ការព្យាករណ៍ប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ (Video Inside)
អាកាសធាតុកម្តៅ នឹងចាប់ផ្ដើមធ្លាក់ចុះ ជាមួយនឹងការធ្លាក់ភ្លៀងក្នុងកម្រិតតិចតួចនាសប្ដាហ៍ទៅមុខទៀតនេះ ខណៈកម្ពុជានឹងទទួលរងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង ប្រទេសចិន ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាព កម្តៅអប្បបរមា នឹងរវាងពី១៨ទៅ ២៥អង្សាសេ , ចំណែកសីតុណ្ហភាពកំដៅអតិបរមា នឹង មានរវាងពី ២៦ទៅ៣២ អង្សាសេ។
ការព្យាករណ៍នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ នាវេលាពេលព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ដូចជា ខេត្ដបន្ទាយមានជ័យ ,ខេត្ដបាត់ដំបង ,ខេត្ដប៉ៃលិន និងខេត្ដសៀមរាប សីតុណ្ហភាពកម្តៅអប្បបរមា អាចធ្លាក់ចុះក្នុងកម្រិតពី ១៨ ទៅ២០ អង្សាសេ ។ រីឯសភាពការណ៍នៃទឹកភ្លៀង នៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពកម្តៅអប្បបរមា នឹង មានរវាងពី១៧ទៅ២៣ អង្សាសេ, សីតុណ្ហភាពកំដៅអតិបរមា មានរវាងពី ២៥ទៅ៣១ អង្សា សេ។ តាមការព្យាករណ៍, ថ្ងៃទី២៣និង២៤ ខែកុម្ភៈ នៅវេលាព្រឹក នឹងធ្វើឱ្យបណ្តាខេត្ត មួយ ចំនួនរួមមាន ខេត្ដឧត្ដរមានជ័យ ,ខេត្ដព្រះវិហារ ,ខេត្ដរតនគិរី និងខេត្ដមណ្ឌលគីរី សីតុណ្ហ ភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧ទៅ១៩អង្សាសេ។ចំណែកភ្លៀងនៅក្នុងអំឡុងមួយសប្តាហ៍ ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញនឹងមានសីតុណ្ហភាពលម្តៅអប្បបរមា នឹងមានរវាង ពី ២១ទៅ២៣ អង្សាសេ , សីតុណ្ហភាពកំដៅអតិបរមា នឹងមានរវាងពី ២៦ទៅ៣២ អង្សាសេ ។ យោងតាមការព្យាករណ៍ នៅតំបន់មាត់សមុទ្រនេះ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយ ដោយ អន្លើផងដែរ។