កិច្ច​ប្រជុំ​ចតុភាគី​​លើ​ការនាំ​ចេញ​ផលិតផល​ស្បៀងអាហារ​ពីអ៊ុយក្រែន​និង​រុស្ស៊ី មាន​ពន្លឺ​​​ខ្លះ​​ បន្ទាប់​ពី​រុស្ស៊ី​រងសម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​

កិច្ច​ប្រជុំ​ចតុភាគី​​លើក​ដំបូង​​​​​​រវាង​រុស្ស៊ី អ៊ុយក្រែន តួកគី និង​មន្ត្រី​​អង្គការ​សហប្រជាជាតិ​​​កាល​ពី​ថ្ងៃពុធ​​​នៅ​ប្រទេសតួកគី បាន​រក​ឃើញ​​ពន្លឺ​ខ្លះ​សម្រាប់​ការ​បើក​ផ្លូវ​​ឲ្យ​មាន​ការនាំ​ចេញ​ផលិត​ផល​ធញ្ញជាតិ ​ដែល​ពិភពលោក​ចោទ​​រុស្ស៊ី​ថា​បានបិទ​ខ្ទប់ផ្លូវសមុទ្រមិន​ឲ្យ​អ៊ុយក្រែន​នាំ​ចេញ​និង​នាំ​ឲ្យ​​អន្តរជាតិដាក់សម្ពាធ​​យ៉ាងខ្លាំង​លើ​ប្រទេស​​រុស្ស៊ី​។​

ការ​ជួបពិភាក្សាគ្នា​​នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ពុធ រវាង​រុស្ស៊ី និងអ៊ុយក្រែន ជាមួយ មន្ត្រី​អង្គការ​សហប្រជាជាតិ និងតួកគី ក្នុង​គោល​បំណង​បំបែក​ភាពជាប់គាំង​រយៈពេល​ជាច្រើន​ខែ​ជុំវិញ​ការនាំចេញ​គ្រាប់ធញ្ញ​ជាតិ ដែលបានមើលឃើញថាតម្លៃស្បៀងអាហារកើនឡើង ហើយ​មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹងភាពអត់ឃ្លាន។

​បន្ទាប់​​​កិច្ច​ប្រជុំ​​​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ​បាននិយាយថា លោក​​មាន​ក្តី​សង្ឃឹម​​ថា អ្នកចរចារុស្ស៊ី និង​អ៊ុយក្រែន អាច​ឈាន​ដល់កិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បី​​បើក​ផ្លូវ​​ឲ្យ​មាន​​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​តាមរយៈ​សមុទ្រខ្មៅ​ឱ្យបានឆាប់នៅសប្តាហ៍ក្រោយ។

អគ្គលេខាធិកា​​រ​ដែលបានថ្លែង​និង​​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​អង្គការសហប្រជាជាតិ លើក​ឡើង​ថា៖​«ថ្ងៃនេះ​​ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល ​យើង​ឃើញ​មាន​ការ​បោះជំហាន​ដ៏សំខាន់​​ឆ្ពោះទៅរក​​​​​ការ​ធានា​​ការនាំ​ចេញ​​ផលិត​ផល​អាហាររបស់​អ៊ុយក្រែន​ប្រកបដោយសុវត្ថិភាព​និង​ធានា​​តាមរយៈសមុទ្រ​ខ្មៅ»។​

បណ្តាញ​​ព័ត៌មាន​​dw ​​​របស់​អាល្លឺម៉ង់ បាន​ផ្សាយ​ថា លោក Guterres បាន​និយាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថា​៖«យើង​សង្ឃឹម​ថា​យើង​នឹង​អាច​កោះ​ប្រជុំ​ឡើង​​វិញ​​បាន​ក្នុង​ពេល​ឆាប់ៗ ខ្ញុំ​ប្រាកដ​ថា​នៅ​​សប្តាហ៍​​ក្រោយ ហើយ​សង្ឃឹម​ថា​យើង​នឹង​អាច​មាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ»។

លោក​បាននិយាយថា មាន«កិច្ចព្រមព្រៀង​ទូលំទូលាយ» លើផែនការ​របស់​អង្គការសហ​ប្រជាជាតិ ក្នុង​ការនាំចេញ​គ្រាប់​ធញ្ញជាតិរាប់លានតោនដែលត្រូវបានរារាំងដោយសារតែសង្គ្រាម​ក្នុងប្រទេសអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក​ ហើយ​អាចឱ្យរុស្ស៊ី​​​នាំចេញ​គ្រាប់ធញ្ញជាតិ និង​ជីផង​ដែរ។

កិច្ចប្រជុំកម្រិត​ខ្ពស់នៅទីក្រុងអ៊ីស្តង់ប៊ុល​​លើក​នេះ​​កើតឡើងជាមួយនឹងការលុកលុយរបស់រុស្ស៊ី​លើអ៊ុយក្រែនដែលបង្ហាញពីសញ្ញានៃការធូរស្រាល ​ហើយ​ភាគីសង្គ្រាម​​ត្រូវ​បាន​ខ្ទប់ជាប់​នៅ​ក្នុង​​សមរភូមិ​ការបាញ់​ប្រហារ​​ពី​ចម្ងាយ​ដ៏ក្ដៅគគុក ​ដែលកំពុងបំផ្លាញទីក្រុង​​ជា​ច្រើន​ និង​​​បណ្តាល​ឲ្យ​ មនុស្ស​​គ្មាន​អ្វីសោះ។

ភាគី​អ៊ុយក្រែន និងរុស្ស៊ី​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង «មូលដ្ឋាន និងបច្ចេកទេស»​ដ៏សំខាន់​​​ ដើម្បី​ផ្លាស់ទីការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗចេញពីកំពង់ផែសមុទ្រខ្មៅដែលត្រូវបានរារាំង នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសតួក​គី ដែល​​បាន​ធ្វើ​ជា​អ្នក​​​ផ្សះផ្សាយ​​​ជម្លោះ​​។ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​​កាសែត​ Politico នៃ​ទីក្រុង​ប្រ៊ុចសែល​។

ជំហានវិជ្ជមានដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងអង់ការ៉ា លោក Hulusi Akar បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលរវាងភាគីផ្សេងៗគ្នា បន្ទាប់​ពី​មានភាពជាប់គាំងជាច្រើនខែ។

ការដឹកជញ្ជូន​គ្រាប់​ធញ្ញ​ជាតិពីអ៊ុយក្រែន​តាមកំពង់ផែសមុទ្រខ្មៅត្រូវ​បាន​បញ្ឈប់​ចាប់តាំងពី​រុស្ស៊ី​បានឈ្លានពា​ន​នៅចុងខែកុម្ភៈ។ គ្រាប់ធញ្ញជាតិរាប់លានតោនដែលត្រូវការ​សម្រាប់ចិញ្ចឹម​ប្រជាជន​​ក្នុង​ប្រទេស​ដែលពឹងផ្អែកលើការនាំចូលនៅ​តាមតំបន់​ផ្សេងៗ​ទៀត​ ដូចជាមជ្ឈិមបូព៌ា និង​អាហ្រ្វិកកំពុងស្ថិតក្នុង​សន្និធិ​ ដោយតម្លៃអាហារ​ដែល​មាន​​កើនឡើង​​អតិផរណា​យ៉ាងខ្លាំង​។

ភាគី​ជម្លោះ​​​​បាន​​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​​ក្នុង​​កិច្ច​ប្រជុំ​​​ថ្នាក់​ដឹកនាំ​​ក្រសួង​ការបរទេស​ក្នុង​ក្របខ័ណ្ឌ​​​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទាំង​២០ ដែល​គេស្គាល់ថា «G20»​ ដែលត្រូវបានរៀប​ចំឡើង​​​​នៅ​ប្រទេសឥណ្ឌនេស៊ី​កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​នេះ។

​យោង​តាម​ការ​ផ្សាយ​​របស់ VOA ​ប្រមុខ​ក្រសួងការបទេស​រុស្ស៊ី លោក សឺហ្គេយ​​ ឡាវរ៉ូវ (Sergey Lavrov) បាន​ដើរចេញ​​ពី​កិច្ច​ប្រជុំ​​​​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​​ G20 ​ចំនួន​ពីរ​លើក​ គឺ​មួយ​លើក​នៅពេល​ដែល​​ លោក Annalena Baerbock រដ្ឋមន្ត្រី​ការបរទេសអាល្លឺម៉ង់​ថ្លែង​​​​អំឡុង​ពេល​​កិច្ច​​ដោយ​ពិភាក្សា​​​​ការ​ការពង្រឹង​​​​​ពហុភាគី​និយម និង មួយ​លើក​ទៀត​​​នៅពេល​ដែល​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​ លោក Dmytro Kuleba ថ្លែង​តាមវីដេអូ​ពីចម្ងាយ​​ក្នុង​​ផ្នែក​នៃ​​សន្តិសុខ​ម្ហូបអាហារ​និងថាមពល​។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​​ក៏មិនបានស្តាប់​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក លោក អានតូនី ប្ល៊ីន​​កែន (Antony Blinken) ​ ថ្លែង​ដែរ​។

​VOA បានដកស្រង់​សម្តី​លោក ប្ល៊ី​ន​​កែន ដូច​បាន​ថ្លែងថា៖​«ចំពោះ​សហកា​រី​រុស្ស៊ី​របស់យើងៈ អ៊ុយ​​ក្រែន​មិនមែន​ជា​ប្រទេសរបស់អ្នក។ វា​មិនមែន​ជា​ធញ្ញជាតិ​របស់អ្នក​ទេ។ ហេតុអ្វី​អ្នក​បិទខ្ទប់​​កំពង់ផែ? អ្នក​គួរតែ​​អនុញ្ញាត​ឲ្យ​នាំ​ចេញ​គ្រាប់​ធុញជាតិ»។

កិច្ច​ពិភាក្សាទល់មុខគ្នា​ជាលើកដំបូង​រវាង​គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំង​ពីកិច្ច​ប្រជុំ​​​ដែល​គ្មាន​ដំណោះស្រាយ​នយោបាយ​បញ្ចប់​សង្គ្រាម​​និង​បើក​ច្រក​សម្រាប់​នាំ​ចេញ​ ​នៅទីក្រុង​អ៊ីស្តង់ប៊ុល​​កាល​ពីថ្ងៃទី២៩​ខែ​មីនា​​​ក្រោយ​រុស្ស៊ី​ឈ្លាន​ពាន​​ប្រមាណ​១ខែ។ ក្រោយ​ពី​នោះ​មក​មាន​​ការ​គំរាមកំហែង​នៃ​ការ​ខ្វះខាត​ស្បៀងអាហាររីករាល​ដាល​នៅទូទាំង​តំបន់​ក្រីក្របំផុត​នៃពិភពលោក។

អ៊ុយក្រែន​​​ជា​​ប្រទេស​​នាំ​ចេញ​​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ដ៏​សំខាន់​ដូច​ជា​ស្រូវ​សាលី​ និង​ពោត។​​​ អ៊ុយក្រែន​ក៏​បាន​ផ្គត់ផ្គង់​ជិត​ពាក់​កណ្តាល​នៃ​ប្រេង​ផ្កា​ឈូករ័ត្ន​ទាំងអស់​ដែល​ត្រូវ​បាន​ជួញ​ដូរ​​នៅ​លើ​ទីផ្សារ​ពិភពលោក។

លោក Lyubov Mozhayeva អ្នកជំនាញខាងកសិកម្មអាយុ​៦០​ឆ្នាំបាន​ប្រាប់ទីភ្នាក់ងារ​បារាំង​ AFP​ ថា​​៖​​«​អ្នក​មិន​អាច​រត់គេច​ពី​សង្រ្គាម​បានទេ ហើយអ្នកមិនដឹងថាវានឹង​នាំ​អ្នក​ទៅ​ណា​ទេ»។

AFP បាន​លើក​ឡើង​ថា​ការចរចានៅអ៊ីស្តង់ប៊ុលកំពុងមានភាពស្មុគស្មាញដោយការ​សង្ស័យ​កាន់តែ​​ខ្លាំងឡើងថា រុស្ស៊ី​កំពុង​ព្យាយាម​នាំចេញគ្រាប់ធញ្ញជាតិដែល​ខ្លួន​បាន​លួច​ពីកសិករ​អ៊ុយក្រែន​នៅក្នុង​តំបន់​ដែល​ស្ថិត​នៅក្រោមការ​គ្រប់គ្រងរបស់រុស្ស៊ី​។

ទិន្នន័យរបស់ទីភ្នាក់ងារអវកាសអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ២២​ភាគរយ​នៃ​ដីស្រែ​របស់​អ៊ុយក្រែន​បានធ្លាក់​នៅ​ក្រោមការ​គ្រប់គ្រង​របស់​រុស្ស៊ី​ចាប់តាំង​ពីការ​ឈ្លានពាន​​ថ្ងៃ​ទី២៤​​ខែ​កុម្ភៈ។

របាយការណ៍របស់អង្គការសហប្រជាជាតិ​ដែលលើក​ឡើង​ដោយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​កន្លងមក​ ប្រទេសចំនួន ៩៤ ដែលត្រូវបានប៉ាន់ប្រមាណ ដែលមានប្រជាជនប្រហែល ១,៦​ពាន់​លាននាក់ «ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅនឹង​វិបត្តិ​ស្បៀងអាហារ​ និងមិនអាចទប់ទល់ វា​បានទេ»។

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner