ប្រធានាធិបតី​ចិន​លោក​ ស៊ី ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​ចំពោះ​កង្វល់​សន្តិសុខ​របស់​រុស្ស៊ី​​

ប្រធានា​ធិបតី​ចិន​លោក​ ស៊ី ​ជិនពីង​ ​បញ្ជាក់​​​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ក្រុង​ប៉េកាំង​ចំពោះ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​អធិបតេយ្យ​ភាព​ និង​សន្តិសុខ​របស់​រុស្ស៊ី​ ដែល​កំពុង​សម្រុក​ការ​ឈ្លាន​ពាន​របស់​ខ្លួន​នៅ​តំបន់​ដុនបាស​នៃ​ប្រទេស​អ៊ុយក្រែន​។​ ​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ស៊ីនហួ​ លោ​ក​ ស៊ី ​បាន​ប្រាប់​មេដឹកនាំ​រុស្ស៊ី​ លោក​ វ៉្លាឌីមៀ ​ពូទីន ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖​ «​ភាគី​ទាំង​អស់​គួរ​តែ​ជំរុញ​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​ការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន​»​។​​

វិមាន​ក្រឹម​ឡាំង​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​អំពី​កិច្ច​សន្ទនា​ទូរស័ព្ទ​​​ថា​ លោក ​ពូទីន​ «​បាន​គូស​បញ្ជាក់​ការ​វាយ​តម្លៃ​ជា​មូលដ្ឋាន​របស់​លោក​អំពី​ស្ថានភាព​នៅ​អ៊ុយក្រែន​»​ ហើយ​លោក​ ស៊ី ​«​បាន​​កត់​សម្គាល់​ពី​ភាព​ស្រប​ច្បាប់​នៃ​សកម្មភាព​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ចំពោះ​សន្តិសុខ​របស់​ខ្លួន​ដែល​បង្កើត​ឡើង​ដោយ​កង​កម្លាំង​ខាង​ក្រៅ​»​។

តាំង​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​នៃ​ «​ប្រតិបត្តិការ​យោធា​ពិសេស​»​ របស់​ខ្លួន​ រដ្ឋាភិបាល​សម្ព័ន្ធ​មិត្ត​ចិន​​បាន​បរាជ័យ​ក្នុង​ការ​ហៅ​សកម្មភាព​របស់​រុស្ស៊ី​ថា​ជា​ការ​ឈ្លាន​ពាន​ ហើយ​ចោទ​អង្គការ​ណាតូ ​និង​លោក​ខាង​លិច​ថា​ញុះ​ញង់​ក្រុង​ម៉ូស្គូ​ឱ្យ​ធ្វើ​ការ​វាយ​ប្រហារ​អ៊ុយក្រែន​ ដែល​ជា​ប្រទេស​មាន​ឯករាជ្យ​ និង​អធិបតេយ្យ​ភាព​ផ្ទាល់​ខ្លួន​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា​៖​ «​ចិន​អះ​អាង​ថា​ខ្លួន​មាន​អព្យាក្រឹតភាព​ ប៉ុន្តែ​អាកប្បកិរិយា​របស់​ប្រទេស​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នៅ​តែ​វិនិយោគ​ក្នុង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី​»។​​

ប៉ុន្មាន​សប្តាហ៍​មុន​ពេល​រុស្ស៊ី​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ចុង​ខែ​កុម្ភៈ​ ​លោក​ ពូទីន ​និងលោក​​ ស៊ី បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉េកាំង ​និង​ត្រួត​ពិនិត្យ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដោយ​សន្យា​ថា​ទំនាក់​ទំនង​រវាង​ភាគី​នឹង​​ «​គ្មាន​ដែន​កំណត់​»។​​

​​ក្នុង​ជំនួប​​ដែល​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​ចាប់​ផ្តើម​​ មេ​ដឹក​នាំ​ទាំង​២​បាន​បង្ហាញ​ការ​ទប់​ទល់​នឹង​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ ដោយ​ប្រកាស​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ការ​ពង្រីក​​របស់​ណាតូ​ និង​បញ្ជាក់​ថា​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។​

គេ​មិន​ដឹង​ថា​ពេល​នោះ​ ចិន​ដឹង​ថា​រុស្ស៊ី​នឹង​មាន​ផែនការ​យ៉ាង​ណា​ទេ​ចំពោះ​អ៊ុយក្រែន​ ប៉ុន្តែ​ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ ចិន​តែង​តែ​ផ្ដល់​ការ​គាំទ្រ​លើ​រុស្ស៊ី​រាប់​តាំង​ពី​និយាយ​ការពារ​លើ​ឆាក​អន្តរជាតិ​ រហូត​ដល់​ការ​ទិញ​ប្រេង​ ខណៈ​​ព្យាយាម​បង្ហាញ​ពី​អព្យាក្រឹត​របស់​ខ្លួន​ដើម្បី​ជៀស​វាង​ពី​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ពី​ការ​គាំទ្រ​ទាំង​នោះ​ចំ​ពេល​រុស្ស៊ី​រង​ទណ្ឌកម្ម​ពី​បស្ចិម​លោក​ ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​របស់​ចិន​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner