«សាំងឡើងថ្លៃ»៖ របៀបដែលពិភពលោកធ្លាក់ចូលក្នុងវិបត្តិអតិផរណាកាន់តែយ៉ាប់យឺន
កំណើនអតិផរណាជុំវិញពិភពលោក កំពុងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងគ្រួសារជាទូទៅ ពេលដែលគ្រប់មុខទំនិញឡើងថ្លៃ ហើយការចំណាយត្រូវឡើងខ្ទង់ បង្កការឈឺក្បាលវិលមុខកាន់តែខ្លាំង សម្រាប់ទាំងសេដ្ឋវិទូ អ្នកនយោបាយ និងរដ្ឋាភិបាល។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍របស់ខ្លួនចំពោះសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងថា ការជាប់គាំងនៃសេដ្ឋកិច្ច ដែលរួមបញ្ចូលគ្នានៃកំណើនសេដ្ឋកិច្ចយឺត និងអតិផរណា គឺជាបញ្ហាដែលគួរឱ្យពិចារណា។ ស្ថាប័នដដែលថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៩ ភាគរយនៅឆ្នាំនេះ ដោយធ្លាក់ចុះពីការព្យាករណ៍កាលពីលើកមុនរបស់ខ្លួនក្នុងអត្រា ៤,១ ភាគរយនៅខែមករា។
ជាមួយនឹងការបិទខ្ទប់កូវីដ-១៩នៅចិនដែលរំខានដល់ចង្វាក់ផ្គត់ផ្គង់ ការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឱ្យវិបត្តិអតិផរណា ដែលអាក្រក់រួចទៅហើយដោយសារតែការឡើងថ្លៃនៃថាមពល និងម្ហូបអាហារ កាន់តែយ៉ាប់យឺនមួយកម្រិតទៀតមកទល់ពេលនេះ។
នៅចុងខែឧសភា ក្នុងជំហានស្រដៀងគ្នានឹងសហរដ្ឋអាមេរិកដែរ សហភាពអឺរ៉ុបព្រមព្រៀងគ្នាដាក់ទណ្ឌកម្មប្រេងរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ដោយនឹងបិទការនាំចូលចំនួន ៩០ ភាគរយរបស់ខ្លួននៅចុងឆ្នាំ ២០២២។ ជាលទ្ធផល តម្លៃប្រេងសាំងធំមួយចំនួនរបស់ពិភពលោក ហក់ឡើងខ្ពស់ជាង ១២០ ដុល្លារ/បារ៉ែល នាពេលនេះ។ ថ្មីៗ ធនាគារវិនិយោគ Goldman Sachs ព្យាករណ៍ថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅម៉ាក Brent ក្នុង១បារ៉ែល ដែលជាប្រេងស្តង់ដារជួញដូរនៅអឺរ៉ុប នឹងឡើងដល់ ១៤០ ដុល្លារ/បារ៉ែលនៅចន្លោះខែកក្កដា និងខែកញ្ញា។
ទន្ទឹមនឹងនេះ រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផលិតស្រូវសាលី ពោត និងផ្កាឈូករដ្ឋដ៏ធំបំផុតរបស់ពិភពលោក។ ការទម្លាក់គ្រាប់បែក និងការបិទកំពង់ផែមិនឱ្យអ៊ុយក្រែននាំចេញផលិតផលកសិកម្មរាប់លានតោនរបស់ខ្លួន រួមទាំងការ«ប្លន់» យកគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដែលរុស្ស៊ីរងការចោទប្រកាន់ ត្រូវបានព្យាករថានឹងធ្វើឱ្យមានកំណើននៃភាពអត់ឃ្លាន និងស្បៀងឡើងថ្លៃ។ យោងតាមធនាគារពិភពលោក ក្នុងទិដ្ឋភាពបែបនេះ ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសនៅមជ្ឈិមបូព៌ា អាស៊ីកណ្ដាល និងអាហ្វ្រិក និងរងផល់ប៉ះពាល់ធ្ងន់ជាងគេ។
