សមាគមអតីតយុទ្ធជនកម្ពុជាប្រារព្ធខួបទិវាលើកទី១៥ថ្ងៃ២១មិថុនា (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី បានធ្វើសារលិខិតមួយអបអរសាទរខួបលើកទី១៥នៃទិវាអតីត យុទ្ធជនកម្ពុជាថ្ងៃ២១មិថុនា។
អតីតកាលសង្គ្រាមក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយ ការធ្វើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ ផ្តួលរំលំអតីតព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តម សីហនុ បាននាំកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម និងការវាយប្រហារស៊ីសាច់ហុតឈាមគ្នា។ សង្គ្រាមរយៈពេលជិត៣០ឆ្នាំ ក្រោយមកត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោហ៊ុនសែន។
សង្គ្រាមបានបង្កឱ្យមានមនុស្សស្លាប់និងរបួសជាច្រើន ប៉ុន្តែរាជរដ្ឋាភិបាល នៅតែចងចាំជានិច្ចនូវគុណបំណាច់យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិដើម្បីជាតិនិងសម្រាប់សន្តិភាពរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតបានសរសេរថា «ថ្ងៃទី២១មិថុនាឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំង ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី១៥ទិវាអតីតយុទ្ធជនកម្ពុជាដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុតនិងគុណបំណាច់ ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែល បានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងមាតុ ភូមិជាទីស្នេហា»។
អតីតកាលសង្គ្រាម បានបន្សល់ទុកនូវអតីតយុទ្ធជនកម្ពុជាចំនួន ១០ម៉ឺន៣ ពាន់៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥ម៉ឺន ៥៣៩នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គម ប្រចាំខែពីរដ្ឋ។
គិតចាប់ពីខែមេសា ឆ្នាំ២០២០នោះមក រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។