ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានត្រូវបានគេរំពឹងថានឹងពង្រឹងអំណាច ក្នុងការបោះឆ្នោតសភា
កាលពីថ្ងៃអាទិត្យសប្ដាហ៌នេះ ប្រជាជនប្រទេសកៀហ្ស៊ីស៊ីស្ថានបានចាប់ផ្ដើមបោះឆ្នោតជ្រើសរើសសភាថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុនបានបង្កឱ្យមានកុប្បកម្មផ្ដួលរំលំរដ្ឋាភិបាលមុន។
អ្នកវិភាគនយោបាយ បាននិយាយថាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីសាឌីរ ចាប៉ារូវនឹងទទួលសំឡេងឆ្នោតភាគច្រើន ដែលនឹងពង្រឹងអំណាចរបស់ក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រទេសរុស្សី និងប្រទេសចិន។
លោកចាប៉ារូវ បានចូលកាន់អំណាចក្នុងកំឡុងពេលចលាចលបន្ទាប់ពីការបោះឆ្នោតសភាខែតុលាឆ្នាំ២០២០ ដែលលទ្ធផលត្រូវបានជំទាស់ដោយគណបក្សជាច្រើន។ កាលនោះលោកចាប៉ារូវត្រូវបានដោះលែងពីពន្ធនាគារ ដែលលោកត្រូវបានឃុំឃាំងជុំវិញការចោទប្រកាន់ថាលោកបានចាប់ជំរិតអភិបាលខេត្តមួយរូប។ អ្នកដោះលែងលោកចាប៉ារូវបានតែងតាំងលោកជានាយករដ្ឋមន្ត្រីស្ដីទី ហើយក្រោយមកលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។
ក្រៅពីធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីពង្រឹងអំណាចរបស់តំណែងប្រធានាធិបតី លោកចាប៉ារូវបានជាតូបនីយកម្មអណ្ដូងរ៉ែមាស Kumtor ដែលដើមឡើយត្រូវបានសម្បទានទៅឱ្យក្រុមហ៊ុនកាណាដា ឈ្មោះCenterra Gold ធ្វើឱ្យមានជម្លោះផ្លូវច្បាប់។
យ៉ាងណាមិញ កាលពីសប្ដាហ៌មុនភ្នាក់សន្តិសុខរដ្ឋ ដឹកនាំដោយសម្ព័ន្ធមិត្តរបស់លោកចាប៉ារូវ បានប្រកាសថាពួកគេបានរារាំងឧបាយកលធ្វើរដ្ឋប្រហារ គ្រោងដោយអតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកសភា ដែលគេមិនបញ្ចេញឈ្មោះ៕





ប្រភព៖ Reuters