អត្រានៃសន្ទស្សន៍តម្លៃម្ហូបអាហារប្រចាំខែពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ដែលតាមដានតម្លៃទំនិញម្ហូបអាហារជួញដូរទូទាំងពិភពលោក បានរាយការណ៍ពីកំណើន ១២,៦ ភាគរយនៅចន្លោះខែកុម្ភៈ និងខែមីនា ដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០។
ក្នុងរយៈពេលដូចគ្នា សង្រ្គាមនៅអ៊ុយក្រែនក៏ធ្វើឱ្យសន្ទស្សន៍តម្លៃធញ្ញជាតិរបស់ FAO កើនឡើងស្ទើតែ ១៨ ភាគរយផងដែរ ខណៈការព្យាករណ៍ចុងក្រោយរបស់អង្គការដដែលថា ការចំណាយលើការនាំចូលស្បៀងរបស់ពិភពលោក នឹងហក់ដល់កំណត់ត្រាថ្មីចំនួន ១,៨ ទ្រីលានដុល្លារនៅឆ្នាំនេះ ដោយកើនឡើងជាង ៥០ ប៊ីលានដុល្លារ ដែលស្ទើរតែទាំងអស់នៃចំនួននេះបណ្ដាលមកពីការឡើងថ្លៃ។
របាយការណ៍ FAO និយាយថា ការហក់ឡើងនៃការចំនាយទាំងនេះគឺជាសញ្ញាគួរឱ្យបារម្ភពីទស្សនវិស័យសន្តិសុខស្បៀង ដែលបង្ហាញថាអ្នកនាំចូលនឹងពិបាកក្នុងការទប់ទល់នឹងកំណើននៃតម្លៃអន្តរជាតិ។ សេដ្ឋវិទូ FAO លោក Upali Galketi Aratchilage និយាយថា៖ «ដោយមើលឃើញពីកំណើនតម្លៃនៃការនាំចូល ក្តីបារម្ភអំពីអាកាសធាតុ និងកំណើននៃភាពមិនច្បាស់លាស់នៃទីផ្សារដែលកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន ការព្យាករណ៍ចុងក្រោយរបស់ FAO ចង្អុលទៅការរឹតបន្តឹងទីផ្សារម្ហូបអាហារ និងការចំណាយលើនាំចូលអាហារឈានដល់កម្រិតខ្ពស់បំផុត»។
ទន្ទឹមនឹងសង្រ្គាមនៅអ៊ុយក្រែន ការឡើងថ្លៃដែលជំរុញឱ្យមានកំណើនអតិផរណាខ្ពស់ ក៏កាន់តែយ៉ាប់យឺន ដោយសារគោលនយោបាយបិទខ្ទប់កូវីដនៅចិនក្នុងខែមេសា និងដើមខែឧសភាផងដែរ។ វិធានការចិន ធ្វើឱ្យរាំងស្ទះដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក ជាពិសេសនៅពេលទីក្រុងសៀងហៃ ដែលជាកំពង់ផែឧស្សហកម្មដ៏មមាញឹកបំផុតមួយត្រូវរាំងខ្ទប់សកម្មភាពពាណិជ្ជកម្ម ខណៈតម្រូវការចេះតែបន្តកើនឡើង នៅពេលវិបត្តិកូវីដនៅប្រទេសដទៃទៀតបានធូរស្បើយ។
លោក Paul Donovan ប្រធានសេដ្ឋវិទូរបស់ធនាគារវិនិយោគ UBS ពន្យល់ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងអត្ថបទមួយចុះផ្សាយកាលពីខែឧសភាថា៖ «យើងជួបនឹងកំណើនតម្រូវការសម្រាប់ទំនិញខ្ពស់ ហើយវាបានរុញច្រានអតិផរណា។ តម្រូវការទំនិញខុសធម្មតា គ្របដណ្ដប់លើការផ្គត់ផ្គង់ ហើយនៅពេលតម្រូវការធំជាងការផ្គត់ផ្គង់ អ្នកនឹងជួបការខ្វះខាត ឬការឡើងថ្លៃ»។
ដូចអ្វីដែលលោក Donovan ពន្យល់ អ្នកវិភាគបានទាញភ្ជាប់ការឡើងថ្លៃប្រេងឥន្ធនៈរហូតដល់ ៥ ដុល្លារ/ហ្គាឡុងកាលពីថ្ងៃសៅរ៍នៅសហរដ្ឋអាមេរិក ទៅនឹងតម្រូវការខ្ពស់នៃប្រេង ខណៈកត្តារួមផ្សំធំៗផ្សេងៗទៀតមានដូចជាការដាក់ទណ្ឌកម្មបិទប្រេងពីរុស្ស៊ី និងការរារែកមិនចង់តម្លើងផលិតកម្មរបស់អ្នកផលិតប្រេងជាដើម។
