សាលារាជធានីព្រមានចាត់វិធានការរដ្ឋបាលអ្នកមិនបានចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)
សាលារាជធានីភ្នំពេញ ព្រមានការចាត់វិធានការរដ្ឋបាលចំពោះអ្នកមិនបានចាក់វ៉ាក់សាំង ដូសទីបី ខណៈបានកំណត់វ៉ាក់សាំងដូសជម្រុញនោះ ជាវ៉ាក់សាំងកាតព្វកិច្ច។
សេចក្តីប្រកាសរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសានេះ បានសរសេរថា «ក្នុងករណីប្រជាពលរដ្ឋដែលនៅតែបន្ដគេចវេសមិនបំពេញកាតព្វកិច្ចវ៉ាក់សាំងដូសទី៣នេះ នឹងត្រូវចាត់ វិធានការរដ្ឋបាល ស្របតាមច្បាប់ជាធរមាន»។
សេចក្តីប្រកាសបានបញ្ជាក់ថា «ក្នុងករណី ចាំបាច់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់ សាំងកូវីដ១៩ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬមានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ចូលក្នុងបរិវេណទីតាំង បិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា នោះឡើយ។