មនុស្សយ៉ាងហោចណាស់ ១៥នាក់ ស្លាប់ក្នុងបាតុកម្មប្រឆាំង UN នៅកុងហ្គោ
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ៣នាក់ និងជនស៊ីវិលយ៉ាងហោចណាស់ ១២ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ក្នុងបាតុកម្មប្រឆាំងអង្គការសហប្រជាជាតិនៅតំបន់ភាគខាងកើត ដែលពេញដោយភាពច្របូលច្របល់នៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
បាតុកម្មផ្ទុះឡើងកាលពីថ្ងៃចន្ទដោយហ្វូងមនុស្សដើរដង្ហែតាមដងផ្លូវនៃក្រុងGomaក្នុងខេត្តNorth Kivuដើម្បីប្រឆាំងនឹងបេសកកម្មស្ថេរភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(MONUSCO)ដែលក្រុមបាតុករចោទថា បរាជ័យក្នុងការការពារជនស៊ីវិលប្រឆាំងនឹងអំពើហិង្សាពីក្រុមប្រដាប់អាវុធផ្សេងៗក្នុងតំបន់។
បាតកម្មដែលចាប់ផ្ដើមឡើងដោយសន្តិភាពបានប្រែក្លាយទៅជាហិង្សានិងរាលដាលទៅកាន់ក្រុង២ផ្សេងទៀតរួមមានក្រុងBeni និងButembo នៅថ្ងៃអង្គារ។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកុងហ្គោលោកPatrick Muyaya មនុស្ស ៥នាក់បានស្លាប់នៅក្នុងទីក្រុងGoma និងប្រហែល៥០នាក់ផ្សេងទៀតបានរងរបួស ខណៈមេប៉ូលិសក្នុងតំបន់ លោកPaul Ngoma និយាយថា ជនស៊ីវិល ៧នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងButembo ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្រុងGoma និងButembo រងការចោទប្រកាន់ថាវាយបកទៅក្រុមបាតុករដោយកម្លាំង ខណៈក្រុមបាតុកររាប់រយនាក់គប់ដុំថ្ម និងគ្រាប់បែកសាំង បំផ្លិចបំផ្លាញ និងដុតអគាររបស់អង្គការសហប្រជាជាតិ។
ចំណែកបេសកកម្ម UN វិញនិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងរក្សាសន្តិភាពម្នាក់ និងមន្ត្រីប៉ូលិសរបស់ខ្លួន២នាក់ក៏ត្រូវបានសម្លាប់នៅក្នុងទីក្រុងButembo ផងដែរ។UN និយាយថា ក្រុមបាតុករបាន«ឆក់យកអាវុធដោយហិង្សា» ពីប៉ូលីសកុងហ្គោ ហើយបាញ់ទៅលើកងកម្លាំងរក្សាសន្តិភាព ហើយក៏បានគប់ដុំថ្ម និងគ្រាប់បែកសាំង វាយលុកចូលមូលដ្ឋានរបស់ខ្លួន លួច និងបំផ្លិចបំផ្លាញសម្ភារៈបរិក្ខារនានា។
លោកFarhan Haq អ្នកនាំពាក្យUN និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោកអគ្គលេខាធិការអង់តូនីញ៉ូ ហ្គូតែរ៉េសបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានេះ និងគូសបញ្ចាក់ថា៖ «ការវាយប្រហារណាមួយដែលសំដៅលើកងកម្លាំងរក្សាសន្តិភាពរបស់UNអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ហើយអំពាវនាវឱ្យអាជ្ញាធរកុងហ្គោស៊ើបអង្កេតឧប្បត្តិហេតុទាំងនេះ ហើយនាំអ្នកទទួលខុសត្រូវមកកាត់ទោសឱ្យបានឆាប់រហ័ស»។
ខណៈមានសេចក្ដីរាយការណ៍ថាកងកម្លាំងUN បាញ់បកសម្លាប់បាតុករនៅក្រុងGomaលោកHaqនិយាយថា ពួកគេត្រូវបានគេណែនាំឱ្យប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ហើយមានតែការបាញ់ព្រមានប្រសិនបើចាំបាច់។
បាតុកម្មចុងក្រោយបំផុតនេះ ផ្ទុះកើតឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាកុងហ្គោលោកModeste Bahati Lukwebo ប្រាប់អ្នកគាំទ្រនៅទីក្រុងGoma កាលពីថ្ងៃទី១៥ខែកក្កដាថាMONUSCO គួរតែ «វេចបង្វេញ» ចេញពីកុងហ្គោ ដោយសារតែ «ប្រតិបត្តិការគ្មានប្រសិទ្ធភាពរបស់ខ្លួន»។
MONUSCO ចូលធ្វើប្រតិបត្តិការក្នុងឆ្នាំ២០១០ ហើយមានទាហានជាង១២ ០០០ នាក់ និងប៉ូលីសចំនួន១ ៦០០ នាក់ ដែលដាក់ពង្រាយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែត្រូវដកចេញបណ្ដើៗខ្លះហើយ។ការចោទប្រកាន់ថា ប្រតិបត្តិការMONUSCOបានបរាជ័យ ធ្វើឡើងដោយមើលឃើញពីការបង្ហូរឈាមមិនឈប់ឈរក្នុងតំបន់ ដែលមានក្រុមប្រដាប់អាវុធជាង ១២០ រាតត្បាតបង្កហេតុនេះ។
បាតកម្មក៏ផ្ទុះឡើងស្របពេលដែល ក្រុមប្រដាប់អាវុធM23បន្តការលុកលុយរបស់ខ្លួនឡើងវិញកាលពីខែវិច្ឆិកាឆ្នាំមុន ខណៈការវាយប្រហារដោយពួកសកម្មប្រយុទ្ធមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាមបន្តកើនឡើងទោះបីជាមានការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ និងប្រតិបត្តិការរួមគ្នាប្រឆាំងនឹងក្រុមអសន្តិសុខទាំងនោះពីកងទ័ពកុងហ្គោ និងអ៊ូហ្គង់ដាក្ដី។

ប្រភព៖ Aljazeera