បៃដិន​៖ ​អាមេរិក​នឹង​​បញ្ជូន​​ជំនួយ​​យោធា​​ចំនួន​ ១​ ​ប៊ី​លាន​​ដុល្លារ​​បន្ថែម​​ទៀត​​ដល់​​​អ៊ុយក្រែន​

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ចូ ​បៃដិន ​ប្រកាសនូ​វ​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយក្រែនក្នុង​តម្លៃ​ ១ ​ប៊ីលាន​ដុល្លារ​បន្ថែម​ទៀត​ ដែល​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ប្រឆាំង​រថក្រោះ ​គ្រាប់​រ៉ុក្កែត​កាំភ្លើង​ធំ​ ​និង​គ្រាប់​កាំភ្លើង​ធំ​ផ្លោង​ Howitzer​។​

លោក ​បៃដិន ​និយាយ​ថា​៖​ «​ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​ [​អ៊ុយក្រែន​ លោក ​វ៉ូឡូឌីមៀ​]​ ហ្សេឡេនស្គី​ ដើម្បី​ពិភាក្សា​អំពី​សង្រ្គាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​កំពុង​បន្ត​។​​ ខ្ញុំ​សូម​​អះ​អាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ឈរ​ក្បែរ​អ៊ុយក្រែន​ ​ដែល​ការពារ​លទ្ធិប្រ​ជាធិបតេយ្យ​ និង​គាំទ្រ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ ដោយ​ប្រឈម​មុខ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្សី​ដោយ​មិន​ញញើត​»​។​

សេត​វិមាន​និយាយ​ថា​ ការ​ថ្លែង​របស់​លោក​ បៃដិន ​ធ្វើ​ឡើង​ក្រោយ​កិច្ច​សន្ទនា​ជាមួយ​លោក​ ហ្សេឡេនស្គី​ ទាក់​ទង​នឹង​កញ្ចប់​ជំនួយ​ចុង​ក្រោយ​ទី​១២​ តាំង​តែ​សង្រ្គាម​ផ្ទុះ​ឡើង​ ខណៈ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​លោក​ ឡយដ៍ ​អូស្ទីន​ (Lloyd Austin) ​កំពុង​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អង្គការ​ណាតូ​។​

លោ​ក​ អូស្ទីន ​ប្រាប់​បណ្ដា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៅ​ណាតូ​ថា​៖​ «​យើង​កំពុង​ធ្វើ​ការ​នៅក្នុ​ង​ការ​បំពេញ​តាម​សំណើ​អ៊ុយក្រែន​ចំពោះ​អាវុធ​ថ្មី​ ជា​ពិសេស​តម្រូវកា​រ​របស់​ប្រទេស​នេះ​លើ​អាវុធ​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​ ពាស​ដែក​ និង​ប្រព័ន្ធ​ការពារ​នៅ​ឆ្នេរ​សមុទ្រ​»​។​

លោក​​​បន្ថែម​ថា​៖​ «​យើង​នឹង​ផ្តល់​ឱ្យ​អ្នក​ការពារ​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ទំនើប​រយៈ​ចម្ងាយ​ឆ្ងាយ​​ HIMARS ​និង​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​ច្រើន​គ្រាប់​ ហើយ​អាវុធ​ទាំង​អស់​នេះ​នឹង​ជំរុញ​យ៉ាង​ខ្លាំង​នូវ​សមត្ថភាព​របស់​អ៊ុយក្រែន​»។​​  ​

ទន្ទឹម​នឹង​ជំនួយ​យោធា​ថ្មី​ លោក​ បៃដិន ​ក៏​ប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ចំនួន​ ២២៥ ​លាន​​ដុល្លារ​សម្រាប់​អ៊ុយក្រែន​ផង​ដែរ​ ដើម្បី​ដោះស្រាយ​តម្រូវការ​ដូច​ជា​ ទឹក​ស្អាត​ ការ​ផ្គត់​ផ្គង់​ផ្នែក​វេជ្ជសា​ស្រ្ត​សំខាន់​ៗ​ អាហារ ​និង​សាច់​ប្រាក់​សម្រាប់​គ្រួសារ​ដើម្បី​ទិញ​របស់​របរ​សំខាន់​ៗ​។​

កញ្ចប់​ជំនួយ​នេះ​ ប្រកាស​ឡើង​ខណៈ​ដែល​ភាព​តាន​តឹង​នៃ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​នៅ​តំបន់​ដុនបាស​។​ ខណៈ​រុស្ស៊ី​ចោទ​លោក​ខាង​លិច​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ ពី​ការ​ចាក់​សាំង​លើ​ភ្លើង​ដោយ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​ក្រុង​កៀវ ​អនុរដ្ឋ​មន្ត្រី​ការពារ​​ជាតិ​អ៊ុយក្រែន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ អ៊ុយក្រែន​បាន​ទទួល​សព្វា​វុធ​ត្រឹម​តែ​ ១០ ​ភាគ​រយ​នៃ​ចំនួន​ដែល​ខ្លួន​ស្នើរ​សុំ​ពី​លោក​ខាង​លិច​ប៉ុណ្ណោះ​។​ ​

កន្លង​មក​ ​លោក ​ហ្សេឡេនស្គី ​បាន​រិះ​គន់​ពី​អាកប្បកិរិយា​រារាំង​ បង្អាក់​ឱ្យ​ការ​បញ្ជូន​អាវុធ​មាន​ការ​យឺត​យ៉ាវ​ពី​មេដឹកនាំ​លោក​ខាង​លិច​មួយ​ចំនួន​ ហើយ​និយាយ​ថា​៖​ «​ខ្ញុំ​​ដឹង​​គុណ​​ចំពោះ​​អ្វី​​ដែល​​នឹង​បញ្ជូន​មក​​ដល់​ ប៉ុន្តែ​​ឱ្យ​បាន​​លឿន​»​ ខណៈ​ដែល​រុស្ស៊ី​មាន​អាវុធ​​​លើស​ខ្លួន​ «​រាប់​រយ​ដង​»​ និង​​ទំនើបៗ​។​

ចាប់​តាំង​ពី​ទី​ក្រុង​ម៉ូស្គូ​បើក​ការ​ឈ្លាន​ពាន​ ​រដ្ឋបាល​លោក ​បៃដិន​ បាន​ដាក់​ពង្រាយ​ទាហាន​អាមេរិក​ជាង​ ១ ​សែន​នាក់​ទៅ​កាន់​ប្រទេស​ជា​សមាជិក​ណាតូ​ និង​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ជាង​ ៥,៦ ​ប៊ីលាន​ដុល្លារ​។​

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner