សន្និសីទអាកាសធាតុ COP26 ចាប់ផ្ដើម តែភាពមិនយល់ស្របធំៗមួយចំនួននៅតែមាន
គណៈប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជុំវិញពិភពលោកចាប់ផ្ដើមមកដល់ទីក្រុង Glasgow នៅសប្ដាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុដ៏សំខាន់មួយ ដែលលទ្ធផលនៃកិច្ចប្រជុំនឹងកំណត់ក្នុងកម្រិតធំ របៀបដែលមនុស្សប្រាំពីរពាន់លាននាក់របស់ពិភពលោកនឹងរស់រានមានជីវិតនៅលើភពផែនដីដែលកាន់តែក្ដៅ ហើយថាតើកម្រិតនៃការឡើងកម្ដៅខ្លាំងជាងនេះអាចត្រូវបានជៀសវាងសម្រាប់ប្រជាជនជំនាន់ក្រោយ។
រួចទៅហើយ ដែលការខកខានក្នុងការបន្ថយការកើនឡើងសីតុណ្ហភាព បណ្ដាលមកពីការដុតប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្ម បាននាំឱ្យមានគ្រោះទឹកជំនន់ អគ្គីភ័យព្រៃឈើ និងគ្រោះរាំងស្ងួតនៅជុំវិញពិភពលោក។ វាបានលាតត្រដាងនូវចន្លោះប្រហោងរវាងការយល់ស្របខាងវិទ្យាសាស្ត្រ ដែលនិយាយថាមនុស្សជាតិត្រូវការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជាក់ឱ្យឆាប់ និងអ្វីដែលមេដឹកនាំនយោបាយ និងនាយកប្រតិបត្តិសាជីវកម្មជាច្រើនមានឆន្ទៈចង់ធ្វើ។
ភាពតានតឹងគឺកំពុងអណ្ដែតពីលើកិច្ចប្រជុំរយៈពេល ១២ ថ្ងៃខាងនេះ។ ប្រទេសក្រីក្រមួយចំនួន ដែលរងគ្រោះដោយគ្រោះមហន្តរាយអាកាសធាតុ នៅកំពុងរង់ចាំប្រាក់ជំនួយ ដែលបានសន្យា ដោយប្រទេសឧស្សាហកម្មដែលជំរុញឱ្យមានវិបត្តិ ប៉ុន្តែមិនទាន់ត្រូវបានផ្ដល់ឱ្យនៅឡើយ។ ប្រទេសបំពុលបរិស្ថានធំៗ គឺកំពុងរុញច្រាញគ្នាទៅវិញទៅមកឱ្យកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជាក់ ខណៈពេលដែលប្រជែងគ្នាដណ្ដើមយកប្រយោជន៍ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចរៀងៗខ្លួន។
អ្វីដែលធ្វើឱ្យបញ្ហានេះកាន់តែស្មុគស្មាញនោះគឺការកើនឡើងនៃលទ្ធិជាតិនិយម ចំពេលដែលមានតម្រូវការសម្រាប់សកម្មភាពរួមគ្នាដើម្បីដោះស្រាយការគំរាមកំហែងជាសកលបែបនេះ។នេះធ្វើឱ្យកិច្ចពិភាក្សានៅទីក្រុង Glasgow ជាការសាកល្បងថាតើកិច្ចសហប្រតិបត្តិការសកលលោកអាចប្រឈមមុខនឹងវិបត្តិដែលមិនគិតពីព្រំដែនជាតិដែរឬទេ។
វិទ្យាសាស្ត្រគឺច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើ។ ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត មេតាន និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត ដែលជំរុញឱ្យកើនសីតុណ្ហភាពពិភពលោក ត្រូវតែកាត់បន្ថយជិតពាក់កណ្ដាលត្រឹមឆ្នាំ ២០៣០ ដែលសល់ពេលតិចជាងមួយទសវត្សសម្រាប់សម្រេចគោលដៅនេះ។ ជាក់ស្ដែងឥឡូវនេះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គឺនៅតែកំពុងកើនឡើង ដោយកាលពីសប្ដាហ៍អង្គការឧតុនិយមពិភពលោកប្រកាសថាបរិមាណឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសបានកើតឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ បើទោះបីជាមិនការបិទសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ក៏ដោយ ហើយគឺកំពុងបន្តកើនទៀតនៅឆ្នាំនេះ។
សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានកើនឡើង ១ អង្សាសេចាប់តាំងពីបដិវត្តឧស្សាហកម្មទី១។ ចំណុចមូលមតិវិទ្យាសាស្ត្រប្រសិនបើសីតុណ្ហភាពកើនឡើងបន្ថែមទៀត ១,៥ អង្សាសេនោះនឹងមានកើនឡើងយ៉ាងខ្លាំងនូវលទ្ធភាពនៃគ្រោះមហន្តរាយអាកាសធាតុដែលកាន់តែអាក្រក់ទៅៗ ដែលអាចធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ភាពអត់ឃ្លាន ជំងឺ និងជម្លោះ។
ចំណុចគោលដៅ ១,៥ អង្សាសេនេះបានក្លាយជាផ្នែកដ៏សំខាន់ក្នុងសន្ធិសញ្ញាក្រុងប៉ារីសឆ្នាំ ២០១៥ ប៉ុន្តែបើទោះបីជាគ្រប់ហត្ថលេខីបានបំពេញកាតព្វកិច្ចតាមកិច្ចព្រមព្រៀងនេះក៏ដោយ ក៏នៅព្យាករណ៍ថាសីតុណ្ហភាពពិភពលោកនឹងកើនឡើង ២,៧អង្សាសេបន្ថែមទៀតត្រឹមដំណាច់សតវត្សទី២១។
គោលដៅនៃកិច្ចប្រជុំ COP26 គឺដើម្បីឱ្យប្រទេសនានាជំរុញគ្នាទៅវិញទៅមកដើម្បីទប់ទល់នឹងការបញ្ចេញឧស្ម័នរបស់ពួកគេ ប្ដេជ្ញាផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រទេសដែលមានប្រាក់ចំណូលទាបដើម្បីដោះស្រាយផលប៉ះពាល់ និងធ្វើកែលម្អកិច្ចព្រមព្រៀងប៉ារីស។ កិច្ចព្រមព្រៀងនេះបានចែងថា ប្រទេសនានាមករួមគ្នាជារៀងរាល់ប្រាំឆ្នាំម្ដងដើម្បីធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពអាកាសធាតុរបស់ពួកគេ និងជំរុញគ្នាទៅវិញទៅមកដើម្បីធ្វើបន្ថែមទៀត។ កិច្ចប្រជុំឆ្នាំ២០២០ ត្រូវបានខកខានដោយសារតែរីករាលដាលជំងឺកូវីដ-១៩។ កិច្ចប្រជុំកំពូលអាកាសធាតុត្រូវបានពន្យារពេលខណៈដែលគ្រោះមហន្តរាយអាកាសធាតុបានកើតឡើងជាបន្តបន្ទាប់។
ខ្សែសមរភូមិគឺកំពុងលេចឡើងក្នុង COP26 រួចទៅហើយជុំវិញសំណួរថាតើនរណាជាអ្នកទទួលខុសត្រូវចំពោះការឡើងកម្ដៅនៃភពផែនដី តើអ្នកណាគួរធ្វើអ្វីដើម្បីកុំឱ្យវាកាន់តែអាក្រក់ និងរបៀបរស់នៅជាមួយនឹងការខូចខាតដែលមានរួចទៅហើយ។
ចំណែកដ៏ធំបំផុតនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គឺភាគច្រើនមកពីអាមេរិក និងអឺរ៉ុប ប៉ុន្តែអ្នកបញ្ចេញច្រើនជាគេនៅពេលឥឡូវនេះគឺមកពីប្រទេសចិន ដែលគេចាត់ទុកថាជារោងចក្ររបស់ពិភពលោក។
ក្នុងករណីខ្លះ ការបែងចែកនៅ Glasgow បានលេចឡើងរវាងប្រទេសឧស្សាហកម្មជឿនលឿន រួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប នឹងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន រួមមានប្រទេសចិន ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ ក្នុងករណីផ្សេងទៀតការបែកបាក់បានកើតឡើងរវាងប្រទេសបំពុលបរិស្ថានដូចជាចិន និងឥណ្ឌា នឹងប្រទេសក្រីក្រងាយរងគ្រោះនៅតំបន់ប៉ាស៊ីហ្វិក និងការាបៀន។
មិនថាមានអ្វីកើតឡើងនៅក្នុងកិច្ចប្រជុំកំពូលនេះ ឬទេ ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនឹងត្រូវបានវាស់វែងដោយថាតើសេដ្ឋកិច្ចពិភពលោកអាចងាកចេញពីឥន្ធនៈផូស៊ីលបានលឿនប៉ុណ្ណា។ ក្រុមហ៊ុនធ្យូងថ្ម ប្រេង និងឧស្ម័ន និងសម្ព័ន្ធមិត្តនយោបាយរបស់ពួកគេគឺកំពុងប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរនោះ។ ប៉ុន្តែការផ្លាស់ប្ដូរបានចាប់ផ្ដើមចេញជារូបរាងហើយ។
ប្រសិនបើគ្រប់ប្រទេសនានាបន្តអនុលោមតាមកិច្ចព្រមព្រៀងក្រុងប៉ារីស គេព្យាករណ៍ថាការប្រើប្រាស់ឥន្ធនៈផូស៊ីលនឹងកើនដល់ចំណុចអតិបរមានៅពាក់កណ្ដាលទសវត្សនេះ ហើយនឹងចាប់ផ្ដើមធ្លាក់ចុះបន្ទាប់ពីចំណុចនោះ។ ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យបានក្លាយជាប្រភពអគ្គិសនីតម្លៃថោកបំផុតនៅក្នុងទីផ្សារមួយចំនួន ការប្រើប្រាស់ធ្យូងថ្មត្រូវបានកំណត់ថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្ដាលសតវត្ស បើទោះបីជាមានការកើនឡើងនៅឆ្នាំនេះ ដោយសារការកើនឡើងនៃសកម្មភាពឧស្សាហកម្មនៅក្នុងប្រទេសចិន ហើយរថយន្តអគ្គិសនីត្រូវបានព្យាករណ៍ថានឹងកាត់បន្ថយតម្រូវការប្រេងពិភពលោកត្រឹមឆ្នាំ២០៣០។ បន្ថែមពីលើនេះបន្ទាប់ពីសន្ធិសញ្ញាឆ្នាំ២០១៥ ការកើនឡើងសីតុណ្ហភាពបានបន្ថយល្បឿន។

ប្រភព៖ New York Times