សម្តេចនាយករដ្ឋមន្ត្រីរំពឹងការកើនឡើងដំណើរការសេដ្ឋកិច្ចជាតិឆ្នាំ២០២២ (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងសរសើរជុំវិញដំណើរការល្អនៃបរិយាកាសវិនិយោគនៅទន្ទឹម នឹងមានការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាង៥ភាគរយវិញក្រោយការធ្លាប់ចុះ យ៉ាងគំហុកនារយៈពេល២ឆ្នាំជាប់គ្នាមកនេះ។
ប្រសាសន៍កោតសរសើរដំណើរការល្អនៃបរិយាកាសវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃទី២៥មេសានេះ ខណៈទទួលជួបមួយ ក្រុមគណៈ ប្រតិភូវិនិយោគមកពីក្រុមហ៊ុនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធាន សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នាវិមានសន្តិភាព។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានគោរពជម្រាបជូន សម្ដេចតេជោនូវអាជីវកម្មរបស់ក្រុមហ៊ុនទាំង៣ រួមមាន៖ វិស័យឧស្សាហកម្មរ៉ែ, ហេដ្ឋារចនាសម្ព័ន្ធ, អចលនវត្ថុ, ពាណិជ្ជកម្មសំណង់ឡូជីស្ទីក, មូលបត្រ និងពាណិជ្ជកម្មមូលបត្រ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ភាពល្អប្រសើរនៃបរិយាកាសវិនិយោគនៅកម្ពុជា បាន ផ្អែកទៅលើកត្តាចំនួន៥ចំណុច៖ ទី១-កម្ពុជា មានសុខសន្តិភាពនិងស្ថិរភាព, ទី២-កម្ពុជា មាន ច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់អ្នកវិនិយោគ, ទី៣-កម្ពុជា មានក្បាលម៉ាស៊ីនគ្រប់ គ្រងច្រកចេញចូលតែមួយសម្រាប់ការជួយសម្រួលដល់ការវិនិយោគ, ទី៤-កម្ពុជា មិនតំរូវឲ្យ អ្នកវិនិយោគប្រើប្រាស់តែប្រាក់រៀលសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិក ដោយកម្ពុជា អនុញ្ញាត ដល់ការប្រើប្រាក់ដទៃទៀតដូចជា ប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកនិងការ ធ្វើពាណិជ្ជកម្មនៅកម្ពុជា, និងទី៥-កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥មេសានេះផងដែរ បានមានប្រសាសន៍ប្រាប់ មនុស្សជាច្រើនក្នុងពិធីមួយដែលទទួលវ៉ាក់សាំងថា ដំណើរការសេដ្ឋកិច្ចកម្ពុជានឹងកើន ឡើងជាង៥ភាគរយវិញក្នុងឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគក្នុងស្រុកនៅបានណែនាំដល់ ពួក គេ ឱ្យបន្តធ្វើការស្វែងយល់បន្ថែមទៀតពីឳកាសវិនិយោគនៅក្នុងកម្ពុជាតាមរយៈការអញ្ជើញ ជួបអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC លោក សុខ ចិន្តាសោភា។