នាយករដ្ឋមន្ត្រីអង់គ្លេស៖ ស្នូរជួងបុណ្យសពធ្យូងថ្មត្រូវបានបន្លឺ បើទោះបីជាមានការផ្លាស់ប្ដូរភាសាក្នុងកិច្ចព្រមព្រៀងក៏ដោយ

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ក្លាសហ្គូ ​ថា​ជា​ «កិច្ចព្រមព្រៀង​មាន​ឥទ្ធិពល​ផ្លាស់​ប្ដូរ​ដ៏​ធំ​» ដែល​បាន​បន្លឺ​«ស្នូរ​ជួង​បុណ្យ​សព​របស់​ថាមពល​ធ្យូង​ថ្ម»​ បើ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ភាសា​ក្នុង​កិច្ច​ព្រមព្រៀង​ក៏​ដោយ​។

ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​បាន​នេះ​បាន​យល់​ព្រម​ «កាត់​បន្ថយ» ជាជាង​ «កាត់​ផ្ដាច់​» ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម​។ ការ​ផ្លាស់​ប្ដូរ​ភាសា​នេះ​គឺ​ធ្វើ​តាម​សំណើ​របស់​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា​ ដែល​ជា​អ្នក​ប្រើប្រាស់​ធ្យូង​ថ្ម​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​។ ប៉ុន្តែ​នៅ​តែ​ជា​លើក​ទី​មួយ​ដែល​ផែន​ការ​កាត់​បន្ថយ​ធ្យូងថ្ម​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​បែប​នេះ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​បន្ទាប់​ពី​ការ​ចរចា​នៅ​កិច្ចប្រជុំ​កំពូល​ COP26 រយៈ​ពេល​ពីរ​សប្ដាហ៍​បាន​ឈាន​ដល់​ម៉ោង​បន្ថែម​កាល​ថ្ងៃ​សៅរ៍​។

​អ្នក​រិះគន់​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ​បាន​ទៅ​មុខ​គ្រប់​គ្រាន់​ទេ​ ហើយ​នឹង​មិន​បំពេញ​គោលដៅ​ចម្បង​នៃ​កិច្ចប្រជុំ​ដើម្បី​ការពារ​កុំ​ឱ្យ​កម្ដៅ​ពិភពលោក​កើន​ឡើង​ ១,៥ អង្សា​សេ​បន្ថែម​ទៀត​។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​គោលដៅ​នេះ​គឺ​សំខាន់​ណាស់​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អាក្រក់​បំផុត​របស់​ការ​ប្រែប្រួល​អាកាសធាតុ​។

ក្នុង​សន្និសីទ​កាសែត​មួយ​លោក​ចនសុន​ ដែល​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ COP26 បាន​និយាយ​ថា​៖​ «យើង​អាច​ជិះ​ឥទ្ធិពល​ យើង​អាច​បញ្ចុះ​បញ្ចូល យើង​អាច​លើក​ទឹក​ចិត្ត​ ប៉ុន្តែ​យើង​មិន​អាច​បង្ខំ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ឱ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​ចង់​ធ្វើ​នោះ​ទេ​»​។ លោក​បន្ត​ទៀត​ថា​៖ «ចំពោះ​ការ​មិន​យល់​ស្រប​របស់​យើង​ទាំង​អស់ ពិភពលោក​កំពុង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ត្រឹមត្រូវ​»។

ថ្វី​បើ​មាន​សមិទ្ធផល​ក្នុង​កិច្ចប្រជុំ​កំពូល​ក៏​ដោយ​ លោក​ចនសុន​នៅ​មាន​ការ​ខក​មួយ​ចំនួន​។ លោក​និយាយ​ថា​មាន​គោលដៅ​មហិច្ឆតា​ខ្ពស់​ជា​ច្រើន​ ជា​ពិសេស​ពី​ប្រទេស​ប្រឈម​បញ្ហា​ភ្លាម​ៗ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​មាន​ភាព​ស្ទាក់ស្ទើរ​។ លោ​និយាយ​ថា​ចក្រភព​អង់គ្លេស​មិន​អាច​បង្ខំ​ប្រទេស​ផ្សេង​ឱ្យ​ធ្វើ​សកម្មភាព​ទេ​។

យ៉ាង​ណា​មិញ គោលដៅ​ចម្បង​ ដែល​បាន​កំណត់​ដោយ COP26 គឺ​ដើម្បី​ធានា​ថា​ការ​ឡើង​កម្ដៅ​ផែនដី​មិន​ឡើង​លើស​ ១,៥ អង្សា​សេ​ នៅ​ឆ្នាំ ២១០០ ប៉ុន្តែ​របាយការណ៍​មួយ​ដោយ​ក្រុម​តាម​ដាន​សកម្មភាព​អាកាសធាតុ​បាន​គណនា​ថា​ក្នុង​អត្រា​បច្ចុប្បន្ន ពិភពលោក​គឺ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ឡើង​កម្ដៅ​ ២,៤ ត្រឹម​កាល​បរិច្ឆេទ​នោះ​។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្លាសហ្គូ ប្រទេសនានា​​ជុំវិញ​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ឆ្នាំ​ក្រោយ​ម្ដង​ទៀត​ដើម្បី​ធ្វើ​សន្យា​កាត់​បន្ថយ​កាបូន​បន្ថែម​ទៀត​ក្នុង​គោលបំណង​ឈាន​ដល់​គោលដៅ ​១,៥ អង្សា​សេ​។

កិច្ច​ព្រមព្រៀង​ក៏​បាន​ចែង​ថា​ប្រទេស​នានា​ត្រូវ​បោះពុម្ព​ឡើងវិញ​នូវ​ផែន​ការ​សកម្មភាព​អាកាស​ធាតុ​របស់​ពួកគេ​នៅ​ចុង​ឆ្នាំ​ក្រោយ ជាមួយ​នឹង​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពោរពេញ​ដោយ​​​មហិច្ឆតា​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ ២០៣០​។ កិច្ចព្រមព្រៀង​នេះ​ក៏​មាន​ការ​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​ឱ្យ​បង្កើន​ប្រាក់​ដែល​ពួកគេ​ផ្ដល់​ដល់​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​រួច​ទៅ​ហើយ ឱ្យ​បាន​លើស​ពី​គោលដៅ​ប្រចាំ​ឆ្នាំ ១០០ ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន៕

ព្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner