ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបន្តចេញសេចក្តីថ្លែងការណ៍គាំទ្រការបោះឆ្នោតកម្ពុជា (Video Inside)
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលរួមមានសមាជិកសភាមកពីប្រទេសអាហ្សែ័របៃ ហ្សង់, មកពីអង្គការគណបក្សនយោបាយអាស៊ីអាយកាប់, គណបក្សនយោបាយពីប្រទេសនេប៉ាល់, និងមកពីតំណាងគណបក្សកុម្មុយនីស្តចិន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនជុំវិញដំណើរ សង្កេតការណ៍ការបោះឆ្នោតឃុំនិងសង្កាត់ក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ មិថុនា បានបញ្ជាក់ថា «ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី, ដោយសេរី, យុត្តិធម៌, តម្លាភាពនិងបរិយាប័ន្ន»។ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដដែល នេះ បានសរសេរទៀតថាការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥មិថុនាក្នុងប្រទេសកម្ពុជាបានប្រព្រឹត្ត ទៅស្របតាមការបោះឆ្នោតជាសកលដោយការបោះឆ្នោតសម្ងាត់និងស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ, សេរីពហុបក្ស, នីតិរដ្ឋនិងសិទ្ធិមនុស្សសកល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថាជោគជ័យ នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២របស់កម្ពុជា គឺជាជំហានសំខាន់មួយទៀតក្នុងការជំរុញ កំណែទម្រង់ដែលកំពុងបន្តរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា របស់ប្រជាជនចំពោះសន្តិភាព, លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍។