ប្រ​មុខ​ប្រទេស​អាមេរិក​និង​ចិន​​ជួប​ជជែក​តាមទូរស័ព្ទ​លើក​ទី៥ ក្រោម​បរិយាកាស​​ពិភពលោកដ៏សែន​អាប់អួ

មេដឹកនាំប្រទេសមហាអំណាចពីរ គឺសហរដ្ឋអាមេរិកដែលដឹកមុខផ្នែកលទ្ធិប្រជាធិបតេយ្យ និងចិនដែលប្រកាន់របបដឹកនាំប្រទេសតាមបែបកុម្មុយនីស នឹងជួបជាជែកគ្នាតាមទូរស័ព្ទលើកទី៥នៅថ្ងៃនេះ ក្រោមសម្ពាធនៃឥទ្ធិពលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បញ្ហាតៃវ៉ាន់ បញ្ហាសន្តិសុខ និងកត្តាសេដ្ឋកិច្ចផ្សេងៗទៀត។

បញ្ហាកោះតៃវ៉ាន់តែងតែជាចំណុចដ៏រសើបបំផុតសម្រាប់ជំនួបមេដឹកនាំចិននិងអាមេរិករៀងរាល់លើក ប៉ុន្តែជំនួបលើកនេះអាចកាន់តែរសើបខ្លាំង ដោយសារព័ត៌មាននៃការធ្វើទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់ ដោយរដ្ឋបាលរបស់លោកបៃដិនទំនងជាមិនអាចគ្រប់គ្រងឬឃាត់ដំណើររបស់លោកស្រីបាន។

នៅមុនការសន្ទនាតាមទូរស័ព្ទសម្រាប់ប្រមុខប្រទេសមហាអំណាចទាំងពីរ ដែលត្រូវគេរៀបចំឡើងនៅថ្ងៃព្រហស្បត្តិ៍នេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់វិមានប្រធានាធិបតីអាមេរិក (សេតវិមាន) លោក John Kirby បាននិយាយថា របៀបវារៈសម្រាប់ការពិភាក្សាតាមទូរស័ព្ទនៃប្រមុខប្រទេសទាំងពីរគឺមានច្រើន។

លោក Kirby បាននិយាយអំពីប្រធានបទដែលត្រូវពិភាក្សាថា «អ្វីគ្រប់យ៉ាងចាប់ពីភាពតានតឹងជុំវិញតៃវ៉ាន់ រហូតដល់សង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងរបៀបដែលយើងគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ប្រាកដណាស់នៅក្នុងវិស័យសេដ្ឋកិច្ច»។

បណ្តាញព័ត៌មាន CNN របស់អាមេរិក បានផ្សាយថា លោកប្រធានាធិបតី ចូ បៃដិនបានទទួលស្គាល់ថា លោកបានរៀបគម្រោងនិយាយជាមួយសមភាគីចិន អំឡុងពេលជួបពិភាក្សាតាមអនឡាញពីចម្ងាយនោះ ក៏នឹងផ្តោតលើបញ្ហាអភិវឌ្ឍបន្ទះឈីប។

បណ្តាញព័ត៌មាន Bloomberg បានផ្សាយថា មន្ត្រីសេតវិមានបានអះអាងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាប្រធានបទដែលទំនងលើកឡើងក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរបស់ប្រមុខថ្នាក់ដឹកនាំទាំងពីរប្រទេសនេះ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការគ្រប់គ្រងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏នឹងជាការផ្តោតសំខាន់នៃការសន្ទនាតាមទូរស័ព្ទនេះដែរ។

លោកបានបន្តថា ប៉ុន្តែពន្ធមិនទំនងជាត្រូវពិភាក្សានោះទេ។

លោក Kirby បាននិយាយអំពីពន្ធគយថា៖«ខ្ញុំនឹងមិនគិតថា វានឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សាជាមួយនឹងលោកប្រធានាធិបតី ស៊ី លុះត្រាតែឬរហូតដល់គាត់ធ្វើការសម្រេចចិត្ត»។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា៖«នេះគឺជាការហៅទូរស័ព្ទដែលត្រូវបានគេកំណត់ពេលជាយូរមកហើយ ហើយមានរបៀបវារៈដ៏រឹងមាំមួយសម្រាប់មេដឹកនាំទាំងពីរជជែកគ្នា»។

យោងតាមសេចក្តីរាយការណ៍ ការសន្ទនាតាមទូរស័ព្ទលើកនេះជាលើកទីប្រាំរវាងមេដឹកនាំ ហើយកើតឡើងនៅពេលដែលប្រទេសចិនបានធ្វើការព្រមានកាន់តែខ្លាំងដល់រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន អំពីដំណើរទស្សនកិច្ចដែលអាចធ្វើឡើងដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់ដែលតាមបែបប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួននោះ។

នៅក្រោមគោលនយោបាយ «ចិនតែមួយ (One-China Policy) »របស់ប្រទេសចិន ដែលនាំឲ្យសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចងក្រងដោយច្បាប់របស់សហរដ្ឋអាមេរិកក្នុងការផ្តល់ឲ្យកោះនេះនូវមធ្យោបាយផ្សេងៗដើម្បីការពារខ្លួន។

មន្ត្រីសេតវិមានបានបញ្ជាក់យ៉ាងរហ័សថា ជំហរនេះមិនបានផ្លាស់ប្តូរទេ បើទោះបីជាមានការរំពឹងទុកអំពីការធ្វើដំណើរដែលអាចធ្វើទៅបានដោយលោកស្រី Pelosi ក៏ដោយចុះ។

ភាពចម្រូងចម្រាសអំពីការធ្វើដំណើររបស់ប្រធានសភាទៅកាន់តៃវ៉ាន់ បានផ្ទុះឡើង បន្ទាប់ពីកាសែត Financial Times បានបង្ហាញថាលោកស្រីមានគម្រោងទៅទស្សនកិច្ចតៃវ៉ាន់ដើម្បីបង្ហាញការគាំទ្រ ខណៈដែលតៃវ៉ាន់រងសម្ពាធដែលចេះតែកើនឡើងពីប្រទេសចិនក្នុងបរិបទនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្កើនការភ័យខ្លាចចំពោះសកម្មភាពយោធារបស់ចិន លើកោះតៃវ៉ាន់។

មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ សូម្បីតែបណ្តាញសារព័ត៌មាន Financial Times ខ្លួនឯងដែលបានផ្សាយពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ អះអាងថា បានអះអាងថាប្រធានសភាអាមេរិកនឹងចូលទៅកាន់តែវ៉ាន់ ស្របពេលដែលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយត្រូវចុះចតនៅប្រទេសជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោក Kirby បាននិយាយថា លោកស្រី Pelosi ស្ថិតក្នុងជួរនៃការបន្តតំណែងប្រធានាធិបតី ហើយដូច្នេះ ការធ្វើដំណើរទៅក្រៅប្រទេសរបស់លោកស្រី គឺជាបញ្ហាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែមានតែលោកស្រីប៉ុណ្ណោះដែលអាចធ្វើការសម្រេចចិត្តអំពីការធ្វើដំណើររបស់គាត់បាន។

លោកបាននិយាយថា៖«ភាពច្របូកច្របល់» នៅក្នុងវោហាសាស្ត្រពីទីក្រុងប៉េកាំង ជុំវិញការធ្វើដំណើរប្រកបដោយសក្តានុពលនេះ ធ្វើឱ្យភាពតានតឹងកើនឡើង។

លោកបាននិយាយថា៖«យើងមើលឃើញថា មិនមានប្រយោជន៍ ហើយប្រាកដជាមិនចាំបាច់ទាល់តែសោះចំពោះស្ថានភាពនេះ»។

រដ្ឋបាលបានកំពុងជជែកគ្នាថាតើត្រូវដកពន្ធមួយចំនួនលើទំនិញចិនជាមធ្យោបាយមួយដើម្បីជំរុញសេដ្ឋកិច្ចអាមេរិកឬយ៉ាងណា ប៉ុន្តែលោក Kirby បាននិយាយថាការសម្រេចចិត្តមិនត្រូវបានគេរំពឹងទុកមុនការហៅទូរស័ព្ទនោះទេ។

ប្រមុខការពារជាតិចិន លោក Wei Fenghe បានព្រមានដោយត្រង់ៗនិងធ្ងន់ៗទៅកាន់តៃវ៉ាន់ និងប្រទេសសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ក្នុងពេលកិច្ចសន្ទនាសន្តិសុខក្នុងតំបន់ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីដើមខែមុន ថាចិននឹងប្រយុទ្ធរហូតដល់ទីបញ្ចប់សម្រាប់ការប៉ុនប៉ងណាមួយរបស់តៃវ៉ាន់ក្នុងការប្រកាសឯករាជ្យ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian របស់អង់គ្លេស។

កាសែតនោះ បានដកស្រង់សម្តី លោក Wei Fenghe ដូចដែលបាននិយាយថា៖«យើងនឹងប្រយុទ្ធទោះបង់តម្លៃណាក៏ដោយ ហើយ យើងនឹងប្រយុទ្ធរហូតដល់បញ្ចប់។ នេះជាជម្រើសតែមួយគត់របស់ចិន» ដោយលោកបានហៅតៃវ៉ាន់ថា«ដំបូងគេ និងសំខាន់បំផុតរបស់ចិន»។

លោកបន្ថែមថា៖«អ្នកដែលបន្តទាមទារឯករាជ្យរបស់តៃវ៉ាន់ក្នុងការប៉ុនប៉ងបំបែកចិន ច្បាស់ជានឹងមិនមានទីបញ្ចប់ល្អទេ។ គ្មាននរណាម្នាក់គួរមើលស្រាលការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិនក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនឡើយ»។

លោក ចូ បៃដិន អាចឈានទៅរកការអំពាវនាវជាមួយនឹងការជំរុញផ្នែកសេដ្ឋកិច្ច ប្រសិនបើសភាអាមេរិកអនុម័តច្បាប់ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រហែល៥២ពាន់លានដុល្លារអាមេរិក សម្រាប់ការឧបត្ថម្ភធនសម្រាប់ឧស្សាហកម្មផលិតឧបករណ៍ពាក់កណ្តាលចម្លង (semiconductor) របស់សហរដ្ឋអាមេរិក ក៏ដូចជាឥណទានពន្ធវិនិយោគសម្រាប់រោងចក្រផលិតបន្ទះឈីបដែលប៉ាន់ស្មានថាមានតម្លៃ ២៤ពាន់លានដុល្លារអាមេរិក។

ការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះឈីបនេះ ត្រូវលោកបៃដិនជំរុញថាមានសារៈសំខាន់សម្រាប់ការប្រកួតប្រជែងជាមួយប្រទេសចិនខាងសេដ្ឋកិច្ច។

ការរំពឹងទុកនៃការធ្វើដំណើររបស់លោកស្រី Pelosi គឺមានតែមួយគត់នៅក្នុងបញ្ជីនៃការខ្វែងគំនិតគ្នាជាយូរយាណាស់មកហើយ ដែលធ្វើឲ្យទំនាក់ទំនងអាមេរិក និងចិនមានការបែកបាក់រកឱកាសផ្សះផ្សារគ្មាន។

កាលពីព្រឹកថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់អាមេរិកបានចោទប្រកាន់ចិនថាបានបង្កើន «ការបង្កហេតុ» ប្រឆាំងនឹងគូប្រជែងទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ហើយបាននិយាយថា «អាកប្បកិរិយាដ៏គឃ្លើន និងគ្មានការទទួលខុសត្រូវ» ដោយកប៉ាល់ និងយន្តហោះចិន ហើយចាត់ទុកថា វាគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលឧបទ្ទវហេតុ ឬឧប្បតិ្តហេតុធំមួយប៉ុណ្ណោះ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងក្លាយជាដំណើរលើកដំបូងរបស់ប្រធានសភាសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៧ ហើយប្រទេសចិនបាននិយាយថា ខ្លួនបានត្រៀមខ្លួនដើម្បីចាត់វិធានការដ៏ខ្លាំងក្នុងការឆ្លើយតប៕

ប្រភព៖ Straist Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner