គ្រួសារជនជាតិប៉ាឡេស្ទីនបដិសេធការពន្យារផែនការបណ្ដេញពួកគេចេញពីក្រុងជេរូហ្សាឡឹម
កាលពីថ្ងៃអង្គារ ទី០២ វិច្ឆិកា គ្រួសារជនជាតិប៉ាឡេស្ទីនដែលរស់ក្នុងដែនដីមានជម្លោះដ៏តឹងតែងក្នុងក្រុងជេរូហ្សាឡឹម បានបដិសេធការពន្យារផែនការបណ្ដេញពួកគេចេញពីកន្លែងនេះ ដែលផែនការនេះកាលពីខែឧសភាបានបង្កឱ្យមានបាតុកម្មយ៉ាងខ្លាំងនៅក្រុងជេរូហ្សាឡឹម និងផ្ទុះសង្គ្រាមរយៈពេល ១១ ថ្ងៃនៅតំបន់ហ្កាហ្សា។
គ្រួសារប៉ាឡេស្ទីនចុងក្រោយទាំងបួន ដែលប្រឈមនឹងការបណ្ដេញចេញសង្កាត់សេក ចារ៉ា បាននិយាយថាការសម្រេចចិត្តរបស់ពួកគេកើតចេញពីជំនឿរបស់ពួកគេលើយុត្តិធម៌នៃបុព្វហេតុរបស់ពួកគេ និងសិទ្ធិរបស់ពួកគេចំពោះគេហដ្ឋាន និងមាតុភូមិរបស់ពួកគេ។ ពួកគេនិយាយថាជាជាងចុះចូលទៅនឹង «កិច្ចព្រមព្រៀងអយុត្តិធម៌» ពួកគេនឹងផ្អែកលើ «ផ្លូវប៉ាឡេស្ទីន» ដើម្បីបង្កើនការយល់ដឹងជាអន្តរជាតិអំពីស្ថានភាពរបស់ពួកគេ។
កាលពីខែមុន តុលាការកំពូលអ៊ីស្រាអែលបានស្នើកិច្ចព្រមព្រៀងដែលនឹងផ្ដល់ការទទួលស្គាល់ថាគ្រួសារទាំងនេះគឺជា «អ្នកជួលដែលត្រូវបានការពារ» ហើយពន្យារការបណ្ដេញចេញរហូតទៅដល់ ១៥ ឆ្នាំ ជាថ្នូរនឹងការទទួលស្គាល់ជាបណ្ដោះអាសន្នថាជនជាតិអ៊ីស្រាអែលជាម្ចាស់កម្មសិទ្ធិ ហើយបង់ប្រាក់ឈ្នួល
សង្កាត់សេក ចារ៉ាត្រូវបានក្រុមតាំងទីលំនៅជនជាតិអ៊ីស្រាអែលអះអាងថាជាកម្មសិទ្ធិរបស់ពួកគេដោយផ្អែកលើលិខិតទិញលក់តាំងពីចុងសតវត្សទី១៩ ខណៈក្រុមជនជាតិប៉ាឡេស្ទីនបានលើកឡើងថាក្រុមជនជាតិអ៊ីស្រាអែលគឺគ្រាន់តែបានជួលដែនដីនេះ ហើយមិនមែនជាម្ចាស់កម្មសិទ្ធិទេ។ តុលាការអ៊ីស្រាអែលបានចេញសាលក្រមថាដែនដីទាំងនេះគឺជាកម្មសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល ហើយជនជាតិប៉ាឡេស្ទីនត្រូវបង់ប្រាក់ឈ្នួលប្រសិនបើមិនចង់ឱ្យគេបណ្ដេញចេញ៕





ប្រភព៖ Yahoo News