តេឡេទស្សន៍ James Webb រំកិលខ្លួនចូលក្នុងគន្លងតារាវិថីឆ្ពោះគោលដៅចម្ងាយ ១,៦ លានគីឡូម៉ែត្រពីផែនដី ក្រោយបាញ់បង្ហោះ
តេឡេទស្សន៍ដ៏ធំបំផុតរបស់ពិភពលោកឈ្មោះថា ជេមស៍វេប (James Webb) របស់អង្គការណាសា (NASA) រំកិលចូលគន្លងប្រព័ន្ធផ្ដាយរណប កន្លះម៉ោងក្រោយបាញ់បង្ហោះកាលពីថ្ងៃសៅរ៍សប្ដាហ៌មុន ឆ្ពោះទៅកាន់លំហក្នុងបេសកម្មសិក្សាស្រាវជ្រាវពីចក្រវាលដ៏អាថ៌កំបាំងនៃពិភពលោក។
អង្គការណាសាចាត់ទុកតេឡេទស្សន៍ជេមស៍វេប ដែលត្រូវចំណាយថវិកាសម្រាប់ផលិតជាង ៩ ប៊ីលានដុល្លារ ថាជាយានសង្កេតការណ៍ដំបូងបង្អស់របស់វិស័យវិទ្យាសាស្រ្តលើបេសកម្មស្រាវជ្រាវទីអវកាសរបស់មនុស្សក្នុងសតវត្សរ៍ចុងក្រោយនេះ។ តេឡេទស្សន៍នេះ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានបាញ់បង្ហោះរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបនៅ French Guiana ដោយមានរ៉ុក្កែតម៉ូឌែលអារីយ៉ាន៥ (Ariane 5) ជាអ្នកដឹក។
តេឡេទស្សន៍ជេមស៍វេប នឹងរំកិលខ្លួនឆ្ពោះទៅរកទីគោលដៅនៅចម្ងាយ ១,៦ លានគីឡូម៉ែត្រពីផ្ទៃផែនដី ឬហួសចម្ងាយព្រះចន្ទរហូតដល់ ៤ ដង។ យាននេះនឹងចំណាយរយៈពេល ១ ខែដើម្បីទៅដល់ទីនោះ ហើយនឹងចាប់ផ្ដើមសកម្មភាពស្កេនចក្រវាលរបស់ខ្លួននៅ ៥ ខែបន្ទាប់។
ជេមស៍វេបដែលមានកញ្ចក់បេរីល្យូមយក្សស្រោបមាសប្រវែង ៦,៥ ម៉ែត្រ អាចឆ្លុះមើលនូវការកកើតដែនកាឡាក់ស៊ីដំបូងៗគេក្នុងចក្រវាលដែលមានអាយុកាលជាង ១៣ ប៊ីលានឆ្នាំ ហើយវាក៏នឹងអាចស្ទង់វិភាគបរិយាកាសជុំវិញភពនានា ដែលរណបនឹងតារាធំៗផ្សេងទៀតក្រៅពីភពព្រះអាទិត្យ។
អ្នកគ្រប់គ្រងអង្គការណាសាលោក ប៊ីល នីលសុន (Bill Nelson) និយាយថា៖ «វា[ជេមស៍វេប]នឹងផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែប្រសើរឡើងអំពីចក្រវាលរបស់យើង និងកន្លែងរបស់យើង[ក្នុងចក្រវាល] ដោយដឹងថាយើងជានរណា យើងជាអ្វី»។
អ្នកកាសែតរបស់សារព័ត៌មាន Al Jazeera លោក Manuel Rapalo រាយការណ៍ពីកន្លែងបាញ់បង្ហោះនិយាយថា បេសកម្មជាប្រវត្តិសាស្រ្តក្នុងការធ្វើបដិវត្ដតារាសាស្រ្តនេះ នឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រពិនិត្យមើលពេលវេលាត្រឡប់ទៅដំណាក់កាលដំបូងនៃចក្រវាល។
លោកនិយាយថា៖ «អ្នកវិទ្យាសាស្ត្រក៏នឹងអាចពិនិត្យមើលបរិយាកាសនៃភព និងកំណត់ ថាតើភពនានាមិនត្រឹមតែអាចឱ្យជីវិតរស់នៅបាន និងសមរម្យសម្រាប់មនុស្សអាចធ្វើអាណានិគមនាថ្ងៃណាមួយនោះទេ ប៉ុន្តែក៏ដើម្បីកំណត់ថាតើលក្ខខណ្ឌទាំងនោះល្អសម្រាប់ជីវិតឬអត់»។
លោក Heidi Hammel តារាវិទូភពផែនដី និងជាអ្នកវិទ្យាសាស្ត្រអន្តរកម្មក្នុងបេសកកម្មនិយាយថា៖ «យើងនឹងចូលទៅក្នុងរបបថ្មីទាំងមូលនៃរូបវិទ្យាតារាសាស្ត្រ ដែលជាព្រំដែនថ្មី។ នោះហើយជាអ្វីដែលធ្វើឱ្យយើងជាច្រើនរំភើបចំពោះតេឡេទស្សន៍ជេមស៍វេប»។
ដោយដាក់ឈ្មោះតាមអ្នកគ្រប់គ្រងរបស់ណាសាក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ជេមស៍វេបត្រូវបានពន្យាពេលបាញ់បង្ហោះរាប់ឆ្នាំរាប់តាំងពីតេឡេទស្សន៍នេះបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៦ ដោយសារតែភាពប្រថុយប្រថានផ្នែកបច្ចេកទេស ការអនុម័តពីសភា និងជំងឺរាតត្បាតកូវីត-១៩។
ជេមស៍វេបមានទំហំកញ្ចក់ធំជាងតេឡេទស្សន៍អវកាសហាប់បល (Hubble) របស់ណាសាដែលបាញ់បង្ហោះក្នុងឆ្នាំ ១៩៩០ ហើយប្រវែងដ៏ធំនៃកញ្ចក់របស់វា នឹងអនុញ្ញាតឱ្យតេឡេទស្សន៍មួយនេះប្រមូលពន្លឺកាន់តែច្រើនពីវត្ថុដែលវាសង្កេតឃើញក្នុងលំហ។ ពេលកញ្ចក់អាចប្រមូលពន្លឺបានកាន់តែច្រើន តេឡេទស្សន៍អាចសង្កេតព័ត៌មានលម្អិតកាន់តែច្រើន។
ភាពខុសគ្នារវាងតេឡេទស្សន៍ទាំងពីរមួយទៀតត្រង់ថា ជេមស៍វេបមានបំពាក់ដោយកាមេរ៉ា និងឧបករណ៍ផ្សេងទៀតដែលងាយនឹងកាំរស្មីអ៊ីនហ្វ្រារ៉េដ ឬកំដៅ។ ម៉្យាងវិញទៀត ហាប់បលស្ថិតនៅក្នុងគន្លងតារាវិថីទាបប្រហែលជាង ៥០០ គីឡូម៉ែត្រលើផ្ទៃផែនដី ដែលអាចឱ្យអវកាសយានិកទៅទស្សនា និងជួសជុលនៅពេលដែលតេឡេទស្សន៍ខូច ឬដំឡើងឧបករណ៍ថ្មីបាន។
តេឡេទស្សន៍ជេមស៍វេបត្រូវគេរំពឹងថានឹងដំណើរការរយៈពេលប្រាំឆ្នាំ បើទោះបីជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលបានសាងសង់វាសង្ឃឹមថាវានឹងមានអាយុកាលដប់ឆ្នាំក្ដី។ រយៈពេលប្រាំឆ្នាំបន្ថែមទាំងនោះ នឹងក្លាយជាអត្ថប្រយោជន៍ដ៏ធំសម្រាប់សហគមន៍តារាសាស្ត្ររបស់ពិភពលោក។

ប្រភព៖ Aljazeera