អាមេរិក​​​សាក​ល្បង​មីស៊ីល​​លឿន​​ជាង​សំឡេង​​ដោយ​​ជោគ​ជ័យ​ ក្រោយ​​រុស្ស៊ី​​ប្រើ​​អាវុធ​​ស្រដៀង​​គ្នា​​នេះ​​នៅ​​អ៊ុយក្រែន​

សហរដ្ឋ​អាមេរិក​​កាល​ពី​ថ្ងៃ​អង្គារ​ប្រកាស​ថា​ ខ្លួន​បញ្ចប់​ការ​បាញ់​បង្ហោះ​​សាកល្បង​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ដោយ​ជោគ​ជ័យ​ជា​លើកទី​​២​​ ដោយ​បង្ហាញ​ពី​សក្តានុពល​នៃ​ «​សមត្ថភាព​ជំនាន់​ក្រោយ​»​ សម្រាប់​យោធា​។​

ការ​ធ្វើ​សាក​ល្បង​ ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​គម្រោងស្រា​វ​ជ្រាវ​កម្រិត​ខ្ពស់​ការពារ​ជាតិ​ (DARPA) ​និង​កង​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ គឺ​ជា​ការ​សាកល្បង​ដំបូង​របស់​ក្រុម​ហ៊ុន​សាជីវកម្ម​បច្ចេក​វិទ្យា​ Lockheed Martin លើ​​​មីស៊ីល​លឿន​ជាង​សំឡេង​ ​ Hypersonic Air-breathing Weapon Concept ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ HAWC ​។​ ការ​​​ធ្វើ​សាកល្បង​កាលពី​លើក​​មុន​ ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ខែ​​កញ្ញា​ឆ្នាំ​ទៅ។​​

លោក​ Andrew Tippy Knoedler ​អ្នក​គ្រប់​គ្រង​កម្មវិធី​មីស៊ីល​ HAWC ​និយាយ​ ក្នុង​សេចក្តី​ថ្លែងការណ៍​​​ថា​៖​ «​ការ​បង្ហោះ​សាកល្បង​មីស៊ីលHAWC របស់​​ Lockheed Martin ​ដោយ​ជោគ​ជ័យ​​ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រយុទ្ធ​របស់​យើង​ជ្រើស​រើស​សមត្ថភាព​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង​សមរភូមិ​»​។​ លោក​បន្ត​ថា​៖​ «​សមិទ្ធិផល​ទាំង​នេះ​ បង្កើន​កម្រិត​នៃ​ភាព​ចាស់​ទុំ​ផ្នែក​បច្ចេកទេស​សម្រាប់​ការ​ផ្លាស់​ប្តូរ​ HAWC ​ទៅ​ជា​កម្មវិធី​កំណត់​ត្រា​សេវាកម្ម​»​។​

យោង​តាម​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ម្នាក់​ ដែល​ផ្ដល់​​ព័ត៌មាន​មិន​លម្អិត​ដល់​ទូរទស្សន៍​ CCN ​ជា​អនាមិក​ មីស៊ីល​ HAWC ​បាន​ឈាន​ដល់​ល្បឿន​ខ្ពស់​ជាង​ Mach ​5​ ក្នុង​រយៈ​កម្ពស់​ ៦៥ ០០០ ​ហ្វីត​ និង​រយៈ​ចម្ងាយ​ ៣០០ ​ម៉ាយ​​លើ​សមុទ្រ​ ក្នុង​អំឡុង​ពេល​​នៃការ​សាក​ល្បង​។​ ​ចំណែក​ឯ​ទីភ្នាក់ងារ​ DARPA ​មិន​​បាន​​បញ្ជាក់​​ច្បាស់​​ថា​ ​ការ​សាក​ល្បង​​​នេះ​​​ធ្វើ​ឡើង​​នៅ​​ពេល​​​ណា​​ទេ​ ​​គ្រាន់​​តែ​​និយាយ​​ថា​​​ ​«​​ថ្មី​​​ៗ​​នេះ​»​។​ ​

ការ​សាកល្បង​របស់​សហរដ្ឋ​អាមេរិក​ដោយ​ស្ងាត់​ៗ​ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​រុស្ស៊ី​និយាយ​ថា​ខ្លួន​បាន​ប្រើ​ល្បឿន​លឿន​ជាង​សំឡេង​ Kinzhal ​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ការ​លុក​លុយ​​អ៊ុយក្រែន​ ដោយ​អះ​អាង​ថា​​បាន​កំណត់​គោលដៅ​លើ​ឃ្លាំង​រំសេវ​មួយ​នៅ​ភាគ​ខាង​លិច​ប្រទេស​។​ យ៉ាង​ណា​មិញ​ Kinzhal ​គឺ​ជា​ប្រភេទ​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ Iskander ​របស់​រុស្ស៊ី​។ ​ម្យ៉ាង​វិញ​ទៀត​ វា​គឺ​ជាកា​រ​បម្រែ​បម្រួល​នៃ​បច្ចេក​វិទ្យា​ដែល​​បង្កើត​ឡើង​ ផ្ទុយ​ទៅ​នឹង​បដិវត្តន៍​អាវុធ​លឿន​ជាង​សំឡេង​។​

ប្រភព៖ Fox News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner