ហេតុអ្វីបំពង់បង្ហូរហ្គាស Nord Stream 1 សំខាន់សម្រាប់អឺរ៉ុប?
ភាពឆ្លេឆ្លារបស់សហភាពអឺរ៉ុបលើវិស័យថាមពលនាពេលនេះកំពុងបង្ហាញឱ្យឃើញការពឹងផ្អែកខ្លាំងយ៉ាងជាក់ច្បាស់របស់ខ្លួនលើថាមពលរុស្ស៊ី ដែលប្លុកចាប់ផ្ដើមដាក់ទណ្ឌកម្មប្រឆាំងក្រោយការឈ្លានពានអ៊ុយក្រែនផ្ទុះឡើងនៅចុងខែកុម្ភៈ។
ការព្រួយបារម្ភផ្សេងៗ រួមទាំងលទ្ធភាពដែលថារុស្ស៊ីអាចនឹងសងសឹកដោយកាត់ផ្ដាច់ការផ្គត់ផ្គង់ហ្គាសទាំងស្រុង ធ្វើឱ្យមានការព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ លើផែនការស្ម័គ្រចិត្តសន្សំហ្គាស ១៥ ភាគរយរបស់សហភាពដើម្បីជៀសវាងវិបត្តិនៅរដូវរងាចន្លោះពីខែសីហា រហូតដល់ខែមីនាឆ្នាំក្រោយ ខណៈការកាត់បន្ថយនេះអាចនឹងក្លាយជាកាតព្វកិច្ចបើសិនប្លុកប្រឈមមុខនឹងការអស់ហ្គាសខ្លាំង។
ទន្ទឹមនឹងការឆ្លេឆ្លា ឆ្លងកាត់នូវភាពចម្រូងចម្រាស់និងការមិនមូលមតិគ្នាផ្ទៃក្នុងបំពង់បង្ហូរហ្គាសNord Stream 1 ត្រូវបានគេមើលឃើញថាជាចំណុចស្នូលសំខាន់មួយនៃសង្រ្គាមថាមពលរវាងសហភាពអឺរ៉ុប និងរុស្ស៊ី។
ខណៈសហភាពចោទរុស្ស៊ីថាយកបញ្ហាហ្គាសធ្វើជាអាវុធគំរាមកំហែងប្លុក ក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Gazpromបានប្រកាន់កាត់បន្ថយលំហូរហ្គាសរបស់ខ្លួនតាមរយៈបំពង់Nord Stream 1ទៅអាល្លឺម៉ង់មកត្រឹម ២០ % នៃសមត្ថភាពបង្ហូរក្នុង១ថ្ងៃ ឬស្មើនឹង ៣៣ លានម៉ែត្រគូប/ថ្ងៃដោយលើកឡើងពីបញ្ហាបច្ចេកទេសលើការថែទាំ។
Nord Stream 1ដែលមួយភាគធំគ្រប់គ្រងដោយក្រុមហ៊ុន Gazpromគឺបំពង់បង្ហូរហ្គាសរុស្ស៊ីដ៏ធំ និងសំខាន់បំផុត ដែលឆ្លងកាត់សមុទ្របាល់ទិក ចូលទៅសហភាពអឺរ៉ុបតាមអាល្លឺម៉ង់។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloombergច្រើនជាង ១/៣ នៃការផ្គត់ផ្គង់ហ្គាសរបស់រុស្ស៊ីទៅប្លុកអឺរ៉ុបនេះក្នុងឆ្នាំ ២០២១ត្រូវបានបង្ហូរតាមរយៈបំពង់Nord Stream 1ជាមួយនឹងសមត្ថភាពបង្ហូរខ្ពស់បំផុតប្រហែល ១៦៧ លានម៉ែត្រគូប/ថ្ងៃ។ឆ្នាំដដែលនោះ សហភាពអឺរ៉ុបពឹងផ្អែកលើហ្គាសរុស្ស៊ីរហូតដល់ ៤០ ភាគរយ។
នៅខែមិថុនា រុស្ស៊ីបានកាត់បន្ថយលំហូរហ្គាសតាមបំពង់Nord Stream 1មកត្រឹម៤០ភាគរយនៃសមត្ថភាពបង្ហូរ ដោយលើកឡើងពីការពន្យារនៃការជួសជុលដោយចាំយកទួរប៊ីនរបស់ក្រុមហ៊ុនSiemens Energy ពីកាណាដាវិញដែលរាំងស្ទះ «ដោយសារទណ្ឌកម្មលោកខាងលិច»។ ហេតុផលដូចគ្នាក៏ត្រូវបានលើកឡើងពីការកាត់ផ្ដាច់លំហូរមកត្រឹម ២០ ភាគរយចាប់ពីថ្ងៃពុធនេះផងដែរ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពឹងផ្អែកថាមពលរុស្ស៊ីខ្លាំងជាងគេក្នុងប្លុកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា៖ «យោងតាមព័ត៌មានដែលយើងមាន វាគ្មានហេតុផលបច្ចេកទេសដើម្បីឱ្យរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ដូចនេះទេ»។
ខណៈវិមានក្រឹមឡាំងនិយាយថាការកាត់បន្ថយបង្កឡើងដោយបញ្ហាថែទាំ និងឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិចផ្ទាល់ប្រធានគោលនយោបាយថាមពលសហភាពអឺរ៉ុបលោកKadri Simson ហៅទង្វើចុងក្រោយរបស់រុស្ស៊ីថាធ្វើឡើងដោយ «មានចេតនានយោបាយ»។
ការថយចុះជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ហ្គាសតាមរយៈNord Stream 1 ទំនងជាធ្វើឱ្យប្រទេសនានាមានការលំបាកក្នុងការដកដង្ហើមសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសនៅរដូវរងាខាងមុខ ដែលការប្រើប្រាស់ហ្គាសនឹងកើនឡើងកាន់តែខ្ពស់ ហើយតម្លៃថាមពលក៏ឡើងថ្លៃ។
អ្នកនយោបាយនៅអឺរ៉ុបនិយាយថា រុស្ស៊ីអាចកាត់ផ្តាច់លំហូរហ្គាសនៅរដូវរងានេះ ដែលនឹងរុញប្រទេសអាឡឺម៉ង់ឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងនាំឱ្យតម្លៃកើនឡើងបន្ថែមសម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប ដែលប្រឈមមុខនឹងតម្លៃអាហារ និងថាមពលខ្ពស់រួចស្រាប់ហើយ។ បន្ទពីលើនេះ ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រីUrsula von der Leyen និយាយថាវាគឺជា «សេណារីយ៉ូដែលទំនងមួយ»។
កន្លងមកក្រុមហ៊ុនGazprom កាត់បន្ថយការផ្គត់ផ្គង់ហ្គាសទាំងស្រុងរួចហើយទៅប៊ុលហ្គារី ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ និងប៉ូឡូញ ជុំវិញការបដិសេធរបស់ប្រទេស «អមិត្ត» ទាំងនេះក្នុងការអនុលោមតាមបញ្ជារបស់វិមានក្រឹមឡាំងដែលទាមទារឱ្យធ្វើការទូទាត់ការចំណាយជាប្រាក់រូប្លិ៍របស់រុស្ស៊ី។

ប្រភព៖ Aljazeera