អាមេរិកគ្រោងប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី
សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសការហាមឃាត់លើការវិនិយោគថ្មីក្នុងប្រទេសរុស្ស៊ី និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនរដ្ឋ និងមន្ត្រីរដ្ឋាភិបាល នេះបើតាមការរាយការណ៍របស់កាសែត Financial Times ដោយផ្អែកលើប្រភពដឹងអំពីផែនការនេះ។
ប្រភពមួយនិយាយថា៖ «វិធានការទាំងនេះនឹងធ្វើឱ្យខូចឧបករណ៍សំខាន់ៗនៃអំណាចរដ្ឋរុស្ស៊ី ធ្វើឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងភ្លាមៗលើរុស្ស៊ី និងធ្វើឱ្យមានការទទួលខុសត្រូវដោយរបបពុករលួយដែលគាំទ្រ និងផ្គត់ផ្គង់ថវិកាឱ្យសង្គ្រាមរបស់ពូទីន»។ ប្រភពនេះនិយាយថាវិធានការទាំងនេះនឹងត្រូវប្រកាសនៅថ្ងៃពុធ ដោយមានការចូលរួមជាមួយក្រុមប្រទេសអ្នកមាន G7 និងសហភាពអឺរ៉ុប។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើរុស្ស៊ី ចាប់តាំងពីការចាប់ផ្ដើមការលុកលុយចូលអ៊ុយក្រែន រួមទាំងការហាមឃាត់រាល់ប្រតិបត្តិការណាមួយជាមួយធនាគារកណ្ដាលរបស់រុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការទាមទារឱ្យដាក់ទណ្ឌកម្មបន្ថែមលើក្រុងម៉ូស្គូបានកើនឡើងយ៉ាងខ្លាំងបន្ទាប់អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានសម្លាប់រង្គាលជនស៊ីវិលនៅជិតរដ្ឋធានីគៀវ។ នៅសប្ដាហ៍នេះសហភាពអឺរ៉ុបបានប្រកាសហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ហើយចាត់វិធានការដើម្បីកាត់បន្ថយការរំពឹងលើការនាំចូលថាមពលពីរុស្ស៊ី។ ប៉ុន្តែបន្ទាប់ពីការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយដូចខាងលើ វាកាន់តែពិបាកក្នុងការស្វែងរកមធ្យោបាយបន្ថែម ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ដោយមិនប្រថុយនឹងការលេចធ្លាយផលអវិជ្ជមានធំសម្រាប់សេដ្ឋកិច្ចពិភពលោក៕



ប្រភព៖ FT