សកម្មជន៖ សារហិង្សាប្រឆាំងមូស្លីមនៅឥណ្ឌារីកសុះសាយ ប៉ុន្តែអ្នកនយោបាយបែរជានៅស្ងាត់
ក្រុមសកម្មជន និងអ្នកវិភាគនិយាយថា ការអំពាវនាវឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកកាន់សាសនាអ៊ិស្លាមពីសំណាក់ក្រុមជ្រុលនិយមនៃសាសនិកហិណ្ឌូនៅក្នុងប្រទេសឥណ្ឌា កាន់តែរីកខ្លាំងទៅៗ ខណៈដែលអ្នកនយោបាយធំៗនៅស្ងៀមមិនអើពើ។
កាលពីពាក់កណ្ដាលខែមករា អាជ្ញាធរឥណ្ឌាចាប់ខ្លួនសង្ឃហិណ្ឌូម្នាក់គឺលោក Yati Narsinghanand Giri ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានអំពើហិង្សាសាសនាលើពួកមូស្លីម ដែលជាក្រុមកាន់សាសនាភាគតិចក្នុងប្រទេស។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសង្ឃរូបនេះ និងមេដឹកនាំសាសនាផ្សេងទៀត អំពាវនាវឱ្យអ្នកដើរតាមដែលជាសាសនិកហិណ្ឌូដូចគ្នាកាន់អាវុធ ហើយសម្លាប់ពួកមូស្លីមឱ្យរង្គាលកាលពីចុងឆ្នាំមុន។
ប៉ុន្តែក្រោយការអំពាវនាវដែលពោពេញដោយការស្អប់ ផ្ទុះការចែកចាយលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និងមេដឹកនាំកំពូលរបស់លោក បានរក្សាភាពស្ងៀមស្ងាត់ លើកលែងតែមន្រ្តីម្នាក់ប៉ុណ្ណោះដែលព្រមានថា «ញុះញង់ប្រជាជនឱ្យប្រឆាំងនឹងគ្នាទៅវិញទៅមកគឺ ជាឧក្រិដ្ឋកម្មប្រឆាំងនឹងជាតិ» ប៉ុន្តែមិនបញ្ជាក់ក្រុមណាជាក់លាក់នោះទេ។
លោក Rohinton Fali Nariman ចៅក្រមតុលាការកំពូលឥណ្ឌាដែលទើបចូលនិវត្តន៍ថ្មីៗនេះនិយាយនៅក្នុងបាឋកថាជាសាធារណៈថា៖ «មានការបណ្ដុះពាក្យស្អប់ខ្ពើម អំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍នៃក្រុមទាំងមូល ប៉ុន្តែយើងឃើញមានការស្ទាក់ស្ទើររបស់អាជ្ញាធរក្នុងការឃាត់មនុស្សទាំងនេះ»។ លោកបន្តថា៖ «ជាអកុសល មន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សកាន់អំណាចមិនត្រឹមតែនៅស្ងៀមចំពោះពាក្យសំដីស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែគាំទ្រវាទៀតផង»។
ថ្លែងការពារលោក Narsinghanand មេធាវីរបស់សង្ឃរូបនេះគឺលោក Uttam Singh Chauhan និយាយថា សុន្ទរកថារបស់លោក Narsinghanand ប្រហែលជាការប្រតិកម្មទៅនឹងការអត្ថាធិប្បាយប្រឆាំងនឹងហិណ្ឌូរបស់សាសនិកមូស្លីម។
ភាសាស្អប់ខ្ពើម កំពុងបង្កភាពតានតឹងក្នុងសហគមន៍របស់ឥណ្ឌា នៅពេលដែលរបៀបវារៈរបស់សង្ឃហិណ្ឌូ ធ្វើឱ្យមានក្រុមអ្នកដើរតាមជ្រុលនិយមដែលធ្វើការកាត់ទោសមនុស្សក្រៅប្រព័ន្ធច្បាប់ កាន់តែពុះកញ្រ្ជោលឡើង។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសិទ្ធិមនុស្សសកល និងសកម្មជនក្នុងស្រុក ក៏ដូចជាប្រធានសន្តិសុខចូលនិវត្តន៍របស់ប្រទេសឥណ្ឌាព្រមានថា វោហាសាស្ត្រហិង្សាឈានដល់កម្រិតមួយដ៏គ្រោះថ្នាក់។ ខណៈដែលសារសម្អប់របស់ក្រុមស្តាំនិយមហិណ្ឌូ រីករាលដាលយ៉ាងឆាប់រហ័សលើបណ្ដាញសង្គម ហើយរដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការចាត់វិធានការ អ្នកទាំងនេះបារម្ភថា វិវាទក្នុងតំបន់អាចនាំឱ្យរីករាលដាលនៃអំពើហិង្សាដែលពិបាកនឹងទប់ស្កាត់។
កាលពីពាក់កណ្ដាលខែមករា លោក Gregory Stanton ស្ថាបនិកនៃអង្គការឃ្លាំមើលការប្រល័យពូជសាសន៍ ដែលធ្លាប់ព្រមានទុកមុនពីការសម្លាប់រង្គាលនៅរ្វាន់ដាដែលកើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៩០ បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយរបស់សភាអាមេរិកថា ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសឥណ្ឌា កំពុងតែវិវត្តិទៅរកការប្រល័យពូជសាសន៍លើពួកមូស្លីមដែលនឹងកើតឡើង។
លោក Stanton និយាយថា មីយ៉ាន់ម៉ាគឺជាឧទាហរណ៍មួយអំពីរបៀបដែលការផ្សព្វផ្សាយព័ត៌មានមិនពិត និងសារស្អប់ខ្ពើមលើបណ្ដាញសង្គម ក្លាយជាមូលដ្ឋានសម្រាប់អំពើហិង្សា ហើយភាពខុសគ្នានៅក្នុងប្រទេសឥណ្ឌាគឺថា វានឹងមានក្រុមជនកំណាចធ្វើសកម្មភាពជំនួសឲ្យពួកយោធា។ លោកនិយាយថា៖ «អ្នកត្រូវតែបញ្ឈប់វាឥឡូវនេះ ព្រោះពេលដែលវាធ្លាក់ទៅក្នុងកណ្ដាប់ដៃហ្វូងមនុស្ស ការស្លាប់ដ៏សាហាវនឹងកើតឡើង»។
យ៉ាងណាមិញ លោក Syed Zafar Islam អ្នកនាំពាក្យគណបក្សកំពុងកាន់អំណាច Bharatiya Janata Party (BJP) ច្រានចោលការលើកឡើងបែបនេះដោយនិយាយថា៖ «មិនមានរឿងបែបនេះនោះទេ»។ លោកនិយាយនៅពេលនោះថា៖ «ចំណាប់អារម្មណ៍ដែលពួកគេបានបង្កើតឡើងនោះ គឺមិនត្រឹមត្រូវទេ។ មានករណីនៃការវាយលុកគ្នាទៅវិញទៅមកលើហេតុផលដូចជាជម្លោះទ្រព្យសម្បត្តិ ឬវិវាទផ្សេងៗទៀត។ រឿងទាំងនេះមិនត្រឹមតែកើតឡើងរវាងហិណ្ឌូ និងមូស្លីមប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមានក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូដូចគ្នាផងដែរ»។
នៅពេលកាន់ដំណែងជាអភិបាលរដ្ឋ Gujarat លោក Modi ឃើញផ្ទាល់ភ្នែកពីរបៀបដែលភាពតានតឹងសហគមន៍ ប្រែក្លាយជាការបង្ហូរឈាម។ ក្នុងឆ្នាំ ២០០២ រថភ្លើងមួយបានឆេះ និងសម្លាប់អ្នកធ្វើធម្មយាត្រាហិណ្ឌូ ៥៩ នាក់។ ទោះបីជាមូលហេតុនៃការឆេះមានភាពចម្រូងចម្រាសក្ដី កំហឹងមហាជនដែលដាក់គោលដៅលើពួកមូស្លីមផ្ទុះឡើងរហូតសម្លាប់មនុស្សជាង ១ ០០០ នាក់ ដោយអ្នកខ្លះត្រូវបានគេដុតទាំងរស់។ អង្គការសិទ្ធិមនុស្ស និងមេដឹកនាំបក្សប្រឆាំងចោទលោក Modi ថាមើលរំលងពីបញ្ហា ប៉ុន្តែត្រូវបានលោកច្រានចោលថាជាការចោទប្រកាន់នយោបាយ។
កាលពីឆ្នាំ ២០១៧ លោក Modi តែងតាំងលោក Yogi Adityanath សង្ឃហិណ្ឌូដែលបង្កើតក្រុមពួកមនុស្សកាត់ទោសមនុស្សក្រៅច្បាប់ដោយប្រើជំនឿសាសនា ឱ្យដឹកនាំរដ្ឋ Uttar Pradesh។ លោក Adityanath បានបង្កើតច្បាប់ហាមប្រាមលើការប្រែចិត្តជឿសាសនាដោយអាពាហ៍ពិពាហ៍ដូចជា បុរសមូស្លីមទាញស្ត្រីហិណ្ឌូឱ្យប្ដូរសាសនាក្រោយរៀបការ។ ក្រុមរបស់លោក Adityanath បានបម្រើការជាប៉ូលីសសីលធម៌ ចាប់គូស្វាម៉ីភរិយាអន្តរជំនឿ និងដាក់ទណ្ឌកម្មជនណាដែលសង្ស័យថាមិនគោរពសត្វគោជាដើម។
លោក Dhirendra K. Jha អ្នកនិពន្ធដែលសិក្សាពីការងើបឡើងនៃលទ្ធិជាតិនិយមហិណ្ឌូនិយាយថា លោកព្រួយបារម្ភថា បច្ចុប្បន្ននេះ ពួកជ្រុលនិយមគ្រប់គ្រងនយោបាយរបស់ឥណ្ឌាតាមរបៀបដែលអ្នកអំពាវនាវឱ្យមានអំពើហិង្សាបែរជាមានអារម្មណ៍ថាត្រូវបានការពារ។ លោក Jha និយាយថា៖ «លុះត្រាតែរឿងនេះត្រូវបានដោះស្រាយ ប្រភេទនៃផលវិបាកអាចនឹងកើតឡើង ដែលខ្ញុំមិននឹកស្មានដល់ ហើយខ្ញុំក៏មិនហ៊ានស្រមៃដែរ»។
យ៉ាងណាមិញ លោក Pradeep Jha ដែលជាអ្នករៀបចំដ៏សំខាន់នៃពិធីបុណ្យធម្មយាត្រាដ៏ធំបំផុតរបស់ទីក្រុងហិណ្ឌូ Haridwar និយាយថា លោកបានចែករំលែកទស្សនៈវិស័យនៃរដ្ឋហិណ្ឌូ មិនមែនតាមរយៈអំពើហិង្សាទេ ប៉ុន្តែដោយការជំរុញឱ្យអ្នកកាន់សាសនាអ៊ិស្លាមឥណ្ឌា ប្តូរជំនឿត្រឡប់មកវិញ។ លោកនិយាយថា៖ «ខ្ញុំជឿថាយើងត្រូវតែធ្វើតាមគោលដៅរបស់យើងដោយភាពអត់ធ្មត់ដោយសន្តិភាព។ បើមិនដូច្នេះទេ តើអ្វីជាភាពខុសគ្នារបស់យើងជាមួយអ្នកដទៃ?»។

ប្រភព៖ Aljazeera