​បញ្ហា​រោងចក្រ​នៅស្រុកកំណើត ​ធ្វើឱ្យលោកម៉ាក្រុង ពិបាកនឹងទាញសំឡេងឆ្នោតគាំទ្រពីក្រុមកម្មករ

ក្នុងអំឡុង​ឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីចុងក្រោយនៅឆ្នាំ ២០១៧ រោងចក្រផលិតម៉ាស៊ីនបោកខោអាវ Whirlpool ក្នុងក្រុង​​ភាគខាងជើង Amiens របស់បារាំងដែលកំពុងមានបញ្ហានាពេលនោះ បានក្លាយជាកន្លែង​ឃោសនារកការគាំទ្រដ៏ធំ​របស់លោក​ ​អេម៉ានុយអែល ម៉ាក្រុង ​ (Emmanuel Macron) និងគូប្រជែងស្តាំនិយមរបស់លោកគឺអ្នកស្រី Marine Le Pen ។

លោក ម៉ាក្រុង ធ្លាប់សន្យាថា លោកនឹងសង្រ្គោះរោកចក្រក្នុងស្រុកកំណើតរបស់លោកមួយនេះ ប្រសិនបើ​ជាប់ឆ្នោត។ ​ក្រោយមក នៅពេលក្លាយជាប្រធានាធិបតី រដ្ឋាភិបាលរបស់លោក​បាន​ផ្តល់ប្រាក់ឧបត្ថម្ភរាប់លាន ដល់ការបង្កើតរោងចក្រនេះឡើងវិញ​ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យឧស្សាហកម្មបារាំងមានជីវិតឡើងវិញ​។​

យ៉ាងណាមិញ ​រោងចក្រ Whirlpool ​ត្រូវបានបិទជាអចិន្រ្តៃយ៍ក្នុងឆ្នាំ ២០១៨ ហើយក្លាយជាឧទាហរណ៍នៃការលំបាកក្នុងការស្តារឡើងវិញនូវឧស្សាហកម្មទ្រុធទ្រោមរបស់បារាំង​ និងបញ្ហាប្រឈមរបស់លោកប្រធានាធិបតីក្នុងការផ្ដល់ទំនុកចិត្តទៅលើកម្មករបារាំង ដែលមានទំនោរជាច្រើនឆ្នាំទៅលើពួកស្ដាំនិយមរបស់អ្នកស្រី Le Pen ។ ហើយការបោះឆ្នោតជុំទី២ នាថ្ងៃអាទិត្យខាងមុខនេះ អាចនឹងបង្ហាញអ្វីដែលផ្ទុយពីការចង់បានរបស់លោកម៉ាក្រុង។

លោក ម៉ាក្រុង ដែលកើតធំធាត់ក្នុងត្រកូលធូរធានៃក្រុង Amiens ឡើងកាន់ដំណែងបច្ចុប្បន្នកាលពី៥ឆ្នាំមុន ​ជាមួយនឹងផែនការស្ដាររោងចក្រដែលជាប់គាំងឡើងវិញ​ ខណៈ​ម្ចាស់រោងចក្របារម្ភពីកំណើននៃថ្លៃឈ្នួល​កម្មករបារាំង ដែលត្រូវបានធានានូវអត្ថប្រយោជន៍ច្រើនឆ្នាំ និងពិបាកក្នុងការបណ្តេញចេញ។ អស់ជាច្រើនឆ្នាំមកនេះ ភាពអត់ការងារធ្វើបានអូសបន្លាយយ៉ាងរ៉ាំរ៉ៃនៅអត្រាជាង ៨ ភាគរយ ​ខណៈដែលវិស័យឧស្សាហកម្មធ្លាក់ចុះ។

ដំបូងឡើយ លោក ម៉ាក្រុង ​ព្យាយាមកែលម្អសេដ្ឋកិច្ច​បារាំង ដោយជំរុញការផ្លាស់ប្តូរដែលងាយស្រួលសម្រាប់អាជីវកម្ម ដូចជាការកាត់បន្ថយពន្ធ ជាពិសេសសម្រាប់អ្នកមាន។ ក្នុងឆ្នាំដំបូងរបស់លោកជាប្រធានាធិបតី លោកបានដឹកនាំសហជីពដ៏តឹងតែងបំផុតមួយចំនួនរបស់ប្រទេស​ ដោយបង្កឱ្យមានកូដកម្មដ៏ធំបំផុតមួយ ស្របពេលនឹងការ​ធ្វើកែប្រែក្រមការងារដ៏សម្បូរបែបរបស់ប្រទេស​ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការជួល និងបណ្តេញកម្មករ។

ប៉ុន្តែទោះបីជាសេដ្ឋកិច្ចទាំងមូល​ស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីវិបត្តិកូវីដក្ដី ក៏អ្នកសេដ្ឋកិច្ច​និយាយថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ាក្រុង ​ក្នុងការសង្រ្គោះជីវិតឧស្សាហកម្ម​បារាំងឡើងវិញ បានបង្ហាញឱ្យឃើញនូវភាពចម្រុះគ្នា។ ជាភស្តុតាង អ្នកសេដ្ឋកិច្ចបានលើកឡើង​​ឱនភាពពាណិជ្ជកម្មក្នុងទំហំ​ប្រហែល ​៩៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២១ និងការបិទរោងចក្រ Whirlpool ទោះបីមានប្រាប់ឧបត្ថម្ភធនជាង ១០ លានដុល្លារជាដើម។ ​

សម្រាប់លោក ម៉ាក្រុង ការបិទរោងចក្រនេះ ហាក់ដូចជាការកាត់ផ្ដាច់​ទំនុកចិត្តរបស់លោកសម្រាប់កម្មករ ដែលមានចំនួនជិត ៣០០ ​ត្រូវបានបាត់បង់ការងារ​បន្ទាប់ពីនោះ។ ​កម្មករជាច្រើននាក់ ដែលត្រូវបានបញ្ឈប់ពីការងារ បានបន្តចូលរួមក្នុងចលនាអាវកាក់លឿង ដែលមានទំនាក់ទំនងជាមួយវណ្ណៈកម្មករជនជាតិបារាំង ដែលប្រឈមមុខនឹងបញ្ហាពន្ធខ្ពស់ និង​ប្រាក់ចំណូលទាប ដែលនាំឱ្យកើតមានវិបត្តិនយោបាយដ៏ធំបំផុតនៃតំណែងរបស់លោកម៉ាក្រុង។ ​

លោក Thomas Grjebine សេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវ CEPII ​ នៅទីក្រុងប៉ារីស​និយាយថា ជោគវាសនារបស់រោងចក្រនៅក្រុង Amiens គឺជា «រោគសញ្ញា» នៃការលំបាកក្នុងការធ្វើឱ្យវិស័យឧស្សាហកម្មរស់ឡើងវិញ។ លោក Grjebine ​និយាយថា៖ «តាមពិតទៅ រដ្ឋាភិបាលមិនសូវមានអំណាចទេមុននឹង​រោងចក្របិទ។ ​ប៉ុន្តែ​ការ​សន្យា​ជា​ច្រើន ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត»។

​មុនការបោះឆ្នោតជុំចុងក្រោយក្នុងឆ្នាំ ២០១៧ លោក ម៉ាក្រុង បានធ្វើយុទ្ធនាការឃោសនាទៅរោងចក្រ Whirlpool ហើយនិយាយថា លោកមានការឈឺចាប់ ដែលប្រជាជនក្នុងស្រុកកំណើតរបស់លោកបោះឆ្នោតគាំទ្រគូរប្រជែងទៅវិញ ប៉ុន្តែក្រោយមកលោកសន្យាដាក់ផែនការច្បាស់មួយដើម្បីស្រង់ឧស្សាហូបនីយកម្មឡើងវិញក្នុងទឹកដីកំណើត​ដែលវិស័យ​នេះបានធ្លាក់ចុះ។ ​

កន្លះ​ឆ្នាំ​ក្រោយ​ការ​ឈ្នះ​ឆ្នោត ការ​សន្យា​ហាក់​ដូច​ជាចេញជារូបរាង ដោយអ្នកជំនួញក្នុងស្រុកដ៏លេចធ្លោម្នាក់គឺលោក Nicolas Decayeux ត្រូវបានជ្រើសរើសឱ្យកាន់កាប់រោងចក្រនេះ ជាមួយនឹងគម្រោងផលិតទូរទឹកកក និងយានយន្ត​លោកបានជ្រើសរើស​កម្មករ ១៦២ នាក់ក្នុងចំណោមជិត ៣០០ នាក់របស់រោងចក្រដែលបាត់បង់ការងារឱ្យចូលធ្វើការ ហើយលោកទទួលបានប្រាក់​ឧបត្ថម្ភធនចំនួន ២,៦​ លានអឺរ៉ូពីរដ្ឋាភិបាល និង ៧,៤ លាន​អឺរ៉ូពី Whirlpool ។

ប៉ុន្តែភាពសុទិដ្ឋិនិយមរបស់រោងចក្រ Whirlpool មិនបានកើតឡើងទេ ដោយអតីតកម្មករនិយាយថា ​គម្រោង​របស់​លោក Decayeux ​មិនដែលកើតចេញឡើងរហូតដល់រោងចក្របិទក្នុងឆ្នាំ ២០១៨ ហើយលោក​ត្រូវ​កាត់ទោសកាលខែកុម្ភៈឆ្នាំនេះ ពីបទប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាល និងរោងចក្សខុសទិសដៅ។ ​

ហើយលើសពីនេះទៅទៀត ដោយសារតែការព្រួយបារម្ភ ក្រុមកម្មករក៏ធ្លាប់ជូន​ដំណឹងដល់សមាជិកសភាជាតិខ្លួន គឺលោក François Ruffin បន្ទាប់ពីលោក Decayeux ចូលកាន់កាប់រោងចក្រ។ តែបើទោះបីជាលោក ​Ruffin បន្ត​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល ក៏មិនមានការឆ្លើយតប ដោយនិយាយថា រដ្ឋាភិបាលរបស់លោក ម៉ាក្រុង ហាក់ដូចជាបាត់បង់ចំណាប់អារម្មណ៍លើរោងចក្រក្រោយមានអ្នកគ្រប់គ្រងថ្មី។

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner