មនុស្ស ៣២ នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសតួកគី
អ៊ីស្តានប៊ុល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣២ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា ក្នុងប្រទេសតួកគី។
ទីភ្នាក់ងារព័ត៌មាន DHA ថា គ្រោះថ្នាក់ចរាចរណ៍លើកដំបូង គឺទាក់ទិននឹងរថយន្តក្រុង និងរថយន្តសង្គ្រោះ បានសម្លាប់មនុស្ស ១៦ នាក់ និង ២១ នាក់ទៀតរងរបួស នៅលើផ្លូវហាយវេក្នុងខេត្ត Gaziantep កាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា។
អភិបាលខេត្ត លោក Davut Gul បាននិយាយថា ឧបទ្ទវហេតុនេះបានជាប់ពាក់ព័ន្ធនឹង “រថយន្តក្រុង ក្រុមសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះ” នៅលើផ្លូវ រវាងរដ្ឋធានីរបស់ខេត្ត Gaziantep និង ក្រុង Nizip ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ទៀតថា គ្រូពេទ្យចំនួន៤ នាក់ អ្នកពន្លត់អគ្គីភ័យ ៣ នាក់ និងអ្នកកាសែតពីរនាក់មកពីទីភ្នាក់ងារព័ត៌មាន Ilhas របស់ប្រទេសតួកគី ស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ។
អាជ្ញាធរមានសមត្ថកិច្ចកំពុងសាកសួរ អ្នកបើកបររថយន្តក្រុង ចំពោះឧប្បត្តិហេតុដែលគេចាត់ទុកថាសាហាវនេះ។
ករណីទី២ មានមនុស្សយ៉ាងតិច ១៦នាក់បានស្លាប់ និងជិត ៣០នាក់រងរបួស បន្ទាប់ពីអ្នកបើកបររថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងនៅ Derik ក្នុងខេត្ត Mardin កាលពីថ្ងៃសៅរ៍ដែរ ។នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី Fahrettin Koca បានសរសេរនៅលើ Twitter ។
លោក Koca បានសរសេរថា ឧបទ្ទវហេតុនៅ Derik ក្នុងខេត្ត Mardin “បានកើតឡើងបន្ទាប់ពីហ្វ្រាំងឈប់នៅលើឡានដឹកទំនិញដែលបានបុកហ្វូងមនុស្ស” Koca ។ លោកបានបន្ថែមថា មនុស្ស ២៦ នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ៦ នាក់របួសធ្ងន់៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត



