អង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពបញ្ជាក់ករណីត្រឹមត្រូវនិងតម្លាភាពក្នុង ការរៀបចំការបោះឆ្នោត (Video Inside)
អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព ហៅកាត់ថា IPTP ដែលចូលរួម សង្កេតការណ៍ក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា ពុំមានការគំរាមកំហែង គាបសង្កត់ និងអំពើហិង្សាឡើយ។
សេចក្តីថ្លែងការណ៍ថ្ងៃទី០៧ ខែមិថុនា បានថ្លែងថាក្នុងថ្ងៃដែលបោះឆ្នោតនោះ គណៈប្រតិភូ នៃអង្គការ IPTP បានធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ និងបានធ្វើការចាប់អារម្មណ៍ថាមាន អ្នកចូលរួមបោះឆ្នោតដ៏ច្រើន បានចេញទៅបោះឆ្នោត ដោយសេរី និងសម្ងាត់។ សេចក្តីថ្លែងការណ៍អង្គការដដែលបាននិយាយថា «អ្នកបោះ ឆ្នោតហាក់ដូចជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតនេះ »។
អង្គការ IPTP បញ្ជាក់ថា «ពុំមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និង អំពើហិង្សាណាមួយកើតឡើងឡើយ។ ក្រៅពីនេះ បុគ្គលិកបោះឆ្នោត ត្រូវបានជ្រើសរើសតាម រយៈដំណើរការមួយដែលមានតម្លាភាពនិងភាពប្រកួតប្រជែង ហើយពួកគេបានបំពេញការងារ ប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈ»។
យោងតាមគជប, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង ៨០.១៩ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋជាង៩.២លាននាក់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
គណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅមូលដ្ឋាននេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងនាំ មុខគេ នៅគ្រប់បណ្តារាជធានីខេត្ត ទូទាំងប្រទេស៕