ទូតចិននៅអាមេរិក៖ ចិននឹងមិនចាញ់សង្គ្រាមត្រជាក់នោះទេ ដោយសារតែចិនមិនមែនជាសូវៀត
ប្រសិនបើសង្គ្រាមត្រជាក់ជំនាន់ថ្មីមានពិតមែន ចិននឹងមិនចាញ់នោះទេ ដោយសារតែចិនមិនមែនជាសហភាពសូវៀត។ នេះបើតាមការលើកឡើងរបស់លោក ឈីន កាង (Qin Gang) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក។
លោកថ្លែងបែបនេះ អំឡុងពេលដែលលោកជួបជាមួយអ្នកកាសែតធំៗនៅសហរដ្ឋអាមេរិកក្នុងកម្មវិធីវេទិកាសេដ្ឋកិច្ចថ្មីរបស់ Bloombergកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន តែគេហទំព័រស្ថានទូតចិននៅអាមេរិកទើបតែបង្ហោះនៅថ្ងៃសុក្រទី២៤ ខែធ្នូ ប៉ុណ្ណោះ។
នៅក្នុងកម្មវិធីនេះដែរ អ្នកសម្របសម្រួលកម្មវិធីបានចាក់សំណួរទៅកាន់លោកទូតចិនជាច្រើនសំណួរចាប់តាំងពីចំណាប់អារម្មណ៍របស់លោកផ្ទាល់នៅសហរដ្ឋអាមេរិក រហូតដល់បញ្ហានានានៃទំនាក់ទំនងចិន និងអាមេរិក។
ជាមួយគ្នានេះដែរ លោកនៅតែបញ្ជាក់ជំហររបស់ចិនថា ចិនត្រូវការគោរពគ្នាទៅវិញ ចិនចង់បានសន្តិភាពប្រកបដោយសន្តិសហវិជ្ជមាន ហើយចិនចង់បានកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក ឈីន បានលើកឡើងថា៖ «ប៉ុន្តែអ្វីដែលចិនកំពុងតែប្រឈមមុខនោះគឺ ការទិតៀនចិនជារៀងរាល់ថ្ងៃ ក៏ដូចជាខ្សែបន្ទាត់មនោគមវិជ្ជា ដែលបែងចែកពិភពលោក ព្រមទាំងគំនិតមួយក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ជាពិសេសទៅលើកិច្ចការតៃវ៉ាន់»។
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមត្រជាក់ជំនាន់ថ្មី ឯកអគ្គរដ្ឋទូតចិនរូបនេះយល់ឃើញថា គំនិតនេះកើតឡើងដោយសារតែ «អាមេរិកមានស្មារតីសង្គ្រាមត្រជាក់ ហើយប្រដូចចិនទៅនឹងអតីតសហភាពសូវៀត»។
លោកបានសង្កត់ធ្ងន់ថា៖ «ចិនមិនមែនជាសហភាពសូវៀត ហើយសហរដ្ឋអាមេរិកពេលនេះក៏មិនមែនជាសហរដ្ឋអាមេរិក ៣០ឆ្នាំមុនផងដែរ។ ផលប្រយោជន៍របស់យើងទាំងពីរមានភាពប្រទាក់ក្រឡានឹងគ្នា»។
លោកបានបន្ថែមទៀតថា៖ «ប្រសិនបើគេចង់បង្កសង្គ្រាមត្រជាក់ពិតមែន ខ្ញុំអាចនិយាយបានថា ចិននឹងមិនមែនជាអ្នកចាញ់នោះទេ»។
ហេតុផលចំនួន ៣យ៉ាង ដែលលោកទូតចិនរូបនេះបានលើកឡើង។ ទី១ ចិនមិនមែនជាសហភាពសូវៀត។ លោកបាននិយាយថា៖ «គណបក្សកុម្មុយនិស្តចិនមិនមែនជាគណបក្សកុម្មុយនិស្តសូវៀតទេ។ គណបក្សកុម្មុយនិស្តចិនមានអាយុ ១០០ឆ្នាំ… តែគណបក្សនេះនៅតែក្មេង»។ លោកបន្តថា បក្សកុម្មុយនិស្តចិននៅតែបន្តវិវត្តន៍ និងដើរតាមស្ថានការណ៍ថ្មីៗ ហើយក៏ដូចជានៅតែបន្តនាំយកនូវវិបុលភាព និងសន្តិភាពជូនប្រជាជនចិន ក៏ដូចជាជូនពិភពលោកទាំងមូល។
ចំណែកឯហេតុផលទី២ នោះគឺ ចិនបានរៀនសូត្រពីការដួលរលំរបស់សូវៀត ហើយហេតុផលចុងក្រោយនោះគឺ គណបក្សកុម្មុយនិស្តចិនបានយកឈ្នះបេះដូង និងចិត្តរបស់ប្រជាជនចិនចំនួន ១,៤ពាន់លាននាក់។ យ៉ាងណាមិញ លោក ឈីន កាង មិនបញ្ជាក់លម្អិតពីហេតុផលទាំងពីរនេះទេ។
សហភាពសូវៀតបានដួលរលំជាផ្លូវការនៅថ្ងៃទី ឆ្នាំ១៩៩១ ក្រោយពេលដែលមេដឹកនាំចុងក្រោយរបស់ប្រទេសនេះគឺ លោក មីខាអែល ហ្គោបាឆេវ (Mikhail Gorbachev) បានចេញសារលាលែងចេញពីតំណែង។ មុននឹងដល់ស្ថានភាពឆ្នាំ១៩៩១ សហភាពសូវៀតបានជួបនូវវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ច ដែលបង្ខំចិត្តឱ្យថ្នាក់ដឹកនាំសូវៀតធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ប៉ុន្តែមិនបានសម្រេច។
ប្រទេសអឺរ៉ុបខាងកើត និងអាស៊ីកណ្ដាលចំនួន ១៥បានប្រកាសឯករាជ្យចេញពីសូវៀត ហើយសូវៀតក្រោយមកក៏ដូរឈ្មោះជា សហព័ន្ធរុស្ស៊ី។
សារព័ត៌មានចិនបានចុះផ្សាយពាសពេញពីការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក។ ជាក់ស្ដែង សារព័ត៌មាន Global Times ដែលជាសារព័ត៌មានជាភាសាអង់គ្លេសរបស់គណបក្សកុម្មុយនិស្តចិន ក៏បានចុះផ្សាយពីវិចារណកថាស្ដីពីមេរៀននានា ដែលចិនរៀនសូត្រពីការដួលរលំនៃសហភាពសូវៀត ហើយធ្វើការសរសើរពីភាពជោគជ័យនៃកំណែទម្រង់សេដ្ឋកិច្ចរបស់ចិន៕

ប្រភព៖ SCMP