ស្របពេលតម្លៃថាមពលខ្ពស់ជាដើមចមធំមួយនៃអតិផរណា កាលពីសប្ដាហ៍មុន អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានប្រកាសកំណើននៃអតិផរណានៅប្រទេសអ៊ឺរ៉ុបខាងកើតចំនួន ៧ ថានឹងកើនឡើងលើស ១០ ភាគរយ។ អត្រាព្យាករណ៍សម្រាប់ហូឡង់នៅឆ្នាំនេះឡើងជិត៣ដងរហូតដល់ ៩,២ ភាគរយ ខណៈអូស្រ្តាលីឡើងទ្វេដងដល់ ៥,៣ ភាគរយ។ លើសពីនោះ ដូចគ្នានឹងសហរដ្ឋអាមេរិក ដែលអតិផរណានៅខែឧសភាឡើងដល់ ៨,៦ ភាគរយដែរនោះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏ជួបប្រទះនឹងអត្រាអតិផរណាកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំផងដែរ។
ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងឥណ្ឌា ថ្មីៗនេះផ្លាស់ប្តូរយ៉ាងសកម្មដើម្បីទប់ស្កាត់កំណើននៃតម្លៃយ៉ាងឆាប់រហ័ស តាមរយៈការដំឡើងអត្រាការប្រាក់។ តាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ សូម្បីតែធនាគារកណ្តាលអ៊ឺរ៉ុប ដែលស្ទាក់ស្ទើរក្នុងការធ្វើបែបនេះដោយសារខ្លាចធ្លាក់ចុះសេដ្ឋកិច្ច និយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ខ្លួននឹងបញ្ចប់ការទិញទ្រព្យសកម្ម និងដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនត្រឹម១ត្រីមាសនៅឯកិច្ចប្រជុំរបស់ខ្លួននៅខែក្រោយ ហើយអាចលើសពីនេះទៀតក្នុងខែកញ្ញា។
ប៉ុន្តែមានដែនកំណត់ចំពោះអ្វីដែលអ្នកដឹកនាំនយោបាយ និងហិរញ្ញវត្ថុអាចធ្វើអំពីការកើនឡើងអតិផរណា ជាពិសេសដោយសារមូលហេតុផ្សេងៗគ្នា។ អង្គការ OECD ព្រមានថា នៅក្នុងតំបន់ជាច្រើន ដូចជាអឺរ៉ុប អតិផរណាជំរុញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃអាហារ និងថាមពល ហើយការដំឡើងអត្រាការប្រាក់នឹងមិនដោះស្រាយបញ្ហាផ្គត់ផ្គង់មូលដ្ឋាននោះទេ។
ផ្ទុយទៅវិញ អង្គការ OECD ក៏ស្តីបន្ទោសចំពោះអតិផរណានៅសហរដ្ឋអាមេរិកថាបណ្ដាលពី «កំណើននៃតម្រូវការខ្លាំង» ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹងផងដែរ។ បើប្រៀបធៀបជាមួយអឺរ៉ុប ទីផ្សារការងារសហរដ្ឋអាមេរិកមានភាពតឹងតែង ហើយកំណើនប្រាក់ឈ្នួលបន្ទាប់បន្សំគឺខ្ពស់ជាង។
ទោះបីជាអតិផរណាកំពុងបង្កឱ្យមានផល់ប៉ះពាល់ខ្លាំងនៅប្រទេសមួយចំនួនក៏ដោយ ការព្យាករណ៍រយៈពេលវែងនៅតែមានភាពវិជ្ជមានជាងពេលបច្ចុប្បន្ន។ ធនាគារពិភពលោករំពឹងថា អត្រាអតិផរណាតម្លៃទំនិញប្រើប្រាស់សកល នឹងធ្លាក់ចុះក្រោម ៣ ភាគរយនៅឆ្នាំក្រោយ។

ប្រភព៖ New York Times