ក្រសួងការពារជាតិកម្ពុជាបន្តទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រពីក្រសួងការពារជាតិនៃប្រទេសចិន (Video Inside)

ក្រសួងការពារជាតិកម្ពុជា បានទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រ១១មុខបន្ថែមទៀតពីក្រសួងការពារជាតិនៃ ប្រទេសចិន សម្រាប់បម្រើឱ្យការរទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រទាំងនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន។

ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃដំបូងដែលវ៉ាក់សាំងរបស់ចិនមកដល់កម្ពុជា គឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសចិនក៏បានក្លាយជាប្រទេសដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ផងដែរ។ ឯកអគ្គរដ្ឋទូតចិនលោកវ៉ាងវិធៀន បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីថាកម្ពុជានិងចិន គឺជាប្រទេសដែលមានការជួយយកអាសារគ្នាទៅវិញទៅមក។

ប្រទេសចិន គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្តល់ជំនួយនិងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំង បង្ការមេរោគកូវីដ១៩សរុបចំនួនជិត៣៩លានដូស ក្នុងនោះ រួមមានវ៉ាក់សាំងជំនួយ ៨លាន ៣សែន ដូស។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិននៅតែបន្តផ្តល់ជំនួយ វ៉ាក់សាំង និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner