តើលោក Desmond Tutu របស់អាហ្វ្រិកខាងត្បូងជានរណា?

​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ដឹក​នាំ​ការ​តស៊ូ​អហិង្សា​ប្រឆាំង​នឹង​ច្បាប់​បែង​ចែក​ជាតិ​សាសន៍​ (Apartheid) ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ លោក​មហា​សង្ឃ​នាយក​ ដេស​ម៉ុងដ៍​ ទូទូ​ (Desmond M. Tutu) ​ដែល​ទទួល​មរណភាព​ក្នុង​វ័យ​ ៩០ ​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​សារជំងឺ​​មហារីក​ក្រពេញ​ប្រូស្តាត​ ។​ហើយ​កាលពី​នៅមាន​ជិវិត​ លោក​បាន​បន្ត​ធ្វើ​ជា​​អ្នកខាង​ក្រម​​សីលធម៌​របស់​អាហ្វ្រិក​ខាង​ត្បូង។ 

ទោះ​ជា​លោក​​​ចូលនិវត្តន៍​ជា​ផ្លូវ​ការ​ពី​ជីវិត​សាធារណៈ​ក្នុង​ឆ្នាំ​ ២០១០ ​ក្ដី​ ​​អតីត​មហា​សង្ឃ​នាយក​រូប​នេះ​នៅ​តែ​ជា​អ្នក​តស៊ូ​មតិ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្វី​ដែល​លោក​មើល​ឃើញ​ថា​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ រួម​ទាំង​ហេតុ​ផល​ជា​ច្រើន​ដូច​ជា​ យុត្តិធម៌​សង្គម​ និង​អាកាសធាតុ​។​  

លោក​ប្រឆាំង​តវ៉ា​នឹង​អំពើ​ពុក​រលួយ​ និង​កង្វះ​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​សមាជជាតិ​អាហ្រ្វិក​ (ANC) និង​ប្រឆាំង​នឹង​ការ​រើស​អើង​ ដូច​ជា​​អំពាវ​នាវ​ឱ្យ​ក្រុម​ជំនុំ​គ្រិស្តសាសនា​អង់គ្លីខិន​កុំ​ប្រកាន់​ជំហរ​ដាច់​អហង្ការ​​ចំពោះ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​​ជាដើម​។

លោក​ទូទូ​ ក៏​បាន​​និយាយ​ពី​​ការ​​ប្រព្រឹត្ត​​របស់​​អ៊ីស្រាអែល​​លើ​​ជន​ជាតិ​​ប៉ាឡេស្ទីន​ សង្រ្គាម​​ដែល​​ដឹក​នាំ​​ដោយ​​សហរដ្ឋ​​អាមេរិក​​នៅ​​អ៊ីរ៉ាក់ ​និង​​ពួក​​អ្នក​​រឹង​រូស​​ក្នុង​​ព្រះ​វិហារ​​របស់​​លោក​។​ ចលនា​​ស្វែង​រក​សន្តិភាព​របស់​លោក ​នាំ​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជាច្រើន​ដូច​ជា​ប្រទេស​ស៊ីប​ អៀរ​ឡង់​ខាង​ជើង​ និង​កេនយ៉ា​​។​

លោក​ Scott Firsing ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ម្នាក់​នៅ​អាហ្រ្វិក​ខាង​ត្បូង​និយាយ​ថា​៖​ «​លោក​[ទូទូ​]​ ​គឺ​ជា​ក្រម​សីលធម៌​របស់​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ជា​បន្លា​មួយ​​ក្នុង​​រដ្ឋាភិបាល​ដែល​បង្កើត​ច្បាប់​ Apartheid ​ដែល​ធ្វើ​ឱ្យ​មាន​វិសម​ភាព​  រួម​ជាមួយ​នឹង​រដ្ឋាភិបាល​ជំនាន់​ក្រោយ​មក​ទៀត​ ដែល​លោក​រិះ​គន់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​ចំពោះ​ទំនោរ​រក​រដ្ឋាភិបាល​ចិន​​​»​​។

លោកទូទូ​កើត​នៅ​ឆ្នាំ​ ១៩៣១ ​នៅ​​ក្រុង​​ Klerksdorp ​ភាគ​ពាយព្យ​អាហ្វ្រិក​ខាង​ត្បូង​ដែល​មាន​ឪពុក​ជា​គ្រូ​បង្រៀន​ និង​ម្ដាយ​ជា​អ្នក​បម្រើ​តាម​​ផ្ទះ​។​ ដំបូង​ឡើយ​ លោក​ដើរ​តាម​គន្លង​របស់​ឪពុក​​​ជា​គ្រូ​បង្រៀន​ ប៉ុន្តែ​ក្រោយ​មក​ក៏​លា​លែង​ពី​ការងារ​ដើម្បី​ចូល​រួម​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​លើ​ការ​ចូល​រៀន​​របស់​កុមារ​ស្បែក​ខ្មៅ​។​

លោកទទួល​រង​ឥទ្ធិពល​ពី​​លោក Trevor Huddleston ដែល​ជា​​ប៊ីស្សព​​ជន​ជាតិ​អង់គ្លេស​ និង​​បព្វជិត​ស្បែកស​ដទៃ​ទៀត​ដែល​ប្រឆាំង​នឹង​ច្បាប់​បែងចែក​ជាតិសាសន៍​ ​រួច​ក្លាយ​ជា​បូជាចារ្យ​នៅ​ឆ្នាំ​ ១៩៦១ ​និង​ជា​ព្រឹទ្ធ​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ដំបូង​គេ​នៃ​ទីក្រុង​ចូហានេសបើហ្គ​ Johannesburg ​ក្នុង​ឆ្នាំ​ ១៩៧៥​។

នៅ​ពេល​ដែល​ប៉ូលីស​​គាប​សង្កត់​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ការ​តវ៉ា​របស់​និស្សិត​ស្បែក​ខ្មៅ​នៅ​ទីក្រុង​ Soweto ​ក្នុង​ឆ្នាំ​ ១៩៧៦​លោក​ទូទូ​ហៅ​រដ្ឋាភិបាល​ជន​ជាតិ​​ភាគ​តិច​​ស្បែក​ស​ថា​ ​ប្រកាន់​ពូជសាសន៍​ ធ្វើ​វិនាស​ និង​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ព្រះ។​

យោង​តាម​វិទ្យាស្ថាន​ណូបែល​ន័រវេស​ ទស្សនៈ​ច្បាស់​លាស់​ និង​ជំហរ​មិន​ភ័យ​ខ្លាច​​ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​និមិត្ត​សញ្ញា​បង្រួប​បង្រួម​សម្រាប់​អ្នក​តស៊ូ​ដើម្បី​សេរីភាព​នៅ​អាហ្វ្រិក​ទាំង​អស់​ ធ្វើ​ឱ្យ​លោក​ឈ្នះ​​ពាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​ ១៩៨៤​។​

លោក​ Steven Gish ​អ្នក​និពន្ធ​ជីវប្រវត្តិ​លោក​ទូទូ​និយាយ​ថា​៖​ «​លោក​​ទូទូ​គឺ​ជា​លោក​ Martin Luther King ​របស់​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ជា​អ្នក​បួស​គ្រិស្តសាសនា​​គ្មាន​ហឹង្សា​ ដើម្បី​យុត្តិធម៌​ និង​សមភាព​ពូជសាសន៍​។​ លោក​​មិន​​ដែល​​ស្អប់​​អ្នក​​ជិះ​ជាន់​​របស់​​លោក​​​ទេ​ ហើយ​​តែង​តែ​​ជឿ​​​លើ​​ការ​​សន្ទនា​ និង​​អំពាវនាវ​​ដល់​​មនសិការ​​សីលធម៌​​របស់​​មនុស្ស​»​។​

លោក​ទូទូ​ត្រូវ​បាន​តែង​តាំង​ជា​​មហាសង្ឃនាយក​នៃ​​ក្រុង​ Cape Town ​ក្នុង​ឆ្នាំ​ ១៩៨៦ ​​ហើយ​នៅ​តែ​បន្ត​ទាមទារ​ស្វែង​រក​យុត្តិធម៌​ផ្សេង​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ជន​ជាតិ​​ភាគ​តិច​​ស្បែក​ស​។​ លោក​ John Campbell ​អតីត​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​អាហ្វ្រិក​ខាង​ត្បូង​ថា​៖​ «​លោក​ទូទូ​គឺ​ជា​វីរបុរស​ពិត​ប្រាកដ​នៃ​សម័យ​កាលរ​បស់​យើង​ ដែល​ជា​អ្នក​អធិប្បាយ​ដ៏​អស្ចារ្យ​បែប​កំប្លែង​ៗ​»​។​​

យ៉ាង​ណា​មិញ​ ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​ក៏​រង​ការ​រិះ​គន់​ផង​ដែរ​ ជុំ​វិញ​ការណ៍​ដែល​ថា​លោក​មិន​​ម៉ឺង​ម៉ាត់​​លើ​សកម្មជន​ស្បែក​ខ្មៅ​ ដែល​​​រើ​បំរះ​​នឹង​ច្បាប់​ Apartheid ​ដោយ​​អំពើ​ហឹង្សា​ដូច​ជា​អ្នក​ស្រី​ Winnie Mandela ​និង​​ការ​មិន​ធ្វើ​ឱ្យ​គ្រប់​គ្រាន់​ដើម្បី​ដាក់​ទណ្ឌកម្ម​ជន​ជាតិ​ស្បែកស​ដែល​​គ្រប់​គ្រង​​ជន​ជាតិ​ស្បែក​ខ្មៅ​យ៉ាង​ឃោរឃៅ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​។​

លោកទូទូ​​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​លោក​​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ដង​ដើម្បី​ព្យាបាល​ការ​ឆ្លង​មេរោគ​ដែល​ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ​មហារីក​​​។​ លោក​​​ប្រារព្ធ​ខួប​កំណើត​លើក​ទី​ ៩០ ​​នៅ​ថ្ងៃ​ទី​ ០៧ ​ខែ​តុលា​ឆ្នាំ​នេះ​ ជាមួយ​នឹង​ការ​បង្ហាញ​ជា​សាធារណៈ​ដ៏​កម្រ​របស់​លោក​។​

ការស្លាប់​របស់​លោក​​កាល​ពី​ថ្ងៃ​អាទិត្យ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​គោរព​បូជា​យ៉ាង​ច្រើន​ពី​ថ្នាក់​ដឹក​នាំ​ធំ​ទូទាំង​ពិភព​លោក​។​ ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​លោក​ Cyril Ramaphosa ​​និយាយ​ថា​ ​ការ​ស្លាប់​របស់​លោក​ទូទូ​​​ជា​ជំពូក​មួយ​នៃ​គឺ​ជា​ការ​សោក​សង្រេង​ដែល​អាហ្រ្វិក​ខាង​ត្បូង​បាត់​បង់​បុគ្គល​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​ និង​ពិភព​លោក​។​

លោក ​ចូ បៃដិន​ (Joe Biden)​ ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​និយាយ​ថា​ លោក​ទូទូ​ដើរ​តាម​​វិញ្ញាណ​របស់​លោក​ ដើម្បី​បង្កើត​ពិភព​លោក​ឱ្យ​ប្រសើរ​​ មាន​សេរី​ និង​ស្មើភាព​ជាង​មុន​ ហើយ​កេរ​ដំណែល​របស់​លោក​នឹង​បន្លឺ​ឡើង​ពេញ​មួយ​សម័យ​កាល​។​  ចំណែក​ឯ​លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​​និយាយ​ថា​ លោក​ទូទូ​ជា​អ្នក​ណែនាំ ​មិត្ត​ភ័ក្តិ​ និង​ជា​ត្រីវិស័យ​សីលធម៌​សម្រាប់​លោក​ និង​មនុស្ស​ជា​ច្រើន​ទៀត​។​ លោក​និយាយ​ថា​៖​ «​លោក​​មិន​​ដែល​​បាត់​​បង់​​​​ឆន្ទៈ​​ក្នុង​​ការ​​ស្វែង​​រក​​មនុស្ស​​ជាតិ​​ក្នុង​​សត្រូវ​​របស់​លោក​​ឡើយ​»​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner