ឬ ហៅកាត់ថា G-20 លោក វ៉ាង បាននិយាយថា៖ «មានប្រទេសចិនតែមួយប៉ុណ្ណោះនៅពិភពលោក។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន»។
សមាជិកនៃការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រជាជន ១,៤ពាន់លាននាក់របស់ចិនកំពុងតែខិតខំជំរុញឱ្យចិនដីគោក និងកោះតៃវ៉ាន់រួបរួមគ្នាឡើងវិញ។
«តៃវ៉ាន់គ្មានអនាគតនោះឡើយ ប្រសិនបើមិនបង្រួបបង្រួមជាមួយចិនដីគោក។ ក្រៅតែជាផ្នែកមួយរបស់ប្រទេសចិន តៃវ៉ាន់មិនមានសិទ្ធិអ្វីនៅក្នុងច្បាប់អន្តរជាតិនោះទេ»។ នេះជាការលើកឡើងបន្តរបស់លោក វ៉ាង។
ការលើកឡើងដូច្នេះធ្វើឡើង ក្រោយពេលដែល រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប្លីងឃិន (Anthony Blinken) គូសបញ្ជាក់ពីគោលជំហររបស់អាមេរិក ក្នុងការចង់ឃើញឱ្យតៃវ៉ាន់ «ចូលរួមដោយមានន័យ» នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ។
លោកបានលើកឡើងថា៖ «ការចូលរួមដ៏មានន័យរបស់តៃវ៉ាន់នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិមិនមែនជារឿងនយោបាយនោះទេ តែជារឿងជាក់ស្ដែងមួយ»។ លោកបានបន្ថែមថា «ការរារាំងមិនឱ្យតៃវ៉ាន់ចូលរួម ធ្វើឱ្យខូចការសំខាន់ៗរបស់អង្គការសហប្រជាជាតិ និងអង្គភាពចំណុះរបស់ខ្លួន»។
សហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យ សមាជិកអង្គការកំពូលពិភពលោកមួយនេះចូលរួមជាមួយខ្លួន ដើម្បីគាំទ្រការចូលរួមដោយមានន័យរបស់តៃវ៉ាន់ នៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក ប្លីងឃិន។
លោកបានសង្កត់ធ្ងន់ថា រាល់ការចូលរួមនៅឆាកអន្តរជាតិរបស់តៃវ៉ាន់ត្រូវតែស្របតាម «គោលនយោបាយ “ចិនតែមួយ” របស់អាមេរិក ដែលតម្រង់ទិសដោយ ច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់ សេចក្ដីថ្លែងការណ៍រួមចំនួន ៣ និងការធានាចំនួន ៦ចំណុច»។
តាមពិតទៅ គោលនយោបាយ «ចិនតែមួយ» របស់អាមេរិក នៅតែមានភាពស្មុគស្មាញណាស់ ដោយសារតែគោលជំហររបស់ប្រទេសនេះមានភាពផ្លាស់ប្ដូរទៅតាមកាលៈទេសៈ។ ជាគោលការណ៍ អាមេរិកមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យនោះទេ ប្រសិនបើផ្អែកគោលនយោបាយនេះ តែអាមេរិកមានសិទ្ធិការពារតៃវ៉ាន់តាមរយៈការលក់អាវុធ ហើយក៏មានទំនាក់ទំនងផ្នែកផ្សេងៗជាមួយគ្នា លើកលែងតែទទួលស្គាល់ជារដ្ឋមួយប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក វ៉ាង យី បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៌មុនថា សហរដ្ឋអាមេរិកកំពុងតែលេបសម្ដីរបស់ខ្លួនហើយ អំឡុងពេលដែលខ្លួនបានសច្ចានៅពេលបង្កើតទំនាក់ទំនងជាមួយចិនប្រជាមានិតកាលពី ៥០ឆ្នាំមុន។
«សកម្មភាព [របស់អាមេរិក] រំលោភលើការប្ដេជ្ញាចិត្តនយោបាយរបស់ពួកគេ នៅពេលដែលពួកគេបង្កើតទំនាក់ទំនងការទូតជាមួយចិន»។ នេះជាការចុះផ្សាយរបស់ក្រសួងការបរទេសចិន។
ប្រភពខាងលើបានបន្តថា អាមេរិកកំពុងតែមើលរំលងឆន្ទៈរបស់ប្រទេសភាគច្រើន ដែលគាំទ្រដល់សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ ២៧៥៨។ ការមើលរំលងនេះជាការមើលស្រាលដល់ធម្មនុញ្ញស្ថាប័នពិភពលោកមួយនេះ។ នេះបើតាមការបន្ថែមរបស់ខាងចិន។
តាមពិតទៅ តៃវ៉ាន់ ឬ សាធារណរដ្ឋចិនធ្លាប់កាន់កាប់កៅអីនៅស្ថាប័នពិភពលោកនេះចាប់តាំងពីអង្គការនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧១ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលេខ ២៧៥៨ ដែលជាសេចក្ដីសម្រេចថា សាធារណរដ្ឋប្រជាមានិតចិនជា «តំណាងស្របច្បាប់របស់ចិន នៅក្នុងឆាកអង្គការសហប្រជាជាតិ» និងដកចេញនូវ «តំណាងរបស់លោក ចាង កាយចៀក» ដែលជាមេដឹកនាំតៃវ៉ាន់នៅកាលនោះ។
សេចក្ដីសម្រេចនោះត្រូវបានចូលជាធរមានជាមួយនឹងសំឡេងគាំទ្រ ៧៦ មិនគាំទ្រ ៣៥ និងអនុប្បវាទចំនួន ១៧សំឡេង។ ចំណោមសំឡេងគាំទ្រទាំងនោះក៏មាន សហរដ្ឋអាមេរិកផងដែរ ខណៈនៅពេលអាមេរិក កំពុងតែចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយរដ្ឋធានីប៉េកាំង ស្របពេលដែលចិន និងសូវៀតមានភាពប្រេះឆានឹងគ្នា៕

ប្រភព៖ SCMP