ការធ្វើបាតុកម្មរបស់អ្នកបើកបររថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង បណ្តាលឲ្យខូចខាត១,៧ពាន់លានដុល្លារក្នុងវិស័យសេដ្ឋកិច្ច
ការធ្វើបាតុកម្មដោយមិនចេញដឹកទំនិញរបស់អ្នកបើកបររថយន្តដឹកទំនិញរាប់ពាន់នាក់រយៈពេលមួយសប្តាហ៍គិតត្រឹមថ្ងៃទី១៣ខែមិថុនា បានបណ្តាលឲ្យសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងរងការខាតបង់រហូតដល់ទៅ១,៧ពាន់លានដុល្លារអាមេរិក ពីឧស្សាហកម្មនាំចេញ។
ទីភ្នាក់ងារសារព័ត៌មាន The Straitstimes របស់សិង្ហបុរី បានផ្សាយថា កំសួលនៃការតវ៉ានេះរយៈពេលដ៏យូរនោះដែលកើតចេញពីសមាជិកនៃក្រុមសហជីពអ្នកបើកបរទាមទារការដំឡើងប្រាក់បៀវត្សរ៍ ដើម្បីប៉ះប៉ូវទៅនឹងតម្លៃប្រេងឡើងថ្លៃ និងអតិផរណាផ្សេងៗទៀត បានរំខានទៅដល់បណ្តាញភស្តុភា និងបណ្តាលការខាតបង់ផ្នែកសេដ្ឋកិច្ចជិត១,៦ពាន់ពាន់លានវ៉ុន (១,៧ពាន់លានដុល្លារ) នៅក្នុងឧស្សាហកម្មសំខាន់ៗ ដូចជា ការផលិតរថយន្ត ដែក និងស៊ីម៉ងត៍។
ដំបូងឡើយ ក្រុមអ្នកបើកបររថយន្តបានចេញតវ៉ានៅថ្ងៃទី៧ខែមិថុនា ដើម្បីទាមទារដំឡើងប្រាក់ខែ ដើម្បីប៉ះប៉ូវតម្លៃប្រេងឥន្ធនៈកើនឡើង និង ការពង្រីកប្រព័ន្ធគាំទ្ររបស់រដ្ឋាភិបាល ដែលធានាការចំណាយអប្បបរមានសម្រាប់ពួកគេ។ គិតត្រឹមថ្ងៃចន្ទមានអ្នកបើកបររថយន្ត៦៦០០នាក់ បានចូលរួមការតវ៉ាដោយដើរថ្មើជើងនៅទូទាំងប្រទេស ដែលកើនឡើងពី៤១០០នាក់នៅមួយថ្ងៃមុននោះ។ នេះបើយោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង។
ដើម្បីដោះស្រាយស្ថានការណ៍បន្ទាន់ រដ្ឋាភិបាលបានបង្ខំចិត្តដាក់ពង្រាយរថយន្តយោធាដើម្បីទាញរថយន្តកុងតឺន័រចេញពីកំពង់ផែសំខាន់ៗ រួមទាំងកំពង់ផែទីក្រុងប៊ូសានផងដែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ បាននិយាយថា ផលខូចខាតនឹងកើនឡើងខ្ពស់បន្ថែមទៀតនៅសប្តាហ៍ខាងមុខ និង បានជំរុញឲ្យរដ្ឋាភិបាលរៀបចំជម្រើសច្រើនយ៉ាង ដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច។
ការចរចារវាសហជីពសាមគ្គីអ្នកបើករថយន្តដឹកទំនិញ ដែលមានសមាជិកជាង២ម៉ឺននាក់ និង រដ្ឋាភិបាលមិនជោគជ័យទេ។ ប្រទេសកូរ៉េខាងត្បូងមានអ្នកបើកបររថយន្តដឹកទំនិញដែលជាអាជីវកម្មផ្ទាល់ខ្លួនជាង៤០ម៉ឺននាក់ នៅក្នុងប្រទេសកូរ៉េដែលដើរតួនាទីសំខាន់ក្នុងការដឹកជញ្ជូនតួរកុងតឺន័រផ្ទុកទំនិញផ្សេងៗចាប់ពីរថយន្តដល់អាគុយ ឧបករណ៍ពាក់កណ្តាលចម្លងនិងស៊ីម៉ងត៍។
បណ្តាញសារព័ត៌មាន CNBC របស់អាមេរិក បានផ្សាយថា គិតត្រឹមថ្ងៃចន្ទ ក្រុមផលិតឱសថ បានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តនិងដែក ក្នុងការកាត់បន្ថយប្រតិបត្តិការដោយសារតែខ្វះមធ្យោបាយដឹកជញ្ជូនដោយសារការតវ៉ារបស់អ្នកបើកបរថយន្តដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
សមាគមនោះបានតំណាងឲ្យក្រុមហ៊ុនផលិតឱសថនិងបរិក្ខាពេទ្យ៣២នៅក្នុងប្រទេសកូរ៉េ បាននិយាយថា ការនាំចេញជាមធ្យមប្រចាំថ្ងៃនៃក្រុមហ៊ុនជាសមាជិករបស់ពួកគេបានធ្លាក់ចុះ៩០ភាគរយដោយសារការតវ៉ានោះ។ បណ្តាញព័ត៌មាន Economictimes កាលពីថ្ងៃអាទិត្យសហព័ន្ធសហគ្រាសកូរ៉េ ( KEF) បានចេញនូវសេចក្តីថ្លែងការណ៍មួយជាមួយក្រុមឧស្សាហកម្មធុរកិច្ច៣០ផ្សេងទៀត រួមទាំង ផ្នែកឧស្សាហកម្មផលិតឧបករណ៍ពាក់កណ្តាលចម្លង ឧស្សាហកម្មរថយន្ត និង ដទៃទៀត ដោយទាមទារថាអ្នកបើកបររថយន្តឲ្យលប់ចោលការតវ៉ា ព្រោះវាបង្កការខូចខាតច្រើនដល់ផលិតកម្មនិងពាណិជ្ជកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ។
