នៅកិច្ចប្រជុំ UN ហ្សេលេនស្គីចោទប្រកាន់យោធារុស្ស៊ីថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម
កាលពីថ្ងៃអង្គារ ទី៥ មេសាប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូលូឌីមៀរ ហ្សេលេនស្គីបានចោទប្រកាន់រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម ទាំងនេះត្រូវតែប្រឈមការកាត់ក្ដី ដូចដែលបានកើតឡើងក្រោយសង្គ្រាមលោកលើកទី២។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចេញផ្សាយរូបភាព និងវីដេអូដ៏ក្រៀមក្រំ ដែលហាក់ដូចជាបង្ហាញការសម្លាប់រង្គាលជនស៊ីវិលដោយកងកម្លាំងរុស្ស៊ីមុនពួកគេដកខ្លួនចេញពីតំបន់នៅជុំវិញរដ្ឋធានីគៀវ។ ព្រឹត្តិការនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញពិភពលោក និងបណ្ដាលឱ្យប្រទេសលោកខាងលិចបណ្ដេញមន្ត្រីការទូតរុស្ស៊ីជាច្រើន ហើយពិភាក្សាការដាក់ទណ្ឌកម្មបន្ថែមទៀត។
ក្នុងការថ្លែងសុន្ទរកថាតាមវីដេអូទៅកាន់អង្គការសហប្រជាជាតិលោកហ្សេលេនស្គីបានអះអាងថាជនស៊ីវិលជាច្រើនបានរងទារុណកម្ម បាញ់ចំពីក្រោយក្បាល ទម្លាក់ចូលអណ្ដូង បំផ្ទុះដោយគ្រាប់បែក និងកិនស្លាប់នៅក្នុងរថយន្តដោយរថក្រោះ។
លោកហ្សេលេនស្គី និយាយថាទាំងអ្នកធ្វើការសម្លាប់រង្គាល និងអ្នកបញ្ជាឱ្យធ្វើបែបនេះ «ត្រូវតែនាំទៅកាត់ទោសជាបន្ទាន់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម» នៅចំពោះមុខតុលាការដែលមានលក្ខណៈស្រដៀងតុលាការយោធាអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទី២។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោកវ៉ាស៊ីលី ណេបេនហ្សី បានអះអាងថានៅពេលកន្លែងកើតហេតុស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី «មិនមានប្រជាជនណាម្នាក់រងគ្រោះដោយអំពើហិង្សាណាមួយទេ»។ លោកបន្តលើកឡើងជំហររបស់ក្រុងម៉ូស្គូថារូបភាព និងវីដេអូទាំងនេះគឺជា «ការក្លែងបន្លំឆៅ» រៀបចំដោយអ៊ុយក្រែន។
«អ្នកបានឃើញតែអ្វីដែលពួកគេបង្ហាញប៉ុណ្ណោះ» លោកណេបេនហ្សីនិយាយបែបនេះហើយបន្តទៀតថា៖ «អ្នកដែលឆោតជឿរឿងនេះគឺមានតែអ្នកមិនដឹងរឿងនៅលោកខាងលិច»។
ខណៈពេលដែលលោកហ្សេលេនស្គីធ្វើការថ្លែងសុន្ទរកថានេះ សាក្សីបាននាំផ្លូវអ្នកស៊ើបអង្កេតទៅកាន់ទីតាំងសាកសពនៅក្នុងក្រុងប៊ូឆា។ សារព័ត៌មានមួយចំនួនដែលបានធ្វើដំណើរទៅកាន់ទីក្រុងនេះ ហើយបានរាយការណ៍អំពីសាកសពជាច្រើន ដែលអាចរួមមានសាកសពកុមារផងដែរ។
រុស្ស៊ីបានច្រានចោលថានៅពេលខ្លួនគ្រប់គ្រងទីក្រុងនេះ ខ្លួនមិនបានសម្លាប់ជនស៊ីវិលទេ ហើយមិនមានការរាយប៉ាយសាកសពបែបនេះទេ។ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានរៀបចំសាកសពទាំងនេះដើម្បីធ្វើការប្រឆាំងរុស្ស៊ី។ បើទោះជាយ៉ាងនេះក៏ដោយក្រុមហ៊ុនផ្កាយរណបអាមេរិក Maxar បានចេញផ្សាយរូបភាពថតដោយផ្កាយរណប ដែលបង្ហាញថាសាកសពទាំងនេះបានរាយប៉ាយជាច្រើនសប្ដាហ៍មកហើយ មុនការដកទ័ពរបស់រុស្ស៊ី។
អគ្គអយ្យកាអ៊ុយក្រែនលោកស្រីអ៊ីរីណា វេណាឌីកតូវ៉ា បានអះអាងថាសាកសពជនស៊ីវិលចំនួន ៤១០ ត្រូវបានរកឃើញនៅក្នុងតំបន់ជុំវិញគៀវ។ អង្គការ Human Right Watch និយាយថាខ្លួនបានកត់ត្រាករណីកងកម្លាំងប្រព្រឹត្តបទល្មើសរំលោភ ប្រហារជីវិត និងប្លន់ជនស៊ីវិល។
សំណួរថាតើគេអាចផ្ដន្ទាទោសយោធារុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាមគឺនៅមិនទាន់មានចម្លើយច្បាស់នៅឡើយទេ។
ឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេឱ្យនិយមន័យថាសកម្មភាពក្នុងជម្លោះប្រដាប់អាវុធ ដែលរំលោភច្បាប់មនុស្សធម៌ការពារជនស៊ីវិល។ ច្បាប់នៃសង្គ្រាមត្រូវបានចងក្រងនៅក្នុងសន្ធិសញ្ញាជាច្រើនដែលរួមមានអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ ១៩៤៩ អនុសញ្ញាក្រុងឡាអេឆ្នាំ ១៨៩៩ និង ១៩០៧។
ស្ថាប័នចម្បងដែលធានាការអនុវត្តច្បាប់ទាំងនេះគឺ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ តុលាការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ តាមរយៈសន្ធិសញ្ញាមួយមានឈ្មោះថាលក្ខន្តិកក្រុងរ៉ូំម ដែលក៏រាយបញ្ជីសកម្មភាព ដែលគេចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម រួមមានការសម្លាប់ដោយចេតនា ការធ្វើទារុណកម្ម និងការវាយប្រហារដោយចេតនាលើជនស៊ីវិល។
អគ្គអយ្យការប្រចាំ ICC បានចាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមលើការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនទៅហើយ និងចាប់តាំងពីដើមខែមិនាមកម្ល៉េះ មុនពេលមានការរាយការណ៍អំពីការសម្លាប់រង្គាលទាំងនេះ។
បើទោះជាយ៉ាងនេះក៏ដោយរុស្ស៊ីបានដកខ្លួនចេញពីលក្ខន្តិកក្រុងរ៉ូំមកាលពីឆ្នាំ២០១៦ បន្ទាប់អយ្យការតុលាការនេះចេញរបាយការណ៍បឋមមួយ ថារុស្ស៊ីពិតជាបានដាក់ពង្រាយទ័ពចូលក្នុងទឹកដីអ៊ុយក្រែនដើម្បីជួយក្រុមផ្ដាច់ខ្លួន ដែលការចោទប្រកាន់នេះត្រូវបានច្រានចោលដោយរុស្ស៊ី។ បន្ថែមពីលើទៅទៀត ខណៈពេលដែលសាលក្រមមានទម្ងន់ផ្លូវច្បាប់អន្តរជាតិ តុលាការនេះមិនមធ្យោបាយដើម្បីអនុវត្តការសម្រេចរបស់ខ្លួន ដោយខ្លួនឯងនោះទេ៕





ប្រភព៖ AP News