UN ​នឹង​ស៊ើប​អង្កេតការ​សម្លាប់​កុមារ​នៅ​អ៊ុយក្រែន​ អេត្យូពី ​ម៉ូហ្សំប៊ិក​

អគ្គ​លេខា​ធិការ​​អង្គការ​​សហ​​ប្រជាជាតិ​​លោក​​អង់តូនីញ៉ូ ​​ហ្គូតែរ៉េស​ ​(Antonio Guterres)​​និយាយ​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នឹង​ស៊ើប​អង្កេតការ​សម្លាប់​ និង​ធ្វើ​ឱ្យ​របួស​កុមារ​នៅ​ប្រទេស​អ៊ុយក្រែន ​អេត្យូពី ​និង​ម៉ូហ្សំប៊ិក​។​

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ «​កុមារ​ និង​ជម្លោះ​ប្រដាប់​អាវុធ​»​ កុមារ​ចំនួន​ ២៥១៥ ​នាក់​ត្រូវ​បាន​សម្លាប់​ និង​ ៥ ៥៥៥ ​នាក់​ត្រូវ​រង​របួស​ក្នុង​ជម្លោះ​ឆ្នាំ​ ២០២១​។​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ដែល​របាយការណ៍​​រក​ឃើញ​រួម​មាន​ការ​ចាប់​ពង្រត់​ អំពើ​ហិង្សា​ផ្លូវ​ភេទ​ ការ​វាយ​ប្រហារ​លើ​សាលា​រៀន ​និង​មន្ទីរ​ពេទ្យ​ និង​ការ​បដិសេធ​ជំនួយ​អំឡុង​ពេល​មាន​ជម្លោះ​។​

របាយការណ៍​បាន​រក​ឃើញ​ថា​ចំនួន​ខ្ពស់​បំផុត​នៃ​ការ​រំលោភ​បំពាន​លើ​កុមារ​ក្នុង​ឆ្នាំ​២០២១​គឺ​នៅ​ក្នុង​ប្រទេស​យេម៉ែន ​ស៊ីរី​ អាហ្វហ្គានីស្ថាន ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ​សូម៉ាលី ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​។​លោក​​ហ្គូតែរ៉េស ​​និយាយ​ថា​ របាយការណ៍​នៅ​ឆ្នាំ​ក្រោយ​នឹង​រួម​បញ្ចូល​ការ​បំពាន​​ប្រឆាំង​នឹង​កុមារ​នៅ​អ៊ុយក្រែន​ អេត្យូពី ​និង​ម៉ូហ្សំប៊ិក​។​​

បេសកជន​ពិសេស​របស់​ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កុមារ​ និង​ជម្លោះ​ប្រដាប់​អាវុធ​ លោក​Virginia Gamba ​​និយាយ​ថា ​ការ​រំលោភ​ដែល​ពាក់​ព័ន្ធ​បំផុត​២​ដែល​កើត​ចេញ​ពី​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ គឺ​ការ​សម្លាប់​ និង​ធ្វើ​ឱ្យ​កុមារ​របួស​ និង​ការ​វាយ​ប្រហារ​លើ​សាលារៀន​ និង​មន្ទីរ​ពេទ្យ​។​លោក​Gamba ​ដែល​ចង​ក្រង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​​និយាយ​ថា​ អំពើ​ទាំង​២​នឹង​មាន​កម្រិត​ខ្ពស់​។​ ​

​ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​អ្នក​ស្រី ​Michelle Bachelet ​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​០៣​ខែ​កក្កដា​ ជន​ស៊ីវិល​ប្រហែល​៤ ៨៨៩ ​ត្រូវ​បាន​សម្លាប់​នៅអ៊ុ​យក្រែន​ ក្នុង​នោះ​មាន​ ៣៣៥ ​នាក់​ ហើយ​តួរ​លេខ​នៅ​នឹង​កន្លែង​ប្រាកដ​ជា​ខ្ពស់​ជាង​នេះ​។​ ​​

របាយការណ៍​ស្តី​ពី​ជម្លោះ​ប្រដាប់​អាវុធ​ និង​កុមារ​ រួម​មាន​បញ្ជី​ខ្មៅ​ដែល​មាន​បំណង​ធ្វើ​ឱ្យ​ភាគី​ជម្លោះអាម៉ាស់​ ​ក្នុង​ក្តី​សង្ឃឹម​ជំរុ​ញ​ឱ្យ​ពួក​គេ​អនុវត្ត​វិធានការ​ដើម្បី​ការពារ​កុមារ​។​របាយការណ៍​នេះ​មាន​ភាព​ចម្រូង​ចម្រាស​ជា​យូរ​ណាស់​មក​ហើយ ​ដោយ​អ្នក​ការ​ទូត​និយាយ​ថា​ អារ៉ាប៊ីសាអូឌីត​ប្រើ​កម្លាំង​នៅ​យ៉េមែន​និង​អ៊ីស្រាអែល​ប្រើ​កម្លាំង​លើ​ប៉ាឡេស្ទីន​បាន​​ដាក់​សម្ពាធ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្នុង​គោល​បំណង​ដើម្បី​គេច​ចេញ​ពី​បញ្ជី​ខ្មៅ​របស់​អង្គការ​សហ​ប្រជាជាតិ​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner