ថៃអនុម័តបង្កើតក្រុងឆ្លាតវៃតម្លៃវិនិយោគ៣៧ពាន់លានដុល្លារដើម្បីបង្កើតការងារ២០ម៉ឺនកន្លែងនៅខេត្តឈុនបុរី
ថៃគ្រោងនឹងសាងសង់ទីក្រុងឆ្លាតវៃតម្លៃ៣៧ពាន់លានដុល្លារអាមេរិក នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មមួយក្នុងខេត្តឈុនបុរីភាគអាគ្នេយ៍នៃទីក្រុងបាងកក ដោយទីក្រុងនោះនឹងផ្តល់ការងារផ្ទាល់ប្រមាណ២០ម៉ឺនកន្លែង រួមចំណែកបង្កើតប្រាក់ចំណូលប៉ះប៉ូវប្រាក់ចំណូលដែលខាងបង់ដោយសារវិបត្តិកូវីដ១៩។
យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Bloomberg គម្រោងដែលទើប អនុម័តពីរដ្ឋាភិបាលថៃ ទទួលបានការសន្យាវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនផលិតរថយន្ត បច្ចេកវិទ្យរ៉ូបូត ថែទាំសុខភាព និងភស្តុភារពិភពលោក។
ទីក្រុងឆ្លាតវៃរបស់ថៃមួយនេះនឹងត្រូវសាងសង់ទីក្រុងនៅក្នុងសង្កាត់ Huai Yai នៃខេត្ត Chonburi ចម្ងាយប្រហែល១៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងបាងកក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់-អូ-ចា (Prayut Chan-o-cha) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្រុមមន្ត្រីបាននិយាយថា ទីក្រុងដែលមិនទាន់ដាក់ឈ្មោះនោះ នឹងត្រូវលាតសន្ធឹងលើផ្ទៃដី ២៣៤០ហិកតា ហើយនឹងត្រូវចំណាយអស់ ៣៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ ឆ្នាំខាងមុខ។
លោកបណ្ឌិត Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតបានប្រាប់អ្នកយកព័ត៌មានថា គម្រោងនេះនឹងត្រូវបែងចែកជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនប្រាំសម្រាប់ក្រុមហ៊ុនសម្រាប់ជួលជាតំបន់ពាណិជ្ជកម្ម។
លោកបាននិយាយថា ទីក្រុងនឹងរួមបញ្ចូលមជ្ឈមណ្ឌលសម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សម្រាប់វេជ្ជសាស្ត្រ ការស្រាវជ្រាវ និងការអភិវឌ្ឍអន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ។
លោកបណ្ឌិត Kanit បាននិយាយថា ១ភាគ៤នៃទីក្រុងថ្មីនេះ នឹងត្រូវបានរចនាឡើងសម្រាប់លំនៅឋានដែលអាចឲ្យមនុស្សរស់នៅបានចំនួន ៣៥ម៉ឺននាក់នៅឆ្នាំ ២០៣២ និងបង្កើតការងារផ្ទាល់ចំនួន២០ម៉ឺនកន្លែង។
លោកបាននិយាយថា អ្នករស់នៅទីនោះភាគច្រើននឹងជាអ្នកធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម ដែលគ្រោងនឹងទាក់ទាញការវិនិយោគប្រហែល ២,២ពាន់ពាន់លានបាតក្នុងរយៈពេល៥ ឆ្នាំខាងមុខ។
លោកបណ្ឌិត Kanit បានថ្លែងថា៖«ទីក្រុងថ្មីនឹងអាចរស់នៅបានសម្រាប់មនុស្សជំនាន់ថ្មី ព្រមទាំងប្រតិបត្តិការជាមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ យើងបានបង្កើតគម្រោងថ្មីនេះឡើងដើម្បីប៉ះប៉ូវប្រាក់ចំណូលដែលថៃបានបាត់បង់ក្នុងអំឡុងពេលជំងឺរាតត្បាត»។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងថ្មីដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនអាចបន្ថែមទឹកប្រាក់ប៉ាន់ស្មានចំនួន២ពាន់ពាន់លានបាតដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃក្នុងរយៈពេល១០ឆ្នាំ ហើយតម្លៃនៃទ្រព្យសម្បត្តិបន្ទាប់ពីរយៈពេលសម្បទាន៥០ឆ្នាំនឹងកើនឡើង៥ដង។
រដ្ឋាភិបាលរបស់លោក ប្រាយុធ បានលើកសរសើរពីច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ដែលជាគម្រោងអភិវឌ្ឍន៍ដែលមានគោលដៅរួមមាន នគរូបនីយកម្ម ជំរុញឧស្សាហកម្មជឿនលឿន និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលដើរយឺតជាងប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ី និងវៀតណាម។
ច្រករបៀងសេដ្ឋកិច្ចបូព៌ារបស់ប្រទេសថៃគ្របដណ្តប់ខេត្តចំនួនបីដែលធ្លាប់ជាមជ្ឈមណ្ឌលផលិតកម្មរបស់ប្រទេស ហើយបច្ចុប្បន្នបានរួមចំណែកយ៉ាងច្រើនដល់មួយភាគប្រាំនៃសេដ្ឋកិច្ចថៃ។ យោងតាមមន្ត្រីបានឱ្យដឹងថា ទិន្នផលរបស់វាកំពុងកើនឡើង ៦-៧ ភាគរយក្នុងមួយឆ្នាំៗ ដែលលឿនជាងប្រទេសដទៃទៀត៕

ប្រភព៖ The Straits Times